ហង្ស​ម្ចាស់ដី ប្រកាស​បន្ត​ដំណើរការ​ដាំ​ចម្ការ​ជូន​ពលរដ្ឋ​ បើ​ទោះ​ជា​មាន​រឿង​អ្វី

Spread the love

ភ្នំពេញ​ ៖​ ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី ​ក្រោយ​ពេល​ផ្ទុះ​ការចោទប្រកាន់​រឿង​លក់​ដី​ខ្យល់​ភ្លាមៗ​នេះ​ មានការ​ខ្សឹបខ្សៀវ​ថា ​ប្រហែលជា​ក្រុមហ៊ុន​មួយ​នេះ​ នឹង​ផ្អាក​សកម្មភាព​របស់​ខ្លួន ដើម្បី​យក​ពេល​ដោះស្រាយ ប៉ុន្តែ​ផ្ទុយទៅវិញ​តំណាង​ក្រុមហ៊ុន​បែរជា​អះអាង​ថា ​ក្រុមហ៊ុន​ខ្លួន​អត់​មាន​ផ្អាក​ទេ​ពោល​គឺ​មានតែ​ពន្លឿន​​ការ​ឈូស​ឆាយ និង ដាំ​ដុះ​ដំណាំ​ចម្ការ ដើម្បី​បង្ហាញ​ថា ​ក្រុមហ៊ុន​ពិតជា​មាន​ចម្ការ និង​ត្រៀម​ប្រគល់​ចម្ការ​ជូន​អតិថិជន​តាម​ដំណាក់កាល​ដូច​ការសន្យា។

​ជាការ​ឆ្លើយតប​នឹង​សំនួរ​របស់​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី​១០​ខែ ឧសភា​ឆ្នាំ​២០១៩​តំណាង​ក្រុម​ហ៊ុន​បាន​អះអាងថា ក្រុមហ៊ុន​ក្រៅពី​អត់​ផ្អាក គឺ​ក្រុមហ៊ុន​កាន់តែ​បង្កើន​សកម្មភាព​ឈូសឆាយដី បណ្ដុះ​កូន​ដំណាំ​និង​តម្រូវអោយ​អ្នកជំនាញ​ចុះ​ដាំ​ជា​ចម្ការ​កាន់តែ​ច្រើនជាង​មុន នៅក្នុង​ប៉ុន្មាន​ថ្ងៃនេះ​។ ក្នុងនោះ​ដីចម្ការ​នៅ​ស្រុក​ស្រីស្នំ​ខេត្តសៀមរាប នៅ​ស្រុក​ឈូក​ខេត្តកំពត និង​ដីចម្ការ​នៅ​ស្រុក​ក្រគរ​ក្នុង​ខេត្តពោធិ៍សាត់ គឺ​ត្រូវបាន​ព​ន្លឿ​ន​ការ​ឈូសឆាយ​រៀប​ប្រព័ន្ធ​ទុយោ​ទឹក និង ដាំ​ជា​ចម្ការ​ធុ​រ៉េ​ន និង​ចម្ការ​ដូងក្រអូប​បានជា​ច្រើន​ហិកតារ​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​។​ក្នុងនោះ​ចម្ការ​ផ្កាឈូករ័ត្ន ត្រូវបាន​តំណាង​ក្រុមហ៊ុន​បញ្ជាក់ថា​ជិត​ចេញ​ផ្កា​ហើយ​។​

​តំណាង​ក្រុ​មហ៊ុន​ហង្ស​ម្ចាស់​ដី​បាន​បន្តថា ​ក្រោយពី​មាន​ព័ត៌មាន​បំភ្លៃ អតិថិជន​ជាច្រើន​មានការ​ជ្រួលច្របល់ ហើយ​ពួកគាត់​ក៏​ត្រូវបាន​ក្រុមហ៊ុន​ជូនទៅ​មើល​ដី​ដល់​កន្លែង​ដើម្បី​បង្ហាញថា​ក្រុមហ៊ុន​អត់​មាន​លក់​ដី​ខ្យល់​នោះ​ផង​។​ តំណាង​ដដែល​បន្តថា​ ក្រុមការងារ​ទាំងអស់ ហ៊ាន​ប្រកាសថា​នឹង​យក​កិត្តិយស និង​ជីវិត​ជា​ថ្នូរ​ដូច​លោក ហង្ស ព្រី​ន្ស​យ៉ា ប្រសិនបើ​គម្រោង​នេះ​ជា​គម្រោង​បោកប្រាស់​ដូច​ការ​លាប​ពណ៌។​ លោ​កថា​ ត្បិត​ថា​រឿងនេះ​មិនទាន់​ចប់​ ប៉ុន្តែ​ក្រុមការងារ​គឺ​យើង​រឹត​បង្កើន​សកម្មភាព ព្រោះ​យើង​ចង់បង្ហាញ​អោយ​អតិថិជន​ឃើញថា​ចម្ការ​ពួកគាត់​កំពុង​ត្រូវបាន​ព​ន្លឿ​ន បើ​ពួកគាត់​ចង់​មក​មើល​ក្នុងពេល​ជ្រួលច្របល់​នេះ​។

តំណាង​ក្រុមហ៊ុន​ដដែល​នេះ​បន្ត​ថា​ អតិថិជន​ ដែល​ជ្រួលច្របល់​អាច​ទៅ​មើល​ពី​សកម្មភាព​ឈូសឆាយដី និង​បង្កើតជា​ចម្ការ​ទុក​ប្រគល់​ជូន​។ ​ជាមួយនឹង​ការអះអាង​នៅលើ​ផេ​ក​របស់​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី និង​ក្នុង​ផេ​ករ​បស់​ក្រុម​ភ្នាក់ងារ គេ​ឃើញ​បង្ហោះ​ពី​សកម្មភាព​ឈូសឆាយ​និង​បង្កាត់​ពូជ​កូន​ដំណាំ​យ៉ាងសកម្ម​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​។ ​ការរៀប​ប្រព័ន្ធ​ទុយោ​ទឹក​ការ​បណ្ដុះ​ពូជ និង​ក្នុង​ដាំ​ចម្ការ ត្រូវបាន​បង្កើន​សកម្ម​ភាព​បាន​ច្រើន​ហិកតារ៕

Facebook Comments

អត្ថបទទាក់ទង