កំពូល​តារា​ស្រី ម៉េង កែវពេជ្ជតា ហួសចិត្ត​ខ្លាំង​រហូត​ចោទ​ជា​សំនួរ​ សួរ​អ្នកគាំទ្រ​រឿង​បុរស​ម្នាក់!

Spread the love

ភ្នំពេញ ​៖ ​កំពូល​តារា​ចម្រៀង​ស្រី​ចាស់​វស្សា​លំដាប់​ប្រទេស​សំឡេង​​ពីរោះ​រណ្ដំ​ចិត្ត​អ្នកនាង ម៉េង កែវ ពេ​ជ្ជ​តា មុន​នេះ​ បាន​បន្តិច​បាន​សរសេរ​បញ្ចេញ​សារ​បង្ហាញ​ពី​ការ​មិន​សប្បាយចិត្ត​លើ​បុគ្គល​មួយក្រុម​ ដែល​បាន​បញ្ចេញ​អាកប្បកិរិយា​មិនល្អ​មក​លើ​ខ្លួន ​អំឡុង​ពេល​ចូលរួម​កម្មវិធី​ជប់លៀង​ខួប​អាពាហ៍ពិពាហ៍​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង។

អ្នក​នាង ម៉េង កែវពេជ្ជតា បាន​រៀបរាប់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា តើ​ខ្ញុំ​ខុស​ដែរ​មែន​ទេ ?​យប់មិញ​ពេល​ខ្ញុំ​ច្រៀង​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​នៅ​សណ្ឋាគារ​ប្រណិត Sokha Hotel ចប់​ខ្ញុំ​ក៏​បន្ត​មក​កម្មវិធី​ឥត​ព្រៀង​ទុក​មួយ​របស់​ហ្វ៊ែ​ន ( ម៉ោង ប្រហែលជា​១១ យប់ )​គឺជា​ខួប​អាពាហ៍ពិពាហ៍ ដែល​ប្រារព្ធ​នៅ​ក្នុង​ភោជនីយដ្ឋាន។ ពេល​ខ្ញុំ​ដើរ​ចូលទៅ និង​បាន​អង្គុយ​មិនទាន់​ទាំង​ញ៉ាំ​អ្វីមួយ​ម៉ាត់​ផង ក៏មាន​ភ្ញៀវ​តុ​ផ្សេង មិនមែន​ភ្ញៀវ​ពិធី​ទេ​ដើរ​មក​សុំ​ខ្ញុំ​ទៅ​តុ​របស់​គាត់​ដើម្បី​ថតរូប​ជាមួយ​បងប្រុស​គាត់។

តារា​ស្រី​អ្នកនាង ម៉េង កែវពេជ្ជតា បាន​និយាយទៀតថា ទោះ​ខ្ញុំ​កំពុង​ហេវ​ហត់ អស់កម្លាំង និង​ឃ្លាន​យ៉ាងណា តែ​ដោយ​គោរព​លើ​គាត់​ជា​ទស្សនិកជន ខ្ញុំ​ក៏បាន​ទៅ​ឈរ​ថត​ជាមួយ​គាត់ ព្រមទាំង​មាន​បុរស​ពីរ​នាក់​ទៀត​ក្នុងស្ថានភាព​ស្រវឹង​ដូចគ្នា។ ក្នុងពេល​ថត ពួកគាត់​បាន​លូកដៃ​ឱប​ចង្កេះ​ខ្ញុំ និង​ចង់​ប្រកៀក​ស្មា​ខ្ញុំ ដែល​កាយវិការ​នេះ​ខ្ញុំ​មិនដែល​ទេ​ ក៏​មិន​ចូលចិត្ត​ដែរ ខ្ញុំ​ទើសទាល់​ណាស់ ប៉ុន្តែ​ខ្ញុំ​បាន​ត្រឹម​ងាក​ចេញ ហើយ​ខំ​សើច​យកចិត្ត​ក្នុង​ន័យ​កុំអោយ​គាត់​ខឹង​ព្រោះ​មើលទៅ​វា​មិន​ទំនង​មែន។

អ្នកនាង ម៉េង កែវពេជ្ជតា បាន​បន្តថា ​ក្រោយពី​ថត​រួច ខ្ញុំ​ក៏​សំពះ​អរគុណ​និង​លាមក​តុ​របស់ខ្ញុំ​ដែល​មាន​បងៗ​ខ្ញុំ​អង្គុយចាំ​។​ក្រោយ​ញ៉ាំ​អាហារសម្រន់​ការ​ឃ្លាន​បន្តិច ខ្ញុំ​ក៏​ឡើង​ច្រៀង​ជូនពរ​ម្ចាស់​ពិធី និង​បាន​ដើរ​ត្រឡប់​​​​​មក​អង្គុយ​តុ ស្រាប់តែ​ភ្ញៀវ​ដដែល​ដើរ​មក​រក​ខ្ញុំ ហើយ​សុំ​ខ្ញុំ​ថតរូប​ជាមួយ​បងប្រុស​គាត់​ម្តង​ទៀត។ ពេលនោះ​ខ្ញុំ​ក៏បាន​ឆ្លើយ​យ៉ាង​រហ័ស​ថា ” ថត​ទៀតហើយ ? តែ​ក្រែង​មុន​នេះ​ថត​ច្រើន​ប៉ុស្តិ៍​ដែរ​មែន​ទេ​បង ? ខ្ញុំ​សូមទោស​កុំ​ថត​ទៀត​អី ថត​រួចហើយ ប៉ុណ្ណឹង​បាន​ហើយ ខ្ញុំ​សូម​អនុញ្ញាត​ហូបបាយ​សិន​ណា​បង។

ស្រាប់តែ​ភ្ញៀវ​នោះ​គាត់​ប្រែ​ទឹកមុខ​ខឹង​ភ្លាម​ហើយ​និយាយ​ពាក្យ​បំផ្លើស​ប្រាប់​ទៅ​គ្នា​គាត់​ថា ” គេ​មិន​ថត​ជាមួយ​បង​ឯង​ទេ គេ​ថា​មុខ​បង​ឯង​មិន​ស្អាត គេ​ថា​បង​ឯង​មិន​សម​នឹង​គេ​ណ្ហើយ​មិន​ថត​ក៏បាន ..” ។ ខ្ញុំ និង​បងប្អូន​ម្ចាស់​ពិធី​ឮ​ហើយ​ហួសចិត្ត​ណាស់ ប៉ុន្តែ​ពួក​យើង​ខ្ជិល​វែងឆ្ងាយ ចាត់ទុកថា​គាត់​ស្រវឹង​ទៅ​ចុះ។ ប៉ុន្តែ​ខ្ញុំ​មិន​អស់ចិត្ត​ទេ​ព្រោះ​ហេតុ​អី​ក៏​គាត់​កាឡៃ​ពាក្យ​នៅ​នឹង​មុខ​ខ្ញុំ​ទៅជា​រឿង​ផ្សេង​ទៅវិញ ? ហើយ​ការដែល​ខ្ញុំ​បដិសេធ​​ដូច្នេះ តើ​ខុស​ដែរ​មែន​ទេ ?​។ ម៉េង កែវពេជ្ជតា ចោទ​ជា​សំនួរ​។​

ជាង​នេះ​ទៅ​ទៀត​តារា​ចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា បាន​លើក​ឡើង​ថា ហេតុ​អី​ក៏​សិទ្ធិ​អ្នក​សិល្បៈ​កាន់តែ​រួញ​ខ្លី​បែបនេះ​?​តើ​មកពី​សិល្បៈ​គ្មាន​សិទ្ធិ​ឬក៏​មកពី​អ្នកនោះ​ចង្អៀតចង្អល់ ? សោកសង្រេង​ដែល​ខំ​ឆ្លើយតប​សំណូមពរ​ប៉ុណ្ណឹង​ហើយ​ចុងក្រោយ​នៅតែ​គេ​ខឹង​បាន​..​ខ្ញុំ​ចង់​ប្រាប់ថា ខ្ញុំ​ក៏​ចេះ​ខឹង និង​ចេះ​អន់ចិត្ត​ដែរ​៕​

Facebook Comments

អត្ថបទទាក់ទង