កញ្ញា​កាយ លីតា ​ប្ដឹង​អតីត​ចៅ​អធិការ​វត្ត​ភ្នំ​បាក់​លើ ​ទាមទារ​សំណង​៥​ម៉ឺន​ដុល្លារ ​ពី​បទ​រំលោភ

Spread the love

បន្ទាយមានជ័យ​ ៖ ​រឿង​​អាស្រូវ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ រវាង​​អតីត​ព្រះ​ចៅ​អធិការ​វត្ត​ភ្នំ​បាក់​លើ ​ស្រិល វណ្ណា និង​កញ្ញា​រូប​ស្រស់​កាយលីតា ​កាន់តែ​វិវឌ្ឍ​ទៅ​មុខ​ហើយ​ ​ដោយ​ភាគី​ខាង​ស្រី​ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដោយ​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​​៥​ម៉ឺន​ដុល្លារ ​ចោទ​ពី​បទ​រំលោភ។

របាយការណ៍​របស់​ស្នងការដ្ឋាន នគរបាល​ខេត្ត​បន្ទាយមានជ័យ ​​​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ទទួល​បណ្តឹង​ពី​ឈ្មោះ កាយ លី​តា ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ប្តឹង​រាយការណ៍​ថា នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​០២​យប់​ឈ្មោះ ស្រិល វណ្ណា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​ចៅអធិការ​វត្តភ្នំ​បាក់​លើ ក្នុង​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ បានមក​សុំ​សឹង (​សុំ​ដេក​) នៅផ្ទះ​របស់ខ្លួន​ចំនួន​០២​យប់។

របាយការណ៍​ដដែល​បន្ត​ថា លុះដល់​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​២១៖០០​នាទី​យប់ ខ្លួន​បាន​យក​ភេសជ្ជៈ​ទៅ​ប្រគេន​លោក (​លោកសង្ឃ ស្រិល វណ្ណា​) ហើយ​ត្រូវបាន​ព្រះសង្ឃ​អង្គ​នេះ ​​ចាប់​បង្ខំ​រួមភេទ​ជាមួយ​ខ្លួន រហូត​បានសម្រេច​ដោយ​សន្យា​ថា​ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នឹង​លាចាក​សិក្ខាបទ​ចូល​ស្ដីដណ្ដឹង​យក​ធ្វើជា​ប្រពន្ធ លុះ​ពេល​បាន​ខ្លួនប្រាណ​ហើយ​ឈ្មោះ ស្រិល វណ្ណា បាន​បិទ​ទូរស័ព្ទ​មិន​ព្រម​ចូល​មក​ដោះស្រាយ​ជាមួយ​ខ្លួន ទើប​ខ្លួន​បង្ហោះ​ឃ្លីប​វីដេអូ​ដែល​លោកសង្ឃ ស្រិល វណ្ណា បាន​ប្រឡែង​ជាមួយ​ខ្លួន និង​ឆាន់​ពោត​ស្ងោ​នោះ​ឲ្យ​សាធារណជន និង​លោកសង្ឃ ស្រិល វណ្ណា បានឃើញ ព្រមទាំង​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ជូន​ខ្លួន និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០០០០​ដុល្លារ។

របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​បញ្ជាក់​ទៀត​ថា ​ករណី​នេះ​ជំនាញ​យើង កំពុង​ស្នើសុំ​ទៅ​អយ្យការ​ដើម្បី​បើក​ការ​ស៊ើប​អង្កេត​បឋម។

សូម​បញ្ជាក់​ថា ​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ​នៅតែ​ចែករំលែក​យ៉ាង​ព្រោងព្រាត​លើ​ករណី​រឿង​អាស្រូវ​រវាង​ព្រះសង្ឃ​មួយ​អង្គ ​ជាមួយ​នឹង​នារី​វ័យ​ក្មេង​ម្នាក់ ​បើ​ទោះ​បី​សង្ឃ​អង្គ​នោះ ​ត្រូវ​បាន​ចាប់​ផ្សឹក​ហើយ​ក៏ដោយ។

ចំពោះ​រឿង​ប្រុស​ប្រកែក ​ស្រី​ប្រកាន់​ខាង​លើ​នេះ ​​មាន​ការ​ជជែក​វែកញែក​​ និង​ចែក​រំលែក​ល្បី​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​ដោយ​មតិ​ខ្លះ​គាំទ្រ​ខាង​អតីត​ចៅ​អធិការ ​និង​មតិ​ខ្លះ​ទៀត ​គាំទ្រ​នារី​រូប​ស្រស់​កាយលីតា។ ទោះ​បី​ជា​យ៉ាង​ណា ​ក៏​មិន​ទាន់​រក​​​​ស​ខ្មៅ​ឃើញ​នៅ​ឡើយ ​រហូត​មក​ដល់​ពេល​នេះ ​ដូច្នេះ​ មាន​តែ​ទុក​នាទី​នេះ​ជូន​សមត្ថកិច្ច ​​ហើយ​ចាំ​តាមដាន​ទាំង​អស់​គ្នា​ ថា ​​​ខាង​ណា​ខុស ​​ខាង​​ណា​ត្រូវ ​ឬ​ក៏​មាន​ចំណែក​ខុស​ទាំង​២​នាក់​នោះ៕

​​​

​​

Facebook Comments

អត្ថបទទាក់ទង