ឃាតក​រំលោភ​សម្លាប់​ក្មេងស្រី​២​នាក់ នៅ​ខេត្តកំពង់ឆ្នាំង ចាប់ខ្លួនបាន​ហើយ

Spread the love

ខេត្តកំពង់ឆ្នាំង​ ៖ ឃាតក ដែល​ធ្វើ​សកម្មភាព​រំលោភ​សម្លាប់​ក្មេងស្រី​២​នាក់ នៅ​ខេត្តកំពង់ឆ្នាំង ចាប់ខ្លួនបាន​ហើយ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡុ​ច វណ្ណា​រ៉ា ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង នា​រសៀល​ថ្ងៃទី​២១ ខែតុលា។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡុ​ច វណ្ណា​រ៉ា អះអាងថា ជនដៃដល់​ដែល​សម្លាប់​ក្មេងស្រី​បងប្អូន​បង្កើត​២​នាក់ នៅ​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបាន​កម្លាំង​នគរបាល ឃាត់ខ្លួន​បាន​ហើយ។ លោក​បន្តថា ការសម្លាប់​ក្មេងស្រី​ទាំង​២​នាក់​នេះ បានកើត​ឡើង​ពី​ករណី​រំលោភ ហើយ​សម្លាប់ចោល​តែម្តង​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡុ​ច វណ្ណា​រ៉ា បាន​បន្ថែមថា ជនដៃដល់​មានឈ្មោះ ឆុំ ពយ គឺជា​អ្នកជិតខាង​ក្មេងស្រី​រងគ្រោះ។ ជនសង្ស័យ​រូបនេះ បាន​ឡើងទៅ​រំលោភ​ក្មេងស្រី​ជា​បង តែ​ខណៈនោះ​ក្មេងស្រី​ជា​ប្អូន​បានឃើញ និង​ស្រែក ហើយ​ដោយសារ​ខ្លាច​ធ្វើ​ឲ្យ​បែកការណ៍ ជនសង្ស័យ​បាន​យក​ខ្នើយ សង្កត់​ដង្ហើម​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​ភ្លាមៗ​។​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ ក្រោយ​មាន​អំពើ​ឃាត​កម្មនេះ សមត្ថកិច្ច​បាន​ហៅ​ម្តាយមីង និង​ឪពុកមា របស់​ក្មេងស្រី​រងគ្រោះ និង​ជនដៃដល់​ទៅ​សួរនាំ​ផងដែរ​។ តែ​ឪពុកមា និង​ម្តាយមីង​របស់​ក្មេងស្រី​រងគ្រោះ មិន​ពាក់ព័ន្ធ​នោះទេ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡុ​ច វណ្ណា​រ៉ា បាន​គូស​បញ្ជាក់ដែរថា ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​ហើយ កម្លាំង​នគរបាល​របស់លោក នឹង​នាំ​ជនដៃដល់​ទៅធ្វើ​ត្រាប់ នៅ​ទីកន្លែង​កើតហេតុ​ផងដែរ​។​

សូមបញ្ជាក់ថា ក្មេងស្រី​២​នាក់​បងប្អូន​បង្កើត ត្រូវ​ឃាតក​ចិត្តខ្មៅ​គ្មាន​ក្ដី​មេ​ត្ដា​សម្លាប់​រួច​ញាត់​ចូលក្នុង​កេស ហើយ​យកទៅដាក់​លើផ្ទះ​ខ្ទម ដែល​ជនរងគ្រោះ​ស្នាក់នៅ​រាល់ថ្ងៃ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​

សេចក្ដីរាយការណ៍​ពី​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជាធម្មតា​ក្មេងស្រី​ទាំងពីរ ជា​រៀងរាល់​ព្រឹក​តែងតែ​ទៅផ្ទះ​របស់គាត់ ហូបបាយ​ហូប​ទឹក​មន និង​យក​គោ​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ​ជាធម្មតា ចម្លែក​តែ​ព្រឹក​ថ្ងៃកើតហេតុ មិន​បានឃើញ​ក្មេងស្រី​ទាំងពីរ​នាក់​នោះ សាច់ញាតិ​ក៏បាន​នាំគ្នា ដើររក​គ្រប់​ទីកន្លែង​តែ​រក​មិនឃើញ​។ រហូតដល់​ម៉ោង​១១៖៣០​នាទី​ថ្ងៃត្រង់ ពូ​របស់​ជនរងគ្រោះ​បាន​ឡើងលើ​ផ្ទះ​ជនរងគ្រោះ និង​បាន​បើក​កេស​មើល ក៏​ប្រទះឃើញ​សព​ក្មេងស្រី​ទាំងពីរ​ដេកស្លាប់​នៅក្នុង​កេស​នោះ ទើប​ពូ​ជនរងគ្រោះ​លើក​ចេញពី​ក្នុង​កេស​មក​ដាក់​នៅក្រៅ និង​បាន​ប្តឹង​ដល់​សមត្ថកិច្ច ចុះ​មកដល់​កន្លែងកើតហេតុ​តែម្តង​។​

​ក្រោយ​ការពិនិត្យ​កោសល្យ​វិ​ច្ច័​យ សមត្ថកិច្ច​បញ្ជាក់ថា សព​ពិតជា​ត្រូវបាន​ឃាតក​សម្លាប់ និង​យកទៅដាក់​ក្នុង​កេស​ដាក់​ខោអាវ ពិតប្រាកដ​មែន​។ ជនរងគ្រោះ​ទាំងពីរ ទី​១៖​ឈ្មោះ អ​.​ល​.​ណ អាយុ​១៤​ឆ្នាំ និង​ទី​២៖​ឈ្មោះ អ​.​ធ​.​ត អាយុ​៧​ឆ្នាំ​។ អ្វីដែល​កាន់តែ​គួរ​ឲ្យ​អាសូរ​នោះ ឪពុកម្ដាយ​របស់​ក្មេងស្រី​ទាំងពីរ មិនបាន​នៅផ្ទះ​ជាមួយ​នោះទេ ព្រោះ​ម្ដាយ​ទៅ​ធ្វើការ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ និង​ឪពុក​ទៅធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​៕​

Facebook Comments

អត្ថបទទាក់ទង