ករណី​ទេព បូព្រឹក្ស​ ​រង​​នូវ​អំពើ​ហិង្សា ​កំពុង​កក្រើក​អស់​អ្នក​សិល្បៈ​ និង​បណ្ដាញ​សង្គម

Spread the love

ភ្នំពេញ ​៖​ គិត​ចាប់តាំង​ពី​វេលា​ម៉ោង​ប្រមាណ​ជាង​១០​យប់​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ​​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ឆ្នាំ​ដដែល ​ករណី​តារា​ចម្រៀង​ហង្ស​មាស​កញ្ញា ទេព បូ​ព្រឹក្ស ដែល​រង​នូវ​អំពើ​ហិង្សា​ដោយ​ការ​យក​កំប៉ុង​ស្រា​បៀរ​គប់​លើ​ និង​ការ​ប្រើ​សម្ដី​ប្រមាថ​ពី​សំណាក់​​កូន​ម្ចាស់​ហាង សមុទ្រ ខណៈ​​​​​នាង​កំពុង​ឡើង​ច្រៀង​លើ​ឆាក​តន្ត្រី​នោះ, ​បាន​កំពុង​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​ និង​កក្រើក​អស់​ពិភព​សិល្បៈ​រួម​ទាំង​មជ្ឈដ្ឋាន​មហាជន​ជាមួយ​ការ​ទាមទារ​យុត្តិធម៌។

ជា​ការ​កត់សម្គាល់​ ​ បន្ទាប់ពី​តារា​ចម្រៀង​ស្រី​កញ្ញា ទេព បូ​ព្រឹក្ស ​​បាន​រង​នូវ​អំពើ​ហិង្សា​ទាំង​កណ្តាល យប់​បង្ក​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ដល់​មហាជន​នេះ​ដែរ​ ភ្លាមៗ​នោះ​ ក៏​មាន​ការ​ចែករំលែក​យ៉ាង​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នូវ​ដំណឹង​​​​ដ៏​ក្ដៅ​មួយ​នេះ។ ខណៈ​មាន​មហាជន​ និង​អ្នក​សិល្បៈ​ខ្មែរ​ស្ទើរ​មួយ​ប្រទេស ​ក៏បាន​រិះគន់​យ៉ាង​ចាស់ដៃ​ និង​​​ទាមទារ​រក​យុត្តិធម៌​ជូន​កញ្ញា ទេព បូ​ព្រឹក្ស ផង​នោះ។

មិន​ខុសគ្នា​ពី​អ្នកសិល្បៈ​រួម​អាជីព​ឬ​មជ្ឈដ្ឋាន​មហាជន​ខ្មែរ​នោះ​ទេ​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បន្ទាប់ពី​ទទួល​បាន​ដំណឹង​និង​ព័ត៌មាន​ដ៏​អយុត្តិធម៌​ខាង​លើ​នេះ, ​ ​​​​យប់​​មិញ​នេះ​នាង​ក៏បាន​បញ្ចេញ​សារ​រិះគន់​និង​ថ្កោលទោស​លើ​ទង្វើ​​ខ្វះ​ការពិចារណា​របស់​​កូន​ថៅកែ​ហាង សមុទ្រ ខាង​លើ​នេះ។ មិនតែប៉ុណ្ណោះ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏បាន​ប្រកាស​ទាមទារ​​រក ​យុត្តិធម៌​និង​ធានា​ផ្តល់​មេធាវី​តាមផ្លូវ​ច្បាប់​ដល់​កញ្ញា ទេព បូ​ព្រឹក្ស ផង​ដែរ។

សូម​បញ្ជាក់​ថា ​តារា​ចម្រៀង​ស្រី​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ហង្ស​មាសក​ញ្ញា ទេព បូ​ព្រឹក្ស កាលពី​យប់មិញ​ ​បាន​រង​នូវ​អំពើ​ហិង្សា​ដោយ​ការ​ជេរប្រមាថ​និង​គប់​កំប៉ុង​ស្រា​បៀរ​ពី​សំណាក់​កូនប្រុស​ ​ថៅកែ​ហាង​លក់​គ្រឿង​សមុទ្រ​ ​ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំងយប់​។​ ចំពោះ​ទីតាំង​ភោជនីយដ្ឋាន​យីហោ សមុទ្រ នេះ​គឺ​ស្ថិតនៅ​ជិត​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

បើ​តាម​ការ​រៀបរាប់​នៅ​ក្នុង​ការ​Live​វីដេអូ​របស់​សាមីខ្លួន​កញ្ញា​ទេព បូ​ព្រឹក្ស​ដែល​កំពុង​ស្ថិតនៅក្នុង​ហេតុការណ៍​ខាង​លើ​នេះ ​នាង​បាន​និយាយ​ទាំង​ស្រែក​ទ្រហោ​យំ​បង្ក​ការ​ភ្ញាក់ផ្អើល​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​នាង​ទទួល​បានការ អញ្ជើញ​ជា​តា​រា​កិត្តិយស​ដើម្បី​ចូលរួម​ចម្រៀង​បង្ក​ការ​សប្បាយរីករាយ​នៅក្នុង​កម្មវិធី Hite X’mas Edition Party ដែល​ប្រព្រឹត្តទៅ​នៅ​ភោជនីយដ្ឋាន «​សមុទ្រ​» រៀបចំឡើង​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ហៃ Hite របស់​ប្រទេស​កូរ៉េ​ចាប់ពី​វេលា​ម៉ោង​១០​យប់​ហើយ​នៅ​ពេល​ដែល​នាង​មកដល់​វេលា​ម៉ោង​ប្រមាណ​៩​និង​៥០ ​ក៏​ត្រូវ​បាន​​​ម្ចាស់​ហាង​ខឹង​រហូត​ឡើង​ទៅ​ស្តី​បន្ទោស​នាង​ដល់​លើ​ឆាក​។​

កញ្ញា ពេ​ទ បូ​ព្រឹក្ស បាន​បន្ត​ទៀត​ថា ​ដោយសារ​មិន​ចង់​មាន​បញ្ហា​វែងឆ្ងាយ​ហើយ​ណាមួយ​នាង​ត្រូវ​ទៅ​ចូលរួម​ច្រៀង​កម្មវិធី​មួយទៀត​ផង​នោះ ​ក៏បាន​និយាយ​សម្រួល​សុំ​ថៅកែ​ហាង​និង​អ្នករៀបចំ​កម្មវិធី​ដើម្បី​ឡើង​ច្រៀង​នៅ​ម៉ោង​១០​ជាង​ ប៉ុន្តែ​ភ្លាមៗ​នោះ​ថៅកែ​ហាង​មិនបាន​និយាយ​តប​នាង​ទេ​ព្រោះ​ខឹង​ហើយ​នៅ​ពេល​ដែល​នាង​ឡើង​ច្រៀង​លើ​ឆាក​មិន​ទាន់​បាន​ប៉ុន្មាន​ផង ​ក៏​មាន​បុរស​ម្នាក់​យក​កំប៉ុង​ស្រា​បៀរ​មក​គប់​លើ​នាង​ធ្វើ​ឲ្យ​ខ្មាស​គេ​ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់​តែ​ម្ដង។ ករណី​នេះ​កំពុងតែ​ក្លាយ​ជា​ប្រធានបទ​ក្ដៅ ​និង​មាន​ទស្សនិកជន​ជាច្រើន​កំពុង​រង់ចាំ​មើល​ដំណោះស្រាយ​បន្ត​ពី​សំណាក់​ថៅកែ​ហាង​និង​កញ្ញា ទេព បូ​ព្រឹក្ស៕


Facebook Comments

អត្ថបទទាក់ទង