កែវ វាសនា រត់ចោល​ថោ​ន ​ចូល​ផលិតកម្ម​ចាស់ ​វិញ

Spread the love

ភ្នំពេញ ​៖ ​មានការ​ភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​ខ្លាំង​ ក្រោយពេល​តារាចម្រៀង​មាឌ​ល្អិត​លោក កែវ វាសនា បានសម្រេច​ចិត្ត​ចាកចោល​ផលិតកម្ម​ថោ​ន ​រួច​ហក់​មក​ចូល​ផលិតកម្ម​ចាស់​សាន់​ដេ​វិញ​។​ខណៈដែល​បទ​ចម្រៀង​នៅក្នុង​ផលិតកម្ម​ថោ​ន​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​ខ្លាំង។

ការបោះបង់​ទ្រនំ​ថោ​ន​រត់មក​ចូល​ផលិតកម្ម​សាន់​ដេ​វិញ​ពី​សំណាក់​តារាចម្រៀង​មាន​ប្រជាប្រិយភាព​លោក កែវ វាសនា បាន​បង្ក​ការភ្ញាក់ផ្អើល​ ស្របពេល​ដែល​បទ​ចម្រៀង​របស់លោក​នៅ​ផលិតកម្ម​សាន់​ដេ​ត្រូវបាន​បញ្ចេញ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង យូ​ធូប​កាលពី​ថ្មីៗ​មុននេះ។

ចំពោះ​ការវិលត្រឡប់​មកកាន់​ទ្រនំ​ចាស់​សាន់​ដេ​វិញ​របស់លោក កែវ វាសនា នាពេលនេះ​ត្រូវបាន​មហាជន​អ្នកគាំទ្រ​ជាច្រើន​រំពឹងថា ​សម្រាប់​បទ​មនោ​សញ្ចេតនា​ស្នេហា​កំសត់​របស់លោក កែវ វាសនា ដែល​ជា​សាច់រឿង​សម្តែង​រួមគ្នា​ជាមួយ​តារា​ស្រី​កញ្ញា សុខ ពិសី នោះ​នឹង​ទទួលបាន​ការចាប់អារម្មណ៍​និង​គាំទ្រ​ឡើងវិញ​ជាក់​ជាមិនខាន។

បទ​ចម្រៀង​មនោសញ្ចេតនា​របស់​តារាចម្រៀង​លោក កែវ វាសនា ដែល​ត្រូវបាន​ទម្លាយ​ផ្លូវការ​នៅលើ​បណ្តាញ​សង្គម​នោះ​គឺមាន​ចំណងជើង​ថា នឹក​មនុស្ស​ម្នាក់​ដែល​មិនបាន​ស្រឡាញ់​ខ្ញុំ។ បទ នេះ ​បាន​និង​កំពុង​បង្ហោះ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ជាមួយ​ការ​លើកឡើង​ថា​ លោក កែវ វាសនា តាមរយៈ​បទ​នេះ​ពិតជា​ធ្វើ​ឲ្យ​មានការ​ចាក់​ដោយ​ខ្លាំងណាស់​៕

Facebook Comments

អត្ថបទទាក់ទង