ករណី​មេ​PM​ខេត្តកំពង់ស្ពឺ​ពុក​រលួយ ​កាត់​លុយ​កូនចៅ​ទិញ​ផ្ទះ​៣៥​ម៉ឺន​ដុល្លារ​ ត្រូវ​បាន​លាតត្រដាង​ការពិត

Spread the love

កំពង់ស្ពឺ ​៖ ​​ថ្មីៗ​នេះ​ មាន​ករណី​បែកធ្លាយ ​និង​អំពាវនាវ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​មាន​វិធានការ​លើ​ករណី​មេ​PM​ខេត្តកំពង់ស្ពឺ​ប្រព្រឹត្ត​អំពើ​​ពុករលួយ​ក្រោយ​ឡើង​កាន់​តំណែង​រយៈពេល​៣​ឆ្នាំ​ អាច​មាន​លុយ​រហូតដល់​ទៅ​៣៥​ម៉ឺន​ដុល្លារ​ទិញ​ផ្ទះ​វីឡារ​ដ៏​ស្កឹមស្កៃ។ ករណីនេះ​ត្រូវបាន​ប្រភព​ទម្លាយ​ថា​ កើត​ចេញពី​ការ​កិបកេង ​និង​កាត់​លុយ​កូនចៅ​យក​ទៅ​ធ្វើ​អ្នកមាន។

បើ​យោង​តាម​ម្ចាស់​Account Facebook មួយ​មាន​ឈ្មោះថា ព្រាប សរ បាន​រិះគន់ ​និង​ស្នើ​​ដល់​សម្តេច​តេ​ជោ​ថា​ សូម​មើល​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ផង​សម្តេច ពុករលួយ​កាន់​៣​ឆ្នាំ ទិញ​ផ្ទះ​៣៥ ម៉ឺន​ដុល្លា កាត់លុយ​កូន​ទា​ហាន​ ស្រេច​តែ​ចិត្ត ដោយ​យក​លេស​ថា មូលនិធិ​នេះ​ មូលនិធិ​នោះ​ ប្រាក់ខែ​មួយ​ខែ​ចាយ​មិន​គ្រាន់​ផង។

ស្រប​ពេល​ ដែល​មានការ​ទម្លាយ​បែបនេះ​ភ្លាមៗ​នោះ ​ក៏មាន​ការ​ប្រតិកម្ម​ និង​ចេញមុខ​បញ្ជាក់​ការពិត​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី ថា​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឆ្លើយ​បំភ្លឺ ​ទៅ​នឹង​Account Facebook ឈ្មោះ ព្រាប សរ ដែល​បាន​លើក​ឡើង​ថា “​សូម​មើល​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ផង​សម្តេច ពុករលួយ​កាន់​៣​ឆ្នាំ ទិញ​ផ្ទះ​៣៥ ម៉ឺន​ដុល្លា កាត់លុយ​កូន​ទា​ហាន ស្រេច​តែ​ចិត្ត ដោយ​យក​លេស​ថាមូលនិធិ​នេះ​ មូលនិធិ​នោះ​ ប្រាក់ខែ​មួយ​ខែ​ចាយ​មិន​គ្រាន់​ផង”។

ខ្ញុំបាទ​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​ជម្រាប​ជូន​សាធារណជន​ជ្រាប​ថា នៅ​ថ្ងៃ​ចន្ទ ទី​៣០​ខែមេសា ឆ្នាំ​២០១៨​មាន​Account Facebook ឈ្មោះ​ ព្រាប សរ បាន​លើក​ឡើង comment ក្នុង Page ថ្នាក់ដឹកនាំ​ថា “​សូម​មើល​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ផង​សម្តេច ពុករលួយ​កាន់​៣​ឆ្នាំ ទិញ​ផ្ទះ​៣៥ ម៉ឺន​ដុល្លា កាត់​លុយ​កូន​ទា​ហាន ស្រេច​តែ​ចិត្ត ដោយ​យក​លេស​ថា​មូលនិធិ​នេះ​ មូលនិធិ​នោះ​ ប្រាក់ខែ​មួយ​ខែ​ចាយ​មិន​គ្រាន់​ផង។​”​។

ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី បញ្ជាក់ថា​ខ្ញុំបាទ​សូម​អរគុណ ​និង​ទទួលយក​ការ​ផ្តល់​ព័ត៌មាន ក៏ដូចជា​ការរិះគន់​មក​អង្គភាព​យើងខ្ញុំ ក្នុងន័យ​ស្ថាបនា​ធ្វើ​ឲ្យ​កងរាជអាវុធហត្ថ​កាន់​ទទួលបាន​នូវ​ការទុកចិត្ត​ពី​សំណាក់​សាធារណជន​។​

លោក​លើកឡើង​ទៀតថា ដោយ​ទទួលបាន​បទបញ្ជា​ពី​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ខ្ញុំបាទ​បាន​សួរ​នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ដោយផ្ទាល់ ដែល​កំពុង​ទទួល​ការអប់រំ​រៀនសូត្រ​នៅ​បញ្ជាការដ្ឋាន​តែម្តង​។ ខ្ញុំបាទ​បាន​សួរ​ពួកគាត់​ទាំង​សិក្ខាកាម​ពេលព្រឹក និង​ពេល​រសៀល​សរុប​ចំនួន​ប្រមាណ​១៦០​នាក់​អំពី​ការ​កាត់​ប្រាក់ខែ ពួកគាត់​បាន​ឆ្លើយ​ដោយស្មោះ​ត្រង់​ថា អត់​មាន​កាត់​ប្រាក់ខែ​ទេ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី និយាយថា ​ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំបាទ​សូម​ជម្រាបជូន​សាធារណជន​ឲ្យ​បាន​ជ្រាបថា​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា តែងតែ​ណែនាំ រំលឹក​ដាស់តឿន​ដល់​មេបញ្ជាការ​គ្រប់លំដាប់​ថ្នាក់​ក្នុង​កងរាជអាវុធហត្ថ ហាម​កាត់​គោលរ​បប​របស់ទ័ព​ជាពិសេស​ប្រាក់ខែ លើសពីនេះ​ទៀត គឺ​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យបំពេញ​បន្ថែម​លើ​គោល​របប​របស់​រដ្ឋ​ដូចជា​ការហូប​ឆ្អែត​អនាម័យ​។​ល​។​ជាមួយគ្នានេះ​កងរាជអាវុធហត្ថ​បានរួម​ចំណែក​យ៉ាងសំខាន់​នៅក្នុង​សង្គម​ដោយបាន​មូលមតិ​ជា​ឯកច្ឆន្ទ​បង្កើត​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​ថវិកា​ចូល​បុណ្យសព​តាម​សទ្ធា​ជួយ​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​នៃ​កងរាជអាវុធហត្ថ​ដែល​ពលី មរណៈ​។​

អ្នកនាំពាក្យ​រូបនេះ​បាន​បន្តថា​ ការបង្កើត​មូលនិធិ​នេះ​គឺជា​គំនិត​ផ្តួចផ្តើម​របស់​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ហើយ​មានការ​ចូលរួម​គាំទ្រ​ពី​សំណាក់​នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ ដោយ​បង្កើត​គ្រុប​ក្នុង​ប្រព័ន្ធ Whatsapp ហើយ​នៅពេល​មាន​អាវុធហត្ថ​ពលី មរណៈ ក្រុមការងារ​បានប្រកាស​ក្នុង​គ្រុប​នោះ សមាជិក​ដែលមាន​ឈ្មោះ​បាន​ចូល​ថវិកា​បុណ្យ​តាម​សទ្ធា​មិនមាន​ការបង្ខិតបង្ខំ​ទេ​។

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ចូល​បុណ្យ​ក្នុង​មួយ​សព​៥​លាន​រៀល ហើយ​នាយទាហាន នាយទាហានរង​ក៏បាន​ចូល​បុណ្យ​បន្តបន្ទាប់​តាម​សទ្ធា​។

ការប្រមូល​ថវិកា​បុណ្យសព​នេះ ចាប់ផ្តើម​ក្នុង​ខែមេសា ឆ្នាំ​២០១៧ មកដល់ពេលនេះ​រយៈពេល​១​ឆ្នាំ​ហើយ ក្នុង​សព​មួយ​ប្រមូលបាន​ចាប់ពី​ជាង​៣០​លាន​រៀល​ដល់​៧០​លាន​រៀល​។ ថវិកា​នេះ បាន​ជួយ​ដោះស្រាយ​ដល់​គ្រួសារ​សព​ក្នុងការ​ចំណាយ​ធ្វើ​បុណ្យសព​តាម​ប្រពៃណី​សាសនា​និង​ពិធី​កងទ័ព ព្រមទាំង​ជួយ​ដោះស្រាយ​ដល់​ជីវភាព​ក្នុង​គ្រួសារ​ផងដែរ​។​ជា​ចុងក្រោយ ខ្ញុំបាទ​សូម​ជម្រាបជូន​សាធារណជន​ថា នៅក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ពុំ​មានការ​កាត់​លុយ​កូនទាហាន និង​មិន​មាន​ការ​បង្ខិតបង្ខំ នាយទាហាន នាយទាហានរង​ឲ្យ​ចូលរួម​មូលនិធិ​ទេ គឺ​ចូល​បុណ្យ​តាម​សទ្ធា ក្នុងនាម​ជាម​ហា​គ្រួសារ​កងរាជអាវុធហត្ថ​។​នេះ​ជាស​ម្តី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី បន្ថែម៕

Facebook Comments

អត្ថបទទាក់ទង