ក្រសួង​អប់រំ​ ប្រកាស​ពី​វិធានការ​ទប់ស្កាត់​សកម្មភាព​ មិន​ប្រក្រតី​ក្នុង​ទិវា​ក្ដី​ស្រឡាញ់​១៤ កុម្ភៈ

Spread the love

ភ្នំពេញ ​៖​ ដោយសារតែ​សង្កេតឃើញថា​ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​១៤​ខែ​កុម្ភៈ ​ដែល​ជា​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ ដែល​ជា​ឱកាស​មួយ​នាំ​ឲ្យ​សិស្សានុសិស្ស​មួយ​ចំនួន​យល់​ច្រឡំ​ថា​ វា​គឺជា​ថ្ងៃបុណ្យ​សង្សារ ​ឬ​ជា​ការ​ណាត់​ជួប​គ្នា​រវាង​គូស្នេហ៍​រហូត​បង្ក​ឲ្យ​មានការ​ប្រព្រឹត្តិ​​​អំពើ​អសីលធម៌​នោះ ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ប្រកាស​ដាក់​ចេញ​វិធានការ​ចំនួន​៤​ចំណុច​ទប់​ស្កាត់​សកម្ម​ភាពមិនប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​(Valentine’s Day) នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន។

វិធានការ​ចំនួន​៤​ចំណុច​របស់​ក្រសួង​អប់រំ​រួមមាន ​៖ ​១,​ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ ដូចជា​តាមរយៈ​ការ​ប្រជុំ​អំឡុង​ពេល​គោរព​តង់​ជាតិ កុំ​ឲ្យ​មានការ​យល់​ខុស​អំពី​អត្ថន័យ​នៃ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​។ ២,​ត្រូវ​ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​របស់​គ្រឹះស្ថានសិក្សា​សាធារណៈ​ឲ្យ​បាន​ម៉ឺងម៉ាត់ ជាពិសេស​លើ​ការគ្រប់គ្រង​សីល​ធម៌ និង​វិន័យ​ដោយ​តាមដាន​អនុវត្ត របស់​សិស្សានុសិស្ស​ជាប្រចាំ​។​

សេចក្តីជូនដំណឹង​ដដែល​បានបញ្ជាក់​ទៀតថា ចំណុច​ទី​៣,​ត្រូវ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​របស់​យុវជន ក្រុមប្រឹក្សា​របស់​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព​មិត្ត​អប់រំ​មិត្ត និង​ទី​៤,​ត្រូវធ្វើ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា​ឬ​អាណាព្យាបាល​សិស្ស​សហគមន៍ ដើម្បី​ផ្តល់​និង​ទទួល​បាន​ព័ត៌មាន​នានា​ពាក់ព័ន្ធ​និង​សកម្ម​ភាព​មិនប្រក្រតី ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស​​​ដើម្បី​សហការ​គ្នា​អប់រំ ណែនាំ កែ​លម្អ​សិស្សានុសិស្ស បាន​ទាន់​ពេលវេលា៕

Facebook Comments

អត្ថបទទាក់ទង

Leave a Comment