ករណី​ហ៊ុន ជា ​ក្មួយប្រុស​នាយករដ្ឋមន្ត្រី​បាញ់​មេឃ​១០​គ្រាប់​, ​​តុលាការ​សម្រេច​ឃុំខ្លួន​១៨​ខែ​ ប៉ុន្តែ​មហាជន​កំពុង​រង់ចាំ​មើល

Spread the love

ភ្នំពេញ​ ៖​ កំពុងតែ​កក្រើក​ទូទាំង​ប្រទេស​ជុំវិញ​ករណី​ក្មួយប្រុស​សម្តេច​នាយករដ្ឋមន្ត្រី​មាន​ឋានៈ​ផ្កាយ​៣​គឺ​លោក ហ៊ុន ជា កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃទី​០១​ ខែឧសភា ​ឆ្នាំ​២០១៨​កន្លង​នេះ​ បាន​ផ្ទុះអាវុធ​ចំនួន​១០​គ្រាប់​ ដើម្បី​បាញ់​គំរាម​មេឃ ​និង​ផ្កាយ ​បន្ទាប់ពី​មាន​បញ្ហា​ជម្លោះ​ពាក្យសម្តី​បន្តិចបន្តួច។

ភ្លាមៗ​បន្ទាប់ពី​មាន​ករណី​ផ្ទុះ​អាវុធ ​គេ​សង្កេតឃើញ​មាន​មន្ត្រី​ប៉ូលិស​មូលដ្ឋាន​ និង​​កងរាជអាវុធហត្ថ​បាន​ចុះទៅ​ដល់ទី​តាំង​កន្លែងកើតហេតុ​ដែរ​ ប៉ុន្តែ​បានត្រឹមតែ​ឈរ​មើល​ក្រៅរបង​ផ្ទះ​តែប៉ុណ្ណោះ។ តែ​ដោយមាន​ការដាក់​បញ្ជាក់​ពី​ស​ម្តេច​តេ​ជោ ​ដែល​ត្រូវជា​ឪពុកមា​​ឲ្យ​នាំ​ខ្លួន​ទៅ​សួរ​នាំ​នៅ​ក្រសួងមហាផ្ទៃ​ ទើប​ចំណាត់ការ​នេះ ​ត្រូវ​បាន​​​​​​អនុវត្ត​​​តាម​បទបញ្ជា​ភ្លាមៗ។

យ៉ាងណាមិញ​ករណីនេះ ​ក៏ត្រូវ​បាន​បញ្ជូន​សំណុំរឿង​ដល់​តុលាការ​ និង​បាន​កោះហៅ​លោក ហ៊ុន​ជា ឲ្យ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​០២ ខែឧសភា ដើម្បី​បន្ត​នីតិ​វិធី​ច្បាប់​លើ​ករណី​នៃ​ការ​ផ្ទុះអាវុធ​កក្រើក​កណ្តាល​ទីក្រុង​ជ្រែក​ស្បៃ​រាត្រី។ បន្ទាប់ពី​មានការ​សួរនាំ​អស់​រយៈពេល​ជាច្រើន​ម៉ោង​ ពេលនេះ​ត្រូវបាន​សម្រេច​ដាក់ទោស​លោក ហ៊ុន ជា មាន​រយៈពេល​១៨​ខែ​តាមច្បាប់។

សូម​បញ្ជាក់​ថា ​បើ​តាម​​សវនាការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃទី​២​ ខែ​ឧសភា​នេះ​ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ជា ដាក់​ពន្ធ​គារ​កំណត់​មាន​រយៈពេល​១៨​ខែ​ដោយ​ចោទប្រកាន់​២​បទល្មើស​ករណី​ទី​១,​ពី​បទ​គំរាមកំហែង​សម្លាប់​មនុស្ស និង​ទី​២, ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា (​មាត្រា​២៣៣ និង​មាត្រា​៤១០​នៃ​ក្រមព្រហ្មទណ្ឌ)។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ជា​ត្រូវ​តុលាការ​បើក ​សវនាការ​ជំនុំជម្រះ​ភ្លាមៗ​ ដោយ​ព្រះរាជអាជ្ញា ហ៊ីង ប៊ុនថន។ លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ជា បន្ទាប់ពី​តុលាការ​ចេញ​សេចក្តី​សម្រេច​ដាក់​ពន្ធនាគារ​១៨​ខែ​ភ្លាមៗ​នោះ​ ត្រូវបាន​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បញ្ជូន​តាម​រថយន្ត​ឡង់​គ្រី​ស័​រ​ ពណ៌​ស​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2BC -9882​ដើម្បី​ឃុំខ្លួន​នៅ​ពន្ធនាគារ​ ប៉ុន្តែ​ពុំ​ត្រូវ​បាន​គេ​ដឹង​ទេ​ថា​នៅ​ចំណុច​ណា​នៅឡើយ។

ទាក់ទង​ករណី​នេះដែរ​មាន​មហាជន​ជាច្រើន​កំពុង​រង់ចាំ​មើលថា​តើ​ច្បាប់​អាចដាក់​ទោស​លោក ហ៊ុន ជា ដោយ​អនុវត្តតាម​ការកំណត់​របស់​តុលាការ​ឬមួយ​គ្រាន់តែ​លេង​ល្ខោន​បិទបាំង​ភ្នែក​មហាជន​យ៉ាងណា​នោះ​ទេ ?​។​ ខណៈ​មាន​ខ្លះ​បាន​លើកឡើងថា​ សូមកុំ​ចូល​តាមផ្លូវ​មុខ​ចេញ​តាមផ្លូវ​ក្រោយ​។​

ជាមួយគ្នានេះ​ក៏មាន​ខ្លះទៀត​បាន​និយាយទៀតថា ​សូម​ឲ្យ​តុលាការ​ត្រូវមាន​វិធានការ​ឲ្យ​ច្បាស់​លើ​ករណីនេះ​ដើម្បី​ឲ្យ​រាស្ត្រ​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​ស្រុក​ខ្មែរ​ ​ខណៈ​មានមតិ​ជាច្រើន​កំពុង​រង់ចាំ​មើល​លើក​រឿងរ៉ាវ​នេះ​ផងដែរ។

គេហទំព័រ​Kh Stars សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​អ្វី​ឲ្យ​លើស​ពីនេះ​ទេ​ចំពោះ​ករណី​នេះ។ ដូច្នេះ​សូម​ឲ្យ​មហាជន​យល់ឃើញ​ដោយ​ខ្លួនឯង​និង​តាមដាន​សាច់រឿង​នេះ​ដោយផ្ទាល់៕

Facebook Comments

អត្ថបទទាក់ទង