ក្រុម​នាយ កុយ ផ្តើម​មាន​ទឹកមាត់​ឡើងវិញ​ក្រោយពី​ទូរទស្សន៍​ក្នុងស្រុក​មួយ​ផ្តល់ឱកាស​កំប្លែង

Spread the love

ភ្នំពេញ ៖ បន្ទាប់ពី​ត្រូវបាន​ស្ថានីយ៍ទូរទស្សន៍​ក្នុងស្រុក​ប្រកាស​ផ្អាក​បញ្ឈប់​ឲ្យ​មាន​កម្មវិធី​កំប្លែង​មួយចំនួន​នៅលើ​ម៉ោង​ប្រគុំ​តន្ត្រី​របស់ខ្លួន​នោះ គេ​នៅចាំ​បាន​ថា​តារា​កំប្លែង​នាយ កុយ កាលពី​កន្លងមក​បានបង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ និង​សោកស្តាយ​ក្រោយពេល​ក្រុម​របស់ខ្លួន​ត្រូវបាន​បាត់បង់​ឱកាស​បម្រើ​អារម្មណ៍​ទស្សនិកជន​ដូច​គ្រាកន្លងមក​។​

​ជាមួយគ្នា​នៃ​ការប្រកាស​ឲ្យ​មហាជន​បានដឹង​ជា​សាធារណៈ​ទាក់ទង​ការផ្អាក​ពី​កម្មវិធី​ ដោយ​មិន​តម្រូវ​ឲ្យ​មាន​ក្រុម​កំប្លែង​ពី​សំណាក់​នាយ កុយ ទៀត​នោះ​ ភ្លាមៗ​នេះដែរ​មាន​មហាជន​ជាច្រើន​បាន​សម្តែង​ការសោកស្តាយ​ និង​ស្នើរ​ដ៏​ទទូច​ដល់​អ្នកគ្រប់គ្រង​នៅតាម​ស្ថានីយ៍ទូរទស្សន៍​នានា​ទទួលយក​ក្រុម​របស់​នាយ​ ក៏ដូចជា​ក្រុម​ឯទៀត​ចូល​កំប្លែង​វិញ​ផងដែរ​។​

​យ៉ាងណាមិញ​បន្ទាប់ពី​មានការ​បិទ​ឱកាស​បញ្ឈប់​ឲ្យ​មាន​កម្មវិធី​កំប្លែង​អស់​រយៈពេល​ជាច្រើន​ខែ​មក​នោះ ​ពេលនេះ​តារា​កំប្លែង​ជើងចាស់​នាយ កុយ ក៏បាន​ប្រកាស​ដោយមាន​ក្តីសង្ឃឹម​ឡើងវិញ​ ក្រោយពេល​ក្រុម​របស់​នាយ​ត្រូវបាន​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍ ​CTN​ ផ្តល់ឱកាស​កំប្លែង​ជាថ្មី​ឡើយ​វិញ​។​

​នាយ កុយ បានធ្វើការ ​Live ​វីដេអូ​បញ្ជាក់ថា​ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ ​២០១៨​ ខាងមុខនេះ ​ក្រុម​របស់​នាយ​ត្រូវបានស្ថានីយទូរទស្សន៍ CTN​ ផ្តល់ឱកាស​ឡើង​សម្តែង​ឡើងវិញ​តាមរយៈ​កម្មវិធី​មន្ត​ស្នេហ៍​សំនៀង​។​ នាយ កុយ ក៏បាន​ប្រកាស​ផ្តល់ដំណឹង​ដល់​ក្រុម​របស់ខ្លួន​ត្រូវតែ​ជួបជុំគ្នា​ឡើយ​វិញ​ ម្យ៉ាងទៀត​នាយ​ក៏បាន​ប្រកាស​ឲ្យ​នាង ឃ្មឹ​ប ទាក់ទង​មក​ក្រុម​វិញ​ដើម្បី​ចូលរួម​កំប្លែង​ដូចដើម​។​

​នាយ កុយ បានលើកឡើង​ថា​នាង ឃ្មឹ​ប បើ​បានឃើញ​វីដេអូ​នេះ​សូម​ទាក់ទង​មក​ផង ហើយ​ចូលមក​សម្តែង​កំប្លែង​វិញ​ផង ដើម្បី​កំដរ​អារម្មណ៍​ទស្សនិកជន ទោះបីជា​បាន​ចំណូល​បន្តិចបន្តួច​ក្តី តែមាន​វា​ចំណែក​មួយ​ក្នុង​ការជួយ​គ្នា​ទៅវិញទៅមកក្នុង​វិស័យ​សិល្បៈ​៕

Facebook Comments

អត្ថបទទាក់ទង