គប់​គ្រាប់បែក​ច្នៃ​​ប៉ង​​ផ្ដាច់​ជីវិត​១​គ្រួសារ​ ​សង្ស័យ​រឿង​គំនុំ

Spread the love

ឧត្តរមានជ័យ​ ៖ ​ជន​សង្ស័យ​មិន​​​ស្គាល់​អត្តសញ្ញាណ​ បាន​យក​គ្រាប់បែក​ច្នៃ​គប់​ទៅ​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ប៉ង​ផ្ដាច់​ជីវិត​១​គ្រួសារ ​មិន​បាន​សម្រេច ​គ្រាន់តែ​បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ម្ចាស់ផ្ទះ​រង​របួស​ស្រាល។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ៨​កើត ខែផល្គុន ឆ្នាំរកា ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​២២​និង​០០​នាទី ​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ​ស្ថិត​ក្នុង​​ភូមិ​ទួល​ពង្រ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ​ខេត្ត​ឧត្តរមានជ័យ។

បើ​តាម​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ​បាន​ឲ្យ​ដឹង​ថា ​ករណី​ខាង​លើ​នេះ បង្កឡើង​ដោយ​ជនសង្ស័យ​ពុំ​ស្គាល់​អត្តសញ្ញាណ ​បាន​គប់​គ្រាប់បែក​ច្នៃ​ចូល​ផ្ទះ​ជនរងគ្រោះ​ឈ្មោះ ឌី ភិ​ច ភេទ​ប្រុស អាយុ​៥៥ រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ជួន ឈុន អាយុ​៤៥ ឆ្នាំ រង​របួស​ស្រាល ដោយ​ដាច់​រលាត់​ត្រង់​កជើង ថ្ងាស និង​គល់ភ្លៅ​ខាងឆ្វេង។ ភ្លាម​នោះ​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ត្រពាំង​ប្រាសាទ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​លោក​ឧត្ដមសេនីយ៍ត្រី ឡឹ​ក សុខា ស្នងការ​រង ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ខេត្ត និង​ស្រុក ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​កន្លែង​កើតហេតុ​រក​ឃើញ​បំណែក​គ្រប់​បែក​ច្នៃ​កំប៉ុង​ជាច្រើន​បំណែក។

លោក​ឧត្ដមសេនីយ៍ត្រី​ស្នងការ​រង បាន​បន្ថែម​ថា ​ឆ្លងតាម​ការ​​ស៊ើប​អង្កេត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ជុំវិញ​កន្លែង​កើតហេតុ​ពី​កម្លាំង​ជំនាញ និង​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ សន្និដ្ឋាន​ថា ​ជា​រឿង​គំនុំ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ធ្វើការ​ស្រាវជ្រាវ​បន្ត​ដើម្បី​កំណត់​មុខសញ្ញា៕

Facebook Comments

អត្ថបទទាក់ទង

Leave a Comment