ឃាត់​ខ្លួន​ជនជាតិ​អាមេរិក​ម្នាក់ ​និង​ខ្មែរ​៣នាក់ ករណី​រក្សា​ទុក​ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់

ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​​កម្រិត​ ធ្ងន់​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ​ខែ​មិថុនា​ ឆ្នាំ​២០១៩​នេះ ​បាន​បញ្ជូន​បុរស​ជនជាតិ​អាមេរិក​ម្នាក់ ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ករណី​រក្សា​ទុក​ និង​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់។ ខណៈ​​ជនជាតិ​ខ្មែរ​៣​នាក់​នាក់​ទៀត ​ក៏​ត្រូវ​បាន​ចាប់ខ្លួន​​នៅ​ខេត្ត​សៀមរាប ​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ និង​ប្រើប្រាស់​អាវុធ​ដូចគ្នា​​នេះ​ដែរ។

ប្រតិបត្តិ​ការ​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​អាមេរិក​នេះ​ សមត្ថកិច្ច​រឹបអូស​ និង​បញ្ជូន​នូវ​វត្ថុតាង​អាវុធខ្លី​ប្រភេទ​ទំនើបៗ​ចំនួន​៩​ដើម​គ្រាប់​៩​ម​.​ម​ចំនួន​៦៦​គ្រាប់​មក​អោយ​តុលាការ​ផងដែរ។ ជនសង្ស័យ​និង​អាវុធ​យុទ្ធ​ភណ្ឌ​ទាំងនេះ​ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​២០ ផ្លូវ​លេខ​៩៧ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ទី​១-​ឈ្មោះ ABOU RAMAN ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ជនជាតិ​អាមេរិក។ ចំណែក​ស្ត្រីជន​ជាតិចិន​ឈ្មោះ Lopex Xian អាយុ​៣២​ឆ្នាំ​ជា​សង្សារ​របស់​ជនសង្ស័យ និង​ឈ្មោះ ភឿន សា​រ៉ា ភេទ​ប្រុស ជនជាតិខ្មែរ ជា​មន្ត្រី​យោធា​និង​ជា​អ្នកស៊ីឈ្នួល​យាម​ផ្ទះ​អោយ​ជនសង្ស័យ ត្រូវ​បាន​ដោះលែង​អោយមាន​សេរីភាព​វិញ​ហើយដោយ​សារ​អ្នក​ទាំង​២​មិន​ពាក់ព័ន្ធ​និង​បទល្មើស។

ប្រភព​ពី​សមត្ថកិច្ច​សង្ស័យ​​ថា ​បុរស​ជនជាតិ​អាមេរិក​នេះ​គឺជា​បណ្ដាញ​ជួញដូរ​អាវុធ​ឆ្លង​​​យ៉ាងសកម្ម ដោយមាន​បក្សពួក​ធ្វើការ​នាំចូល​អាវុធ​និង​លក់​បន្ត​អោយ​ជន​សង្គមងងឹត។ ផ្ដើមចេញពី​ការបង្ក្រាប​នៅ​ភ្នំពេញ​ប្រភព​ព័ត៌មាន​ពី​ខេត្តសៀមរាប​ បានអោយដឹង​ថា ​សមត្ថកិច្ច​ខេត្ត​សៀមរាប ​បាន​ចាប់ខ្លួន​ជនបរទេស​៣​នាក់​ផងដែរ​ ពាក់ព័ន្ធ​នឹង​ករណី​ចាប់​បុរស​ជនជាតិ​អាមេរិក​នៅ​ភ្នំពេញ៕

អត្ថបទទាក់ទង