ចេញ​១​បទ​នេះ​ហើយ​ អាចធ្វើ​ឲ្យ​នាយ ចឺម ស្ទើរ​បាត់បង់​ប្រជាប្រិយភាព​ទាំងស្រុង

ភ្នំពេញ​ ៖​ តារាចម្រៀង​វ័យក្មេង​នាយ ចឺម និង​ផលិតកម្ម​សាន់​ដេ ថ្មីៗ​នេះ ​បាន​បញ្ចេញ​ផ្សព្វផ្សាយ​នូវ​បទ​ចម្រៀង​ដែល​ជា​លំនាំ​មរតក​ដើម​ដើម​មក​កែច្នៃ​កាឡៃ​មាន​ចំណងជើង​ថា អូន​ជា​អ្នកមាន​សម​នឹង​អ្នកមាន​ដូចគ្នា។ ប៉ុន្តែ​ក្រោយពេល​ដែល​បទ​នេះ​ចេញ​មិនទាន់បាន​ប៉ុន្មាន​ផង​ក៏​ស្រាប់តែ​ផ្ទុះ​នូវ​ការរិះគន់​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​ហូត​មានការ​ចុះផ្សាយ​នៅ​លើ​សារព័ត៌មាន​ជាច្រើន។

មិន​ខុសគ្នា​ពី​មហាជន​នោះទេ ​ភ្លាមៗ​នោះ​ក៏មាន​អ្នកសិល្បៈ​រួមទាំង​កូនប្រសា​របស់​កវីនិពន្ធ គ​ង្គ ប៊ុន​ឈឿន គឺ​លោក មុត ថា​រី បា​ន​​បញ្ចេញ​ប្រតិកម្ម​រិះគន់​ដោយ​សង្កត់ធ្ងន់​លើ​ករណីនេះ​ផងដែរ។ ម្យ៉ាងទៀត​មតិ​រិះគន់​ជាច្រើន​នេះ​ហាក់​កំពុងតែ​រុញច្រាន​ឲ្យ​តារាចម្រៀង​នាយ ចឺម ធ្លាក់ចុះ​នូវ​ប្រជាប្រិយភាព​និង​ការគាំទ្រ​ពី​សំណាក់​មហាជន​គ្រប់​ស្រទាប់​វ័យ។

ជាក់ស្តែង​លោក មុត ថា​រី ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កូនប្រសា​របស់​កវីនិពន្ធ គ​ង្គ ប៊ុន​ឈឿន និង​ជា​អ្នកដឹកនាំ​សម្តែង​បាន​ផ្ទុះ​ការរិះគន់​យ៉ាងខ្លាំង​ដល់​នាយ ចឺម ដោយ​ការលើក​ឡើង​ថា​ អ្វីដែល​ខ្ញុំ​ចង់​សរសេរ​ថ្ងៃនេះ​គឺ​ប្រាប់​ទៅដល់​ផលិតករ​និង​អ្នក​ច្រៀង​ថា បើ​យក បទ​ភ្លេង​ឬ​ទំនុកច្រៀង​នៃ​មរតក​ដើម​មក​ធ្វើ​អាជីវកម្ម​ត្រូវតែ ប្រាប់​ឬ​សរសេរ​ឈ្មោះ​អ្នកនិពន្ធ​ដើម​ផង​ទៅ។

លោក​ថា អស់លោក​មិន​ថោកទាប​ទេ​ដែល​ប្រាប់​ឈ្មោះ​ម្ចាស់​ដើម​គេ ហើយ​លោក​ក៏​មិន​ថ្លៃថ្នូរ​មាន​កិត្តិយស​ស្អី​ដែរ​នៅពេលដែល​លួច​ស្នាដៃ​គេ​ថា​ជា​របស់ខ្លួន​នោះ។ ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ លោក​អា​នាយ ចឺម ជ្រើម​ខុស​ក្បួន ឈប់​បាន​ឈប់​ទៅ​ស្រែក​លូ​ដូច​សត្វ​សុនក​ត្រូវ​មួយ​ដំបង លួច​ចម្លង​បទ​ភ្លេង​របស់​គេ អួត​និពន្ធ​ខ្លួនឯង ឈប់​ជ្រើម​បាន​ឈប់​ជាបន្ទាន់​ទៅ។ គិតថា​មិន​ចង់​លូក​មាត់​ទេ​តែ​គិត​ទៅ​វា​ជ្រើម​ជ្រុល។

ជាមួយគ្នានេះដែរ​លោក ហេង ឡុង ដែល​ត្រូវជា​ស្វាមី​ឥត​ខាន់ស្លា​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏បាន​លើកឡើងថា ក្នុងនាម​ខ្ញុំបាទ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់ សមាគម​សិល្បករ​ខ្មែរ ករណី​ផលិតកម្ម​សាន់​ដេ ដែល​បាន​យក​ស្នាដៃ​របស់​លោកពូ គ​ង្គ ប៊ុន​ឈឿន មក​កែ​មេ​ឡូ​ឌី និង​ទំនុកច្រៀង ខ្ញុំបាទ​សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន សូមមេត្តា​លុប​បទ​ដែល​ច្រៀង​ដោយ នាយ ចឹ​ម ដែលមាន​ចំណងជើង​ថា “​អូន​ជា​អ្នកមាន សម​នឹង​អ្នកមាន​ដូចគ្នា​” ចេញពី​បណ្តាញ​សង្គម ក៏ដូចជា​ប្រព័ន្ធ youtube ដើម្បី​ជៀសវាង​ការប៉ះពាល់​ដល់​ទឹកចិត្ត​ក្រុមគ្រួសារ​របស់លោក​បពូ គ​ង្គ ប៊ុន​ឈឿន​។

លោក ហេង ឡុង បាន​បន្តថា​ សូម​លោក​អគ្គនាយក​របស់​ក្រុមហ៊ុន​សាន់​ដេ មេត្តា​ពិចារណា​សំណើ​ខាងលើ​ដោយ​ក្តី​អនុគ្រោះ​បំផុត​។ សូម​លោក​អគ្គនាយក​មេត្តា​ទទួល​ការគោរព​រាប់អាន​ពី​ខ្ញុំបាទ​។​ដោក​ឡែក​តារា​ចម្រៀង​លោក ម៉ៃ សុគន្ធ ក៏បាន​ប្រតិកម្ម​ដែរ​ថាបើ​យក​បទ​មរតក​ដើម​មក​ច្រៀង​ក៏​ច្រៀង​ទៅ តែ​កុំ​យក​មក​កែ​ស្រែក​អា​ឡេ​អា​ឡូ បាត់​ទម្រង់​ដើម​ហើយ​ថា​ជា​របស់ខ្លួន​ទៀត​ធ្វើ​ចឹ​ង​ស្មាន​គេ​អត់​ដឹង​មែន​។​

លោក ម៉ៃ សុគន្ធ បាន​បន្ថែម​ថា ចឺម ហ្អា បើ​ច្រៀង​មរតក​ដើម​មិនកើត​ទេ កុំអោយ​ខូច​បទ​មរតក​ដើម​យក​មក​ស្រែក​អា​ឡេ​អា​ឡូ​ដូច​មនុស្ស​មិន​គ្រប់ទឹក ឈប់​ទៅ បង​សុំ​ចុះ រក​បទ​ណា​ដែល​ត្រូវ​នឹង​សមត្ថភាព​អូន​ទៅ បង​គិត​ថា​ អូន​ធ្វើ​បាន​ទៅ​ថៃ គេ​យក​មរតក​ដើម​គេ​មក​ច្រៀង គេ​មិន​ដូរ​ទម្រង់​ដើម​គេ​ទេ នេះ​បាន​ហៅថា​អភិរក្ស៕


អត្ថបទទាក់ទង