ខេមរៈ សិរីមន្ត ​លាត​ត្រដាង​ការពិត​ជុំវិញ​ជំងឺ ខេមរៈ ស្រី​ពៅ ក្រោយ​ការ​ស្លាប់​ និង​ស្រាយ​ចម្ងល់​មហាជន

Spread the love

ភ្នំពេញ​ ៖ ​បន្ទាប់ពី​ការ​ស្លាប់​របស់​តារា​ចម្រៀង​ស្រី​កញ្ញា ខេមរៈ ស្រី​ពៅ ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​កំពូល​តារា​ចម្រៀង​ប្រុស​លោក ខេមរៈ សិរីមន្ត​ គិត​រហូត​មក​ទល់​ ពេល​នេះ​គេ​កត់សម្គាល់​ឃើញ​ថា​មាន​មហាជន​មួយ​ចំនួន​បាន​បន្ត​ការសង្ស័យ​ដោយ​មិន​អស់ចិត្ត​លើ​ករណី​ជំងឺ​របស់​កញ្ញា​ ខេមរៈ ស្រី​ពៅ​ ខណៈ​មានការ​យល់ឃើញ​ខុស​ៗ​ពី​គ្នា​ទោះបីជា​មានការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​ថា ​ការ​ស្លាប់​របស់ ស្រី​ពៅ គឺ​ដោយសារ​ជំងឺ​ក្រលៀន​និង​សួត​ធ្ងន់ធ្ងរ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ផ្លូវការ​បង្ហើប​ចេញពី​មិត្តភក្តិ​ស្និទ្ធស្នាល​របស់​លោក​ខេមរៈ សិរីមន្ត បាន​ឲ្យ​ដឹងថា​ ដើម្បី​ជា​ការ​ស្រាយ​មន្ទិល​របស់​ទស្សនិកជន​ និង​ព័ត៌មាន​ផ្ទុយ​ពី​ការពិត​មួយ​ចំនួន​នៅ​ព្រឹក​ថ្ងៃទី​០២​ ខែ​កុម្ភៈ​នេះ ​លោក​ខេមរៈ សិរីមន្ត ដែល​ត្រូវជា​បងប្រុស​បង្កើត​កញ្ញា ខេមរៈ ស្រី​ពៅ​ នឹង​មាន​ការ​ចេញមុខ​បកស្រាយ​បញ្ជាក់​ការពិត​លើ​ករណី​ជំងឺ​ប្អូនស្រី​របស់លោក​គឺ​កញ្ញា ខេមរៈ ស្រី​ពៅ ។​

ប្រភព​បាន​បន្តថា ​ថ្វីត្បិតតែ​មានការ​បង្ហើប​ពី​លោក ខេមរៈ សិរីមន្ត ថា ​ខ្លួន​នឹង​ចេញមុខ​លា​ត្រដាង​ការពិត​លើ​ករណី​របស់​កញ្ញា ខេមរៈ ស្រី​ពៅ អំពី​ដើមចម​នៃ​ជំងឺ​ដែល​ព្យាបាល​រហូត​អស់​រយៈពេល​៤​ឆ្នាំ។ ប៉ុន្តែ​ជា​លទ្ធផល​នៅតែ​មិន​អាច​ជួយសង្គ្រោះ​ជីវិត​ប្អូនស្រី​បាន​មក​វិញ​ ក៏​ពិតមែនតែ​លោក​មិនបាន​បញ្ជាក់​ទេ​ថា​ត្រូវ​រៀបចំ​ធ្វើ​ស​ន្និសីទ​សារព័ត៌មាន​ឬមួយ​យ៉ាង​នៅឡើយ​ទេ ខណៈ​មាន​ទស្សនិកជន​ជាច្រើន​កំពុង​ទន្ទឹង​រង់ចាំ​ការបកស្រាយ​ជុំវិញ​រឿងរ៉ាវ​នេះ​​

សូម​បញ្ជាក់​ដែរ​ថា ​ក្រោយពេល​ចប់​ពិធី​បុណ្យសព​៧​ថ្ងៃ​របស់​កញ្ញា ខេមរៈ ស្រី​ពៅ លោក​ក៏បាន​ប្រកាស​ជា​សាធារណៈ​ដោយ​មិន​ទទួលយក​ការ​ច្រៀង​និង​សម្តែង​រយៈពេល​១០០​ថ្ងៃ​ដោយ​បញ្ជាក់​បែបនេះ​ថា​ខ្ញុំបាទ ខេមរៈ សិរីមន្ត សូម​ប្រកាស​ធ្វើការ​កាន់ទុក្ខ​ប្អូនស្រី​ចំនួន​១០០​ថ្ងៃ និង​មិន​ទទួល​ការ​ច្រៀង ឬ សម្តែង​ឡើយ ហើយ​សូម​អគុណ​ដល់​ក្រុមហ៊ុន​ទាំងអស់​ដែល​បាន​យោគយល់​ដល់​រូប ខ្ញុំបាទ​ដែល​កំពុងតែ​មានទុក្ខ​ក្រៀមក្រំ​ជា​ទម្ងន់ ដោយ​លុបចោល​ខន​សើ​ត ហើយ​មិនមាន​ការសង​ការខូចខាត​ឡើយ​សូម​អរគុណ….៕

Facebook Comments

អត្ថបទទាក់ទង