ខេមរៈ សិរីមន្ត ​ប្រកាស​ឲ្យ​អ្នក ​ដែល​យកឈ្មោះ​ និង​រូបថត​ទៅ​បង្កើត​Page​ក្លែងបន្លំ​ត្រូវ​ប្ដូរ​ឈ្មោះ​ជា​បន្ទាន់​

ភ្នំពេញ ​៖​ ដោយមាន​ការព្រួយបារម្ភ​ក្រោយ​កត់សម្គាល់ឃើញ​មាន​ជន​អនាមិក​មួយចំនួន​ធំ​បាន​យកឈ្មោះ​និង​រូបថត​របស់ខ្លួន​ទៅ​បង្កើតជា​Account Facebook​និង​Page​ក្លែងក្លាយ​បង្ក​ការ​​ភាន់​ច្រឡំ​ដល់​សាធារណជន​នោះ ​កំពូល​តារា​ចម្រៀង​ប្រុស​លោក ខេមរៈ សិរីមន្ត បានប្រកាស​ស្នើ​ឲ្យ​បុគ្គល​ទាំងនោះ​ត្រូវ​បញ្ឈប់​សកម្មភាព​នេះ​បន្ទាន់។
ការ​ចេញមុខ​ប្រកាស​របស់​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស លោក ខេមរៈ សិរីមន្ត នេះ​បាន​ធ្វើឡើង​ស្រប​ពេលដែល​កន្លងមក​និង​បច្ចុប្បន្ន​ឈ្មោះ​ឬ​រូបថត​របស់លោក​ជាច្រើន​ត្រូវបាន​ក្រុម​ជន​អនាមិក ​បន្ត​បង្កើត​ឲ្យ​មាន​Account Facebook​និង​Page​ក្លែងក្លាយ​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ឬ​ប្រព្រឹត្ត​នូវ​ទង្វើ​​ខុសច្បាប់​ណាមួយ​ដែល​ប្រាសចាក​ទៅនឹង​សន្តិសុខ​សង្គម​ជាដើម។

​សាមីខ្លួន​លោក ខេមរៈ សិរីមន្ត បានធ្វើ​ការ​សរសេរ​ប្រកាស​ភ្ជាប់​ជាមួយ​រូបភាព​និង​ឈ្មោះ​Page​ក្លែងក្លាយ​ទាំងអស់នោះ​ថា ​សូម​អរគុណ​បងប្អូន ដែល​តែងតែ​គាំទ្រ​ដល់​ខ្ញុំបាទ​ ជាពិសេស​ដល់​បងប្អូន ដែល​គាំទ្រ​ ហើយ​បាន​បង្កើត​ផេ​ក​ដាក់ឈ្មោះ​ខ្ញុំបាទ​។ ​ខ្ញុំ​ពិតជា​រំភើប​រីករាយ​មែនទែន​សម្រាប់​គាំទ្រ​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​បងប្អូន​…..​។​

លោក ខេមរៈ សិរីមន្ត បានបញ្ជាក់​បន្ថែម​ទៀត​ថា ​ប៉ុន្តែ​ខណៈ​ពេល​នេះ ខ្ញុំបាទ ខេមរៈ សិរីមន្ត សូម​ធ្វើ​ការស្នើ​ដល់​បងប្អូន​ដែល​បាន​បង​បង្កើត​ផេ​ក ដែលមាន​ឈ្មោះ​ខ្ញុំ​សូម​ឲ្យ​បងប្អូន​ប្តូរ​ឈ្មោះ​ទៅ ឈ្មោះ​ផ្សេងទៀត​ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ​ណាមួយ ហើយ​បើ​បងប្អូន​មិនបាន​ប្តូរ​ឈ្មោះ​ទេ ក្រុមការងារ កាន់​ផេ​ក​របស់ខ្ញុំ និង​ធ្វើការ Report (​រាយការណ៍​)​ផេ​ក​បងប្អូន​ហើយ​។ ដោយ​ក្តី​គោរព​អំពីខ្ញុំ ខេមរៈ សិរីមន្ត។

សូមបញ្ជាក់ថា​ករណីនេះ ​ពុំមែន​ទើប​ជា​លើកទីមួយ​ដែល​បាន​និង​កំពុង​កើតមាន​លើ​តារា​ចម្រៀង​លោក ខេមរៈ សិរីមន្ត ​ ពោលគឺ​កន្លងមក​គេ​កត់សម្គាល់ឃើញ​មាន​តារាចម្រៀង​-​សម្តែង​ប្រុស ស្រី​របស់​ខ្មែរ​មួយចំនួនធំ​មកហើយ​ដែល​កើតមាន​បញ្ហា​នេះ​ឡើង​។ ​ខណៈដែល​សាមីខ្លួន​តែង​ចេញមុខ​ប្រកាស​អំពាវនាវ​ឲ្យ​មហាជន​មានការ​ប្រុង​ប្រយ័ត្ន​ខ្ព​ស់​ និង​ថ្កោលទោស​ចំពោះ​ជនអនាមិក​ទាំងនោះ​ផងដែរ​៕​

 

អត្ថបទទាក់ទង