ចម្លាក់​លិង្គ​បុរាណ​ចំនួន​៣​ ស្ថិតនៅ​លើ​ភ្នំ​គូលែន ​ត្រូវបាន​ចោរលួច​យក​ទៅ​បាត់

Spread the love

សៀមរាប ​៖ ​បុគ្គលិក​បច្ចេកទេស​របស់​អាជ្ញាធរ​ជាតិ​អប្សរា ប្រចាំ​នៅលើ​ខ្នងភ្នំ​គូលែន​បាន​ប្រទះឃើញ​ស្លាកស្នាម​ ដែល​ត្រូវបាន​ជនល្មើស លួច​ដាប់​ចម្លាក់​លិង្គព្រះឥសូរ ធ្វើ​អំពី​ថ្មភក់​ចំនួន​៦ ស្ថិតនៅ​បាត​ស្ទឹង​លិង្គ ១០០០ លើ​ភ្នំ​គូលែន​កាលពី​ថ្ងៃ​ទី​១៨​ ខែមីនា ឆ្នាំ​២០១៨។ នេះ​បើ​យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា។

របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា ​ដែល​បានធ្វើ​លិខិត​ប្តឹងទៅ​សមត្ថកិច្ច​បានបញ្ជាក់​ថា លិង្គព្រះឥសូរ ធ្វើ​អំពី​ថ្មភក់​ចំនួន​៦ គឺមាន​៣ ត្រូវបាន​ជនល្មើស​ដាប់​យកទៅ​បាត់​និង​៣​ទៀត ដាប់​ជិត​ដាច់​ពី​ទម្រ​ដូច្នេះ អាជ្ញាធរ​ជាតិ​អប្សរា​ស្នើ​ឲ្យ​ស្នងការ​នគរបាល​ខេត្តសៀមរាប ធ្វើការ​ស្រាវជ្រាវ​ចាប់​ជនល្មើស​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​ដោយ​មិនអាច​លើកលែង​បានឡើយ។

កាលពី​ថ្ងៃទី​២៧ ​ខែមីនា ឆ្នាំ​២០១៨ ​ស្នងការ​ខេត្ត​សៀមរាប​បាន​បញ្ជា​ឲ្យ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ចុះទៅ​ស្រាវជ្រាវ​ដល់​ចំណុច​កើតហេតុ​ដែល ត្រូវ​ជនខិលខូច​លួច​វាយបំផ្លាញ ចម្លាក់​លិង្គ​មួយ​ពាន់​ស្ថិតនៅ​ស្ទឹង​លិង្គ​មួយ​ពាន់ ភូមិ​ព្រះអង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប។

ក្រោយពី​ចុះ​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ថា ​ពិតជា​មាន​ករណី​នៃ​ការ​វាយ​បំផ្លាញ​រូបចម្លាក់​លិង្គ អស់​ចំនួន​៦​លិង្គ​បណ្ដាល​ឲ្យ​ខូចខាត​លិង្គ​ទាំងស្រុង​ចំនួន​៣​លិង្គ និង​ខូចខាត​មធ្យម ចំនួន​៣​លិង្គ​។ ជុំវិញ​កន្លែង​កើតហេតុ ពុំ​មាន​អ្វី​បន្សល់ទុក គួរ​ឲ្យ​កត់សម្គាល់​ទេ។ បច្ចុប្បន្ន​សមត្ថកិច្ច កំពុង​ធ្វើការ​ស្រាវជ្រាវ​វែក​រកមុខ​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាមច្បាប់៕

Facebook Comments

អត្ថបទទាក់ទង