ការពិត​អញ្ចឹង​សោះ​ ទើប​ នី រតនា ប្រញាប់​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​យ៉ាង​តក់ក្រហល់​ក្នុង​ខែ​នេះ

Spread the love

ភ្នំពេញ ​៖​ តារាចម្រៀង​ប្រុស​រលក​ថ្មី​របស់​ផលិតកម្ម​ហង្ស​មាស​លោក នី រតនា កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨​នេះ ​បានធ្វើ​ពិធី​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​ជា​មួយ គូ​ដណ្តឹង​វ័យក្មេង​ដោយមាន​ការចូលរួម​ពី​អ្នកសិល្បៈ​រួមទាំង​សាច់ញាតិ​ឪពុក​-​ម្តាយ​សងខាង​។​ ពិធី​នេះ​បានធ្វើ​ឡើង​នៅ​គេហដ្ឋាន​ខាង​ស្រី​ចំ​កណ្តាល​ក្រុងភ្នំពេញ។

ទិដ្ឋភាព​នៃ​ពិធី​ភ្ជាប់ពាក្យ​របស់​ម្ចាស់​ជ័យលាភី​លេខ​១​ក្នុង​កម្មវិធី​Cambodian Idol​លោក នី រតនា និង​កូនក្រមុំ​មាន​ឈ្មោះថា ហេង សុវណ្ណ​ភ​ក្តីណា កាលពី​ព្រឹក​មិញ​ ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា​គឺមាន​ភាព​អធិកអធម​ខ្លាំងណាស់​ជាមួយ​ការរៀបចំ​តុបតែង​កន្លែង​រៀបចំ​ពិធី​យ៉ាង​ស្រស់​ស្អាត​ ដែល​មើល​ទៅ​ស៊ីគ្នា​ នឹង​សម្រស់​កូនក្រមុំ កំលោះ។

ទន្ទឹមគ្នា​ដែល​ពិធី​ភ្ជាប់ពាក្យ​នេះ​ ត្រូវបាន​កើតឡើង​រវាង​គូស្នេហ៍​អ្នកចម្រៀង​ប្រុស​រូប​សង្ហា ​និង​កូនក្រមុំ​ស្រស់​សោភា​គឺ​លោក នី រតនា និង​កញ្ញា ហេង សុវណ្ណ​ភ​ក្តីណា នេះដែរ ​មានមតិ​ខ្លះ​បាន​លើក​ជា​ចម្ងល់​ថា​ ពិធី​ភ្ជាប់​ពាក្យ​នេះ​ហេតុអ្វី​បានជា​ធ្វើឡើង​ដោយ​តក់ក្រហល់​ម្ល៉េះ?​ ព្រោះថា​ កន្លង​អ្នក​ទាំង​២​មិន​ធ្លាប់មាន​គម្រោង​ឬ​បង្ហើប​ពី​រឿង​ភ្ជាប់​ពាក្យ​នេះ​ទេ?។

ឆ្លើយតប​ចម្ងល់​នេះ​ ត្រូវ​បាន​ប្រភព​អ្នក​សិល្បៈ​រួម​អាជីព​ទម្លាយ​ថា ​ហេតុផល​ដែល​ធ្វើ​ឲ្យ​តារា​ប្រុស​លោក នី រតនា និង​គូស្នេហ៍​ជ្រើស​យក​វេលា​ភ្ជាប់​ពាក្យ​យ៉ាង​ឆាប់​រហ័ស​បែបនេះ ​ក៏​ព្រោះតែ​រាសី​រវាង​អ្នក​ទាំង​២​ត្រូវ​គ្នា​ក្នុង​ខែ​ឆ្នាំនេះ។ ម្យ៉ាងទៀត​អាចឈាន​ដល់​ការរៀប​អាពាហ៍ពិពាហ៍​អំឡុង​ពាក់កណ្តាល​ឬ​ចុង​ឆ្នាំនេះ​ផងដែរ។

ប្រភព​បាន​បន្តថា​ ចំណុច​សំខាន់​មួយទៀត​ដែល​ត្រូវបាន នី រតនា ចង់​ឲ្យ​ពិធី​ភ្ជាប់ពាក្យ​របស់ខ្លួន​កើតឡើង​ដោយ​បើកចំហ​នោះ ​គឺ​ដោយសារ​មិន​ចង់​បិទបាំង​ ឬ​លាក់​មុខ​មនុស្ស​ដែល​ខ្លួន​កំពុង​ស្រឡាញ់​ពេញ​បេះដូង​ និង​ស្មើ​​ជីវិត។

ត្រង់នេះ​ជា​ចំណុច​ដែល នី រតនា ទទួល​បាន​ការ​គាំទ្រ ​និង​លើក​សរសើរ​ពី​មហាជន​រួមជាមួយ​មិត្តភក្តិ​រួម​អាជីព​ថា​ ជា​មនុស្ស​ប្រុស​ ដែល​មាន​ទំនូល​ខុសត្រូវ​ចំពោះ​រឿង​ស្នេហា​ខុស​ប្លែក​ពី​តារា​ប្រុស​-​ស្រី​ឯទៀត​ដែល​តែង​បិទបាំង​ការពិត​ពី​មហាជន។

ជាមួយ​គ្នា​នេះ​ដែរ ​ក្រោយ​ពី​វិធី​ភ្ជាប់ពាក្យ​នោះ ​នី រតនា ​ក៏បាន​បង្ហោះ​សារ​ថា «ថ្ងៃនេះ​គឺជា​ថ្ងៃ​ភ្ជាប់ពាក្យ​របស់ខ្ញុំ ខ្ញុំបាទ នី រតនា សូម​អរគុណ​ដល់​បងប្អូន​និង​ភ្ញៀវ​កិត្តិយស​ទាំងអស់​ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​របស់​​យើង​ខ្ញុំ​។ ហើ​យ​ខ្ញុំបាទ​ក៏​សូម​អធ្យាស្រ័យ​និង​អភ័យទោស​ផង​ចំពោះ​ការទទួល​មិនបាន​ដល់ សង្ឃឹមថា​ភ្ញៀវកិត្តិយស​ទាំងអស់​នឹង​យោគយល់​ដល់​ខ្ញុំ សូម​អរគុណ»។

សូមបញ្ជាក់ថា ចំពោះ​គូ​ដណ្តឹង​វ័យក្មេង​ស្រស់ស្អាត​របស់លោក នី រតនា ដែលមាន​ឈ្មោះថា ហេង សុវណ្ណ​ភ​ក្តីណា ត្រូវបាន​គេ​ស្គាល់​ថា​ជា​កូនស្រី​ថៅកែ​នាំចូល​ផលិតផល​សម្អាង​ម៉ាក Womea។​ម្យ៉ាងទៀត​នាង​ក៏​បច្ចុប្បន្ន​នាង​ក៏មាន​ជំនួញ​ផ្ទាល់ខ្លួន​ផង​ដែរ​គឺ​នាំចូល​ផលិតផល​ពី​ក្រៅ​ប្រទេស​មក​លក់​ក្នុងស្រុក​ខ្មែរ៕

Facebook Comments

អត្ថបទទាក់ទង