ក្តៅៗ! ម៉ៃ សុគន្ធ ប្តឹង​ម្ចាស់​Account Facebook​ឈ្មោះ Vutha FC​ជា​ផ្លូវការ​លើ​ករណី​ចំនួន​២

ភ្នំពេញ ​៖ ​បន្ទាប់ពី​ការព្រមាន ​ទីបំផុត​តារា​ចម្រៀង​ពូកែ​ទិស​លោក ម៉ៃ សុគន្ធ ពេលនេះ​បានប្រកាស​ប្តឹង​លើ​បុគ្គល​ម្ចាស់​Account Facebook​ឈ្មោះ Vutha FC​ជា​ផ្លូវការ​ហើយ ​ក្រោយពេល​បុរស​រូបនេះ​បាន​ផ្ញើ​សារ​និង​ចូល​Comment​ប្រើពាក្យ​ជេរប្រមាថ​និង​គំរាមកំហែង​បង្ក​ការភ័យខ្លាច​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន​។​

ផ្អែក​តាម​ពាក្យបណ្តឹង​របស់​តារា​ប្រុស​លោក ម៉ៃ សុគន្ធ ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៤ ខែធ្នូ បានបញ្ជាក់​ថា​ ករណី​ដែល​លោក​សម្រេច​ធ្វើ​ពាក្យបណ្តឹង​នេះ​គឺ​ក្រោយ​ពេលដែល​ម្ចាស់​Account Facebook​ឈ្មោះ Vutha FC​បាន​ចូលទៅ​Comment និង​ផ្ញើ​សារ​ចូល​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ដោយ​ធ្វើការ​ប្រមាថ​និង​គំរាមកំហែង​។​ ករណីនេះ​លោក​បាន​ប្តឹង​ចំនួន​២​ករណី​គឺ​៖១,​ជេរប្រមាថ​ជា​សាធារណៈ​និង ២,​ឆាត​គំរាមកំហែង …​។​

យោង​តាម​ពាក្យបណ្តឹង​របស់លោក ម៉ៃ សុគន្ធ ដែល​បានដាក់​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​លើកឡើងថា​ កាលពី​ថ្ងៃទី​១០ ខែធ្នូ​ឆ្នាំ​២០១៨​កន្លងមកនេះ​ មាន​គណនី​ហ្វេ​សប៊ុ​ក​ឈ្មោះ Vutha FC បាន​ចូលមក​បញ្ចេញមតិ​(Comment )​ដោយ​ជេរប្រមាថ​មកលើ​ខ្លួន​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ​ ហើយ​ព្រមទាំង​ផ្ញើ​សារ​តាម​ឆាត​មក​គំរាមកំហែង​ដល់​សុវត្ថិភាព​ផ្ទាល់ខ្លួន​ទៀតផង​។​

តាម​ពាក្យបណ្តឹង​ដដែល​នេះ​លោក ម៉ៃ សុគន្ធ រៀបរាប់​ទៀត​ថា​ លោក​មិនដែល​ស្គាល់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vutha FC​ពីមុន​ទេ​។​ លោក​ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ព្រោះ​បើតាម​មើល​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ជននេះ​គឺមាន​បក្សពួក​ជាច្រើន​ដែល​មើលទៅ​គួរ​ឲ្យ​ព្រួយ​បារ​ម្ភ។ ហេតុនេះ​លោក​សូម​សំណូ​ម​ពរ​ដល់​សមត្ថកិច្ច​មេត្តា​ស្រាវជ្រាវ​រក​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vutha FC​ខាងលើនេះ​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

ជាមួយគ្នានេះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក ម៉ៃ សុគន្ធ ក៏បាន​សរសេរ​បញ្ជាក់​បន្ថែម​ភ្ជាប់​ជាមួយ​ពាក្យបណ្តឹង​នោះមក​ថា ប្តឹង​អ្នកឯង​ម្តង​កុំអោយ​ចេះតែ​ដើរ​ជេរប្រមាថ​តាមតែ​ក្បាលវ៉ាល់​ចិត្ត ៖ ១,​ជេរប្រមាថ​ជា​សាធារណៈ​និង​២,​ឆាត​គំរាមកំហែង ….​។​ខ្ញុំបាទ​ពិតជា​បារម្ភ​ពី​សុ​វត្ថិភាព​ផ្ទាល់ខ្លួន​​ពិតមែន​ពី​បុគ្គល​ម្នាក់នេះ​និង​បក្សពួក​៕

 

 

អត្ថបទទាក់ទង