ចែ gleamy ត្រូវ​តុលាការ​បញ្ជូន​ទៅ​ពន្ធនាគារ​ជា​លើក​ទី​២​លើ​ករណី​រំលោភ​លើ​ទំនុក​ចិត្ត

Spread the love

ភ្នំពេញ ​៖​ នារី​ស្រស់​ស្អាត​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ឬ​ហៅ​ឈ្មោះថា​ចែ gleamy (​ឈ្មោះ​ពិត មូល មន្និ​និ​ច​)​កាលពី​ព្រលប់​ថ្ងៃទី​៣០​ ខែមករា ឆ្នាំ​២០១៩​ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​យក​ទៅ​ឃុំខ្លួន​ជាថ្មី​ម្ដងទៀត​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត។ នេះ​បើ​យោង​តាម​​​ដីកា​បង្គាប់​ឲ្យ​យក​ទៅ​ឃុំខ្លួន​របស់​លោក ម៉ៅ ស៊ីណា ចៅក្រមស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ​នារី​ជា​ជនជាប់ចោទ​មាន ឈ្មោះ មូល មន្និ​និ​ច ភេទ​ស្រី អាយុ​២៦​ឆ្នាំ មាន​មុខរបរ​លក់ដូរ​ស្នាក់​នៅផ្ទះ​លេខ ៥០៤ ផ្លូវ​លេខ​២៧១​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចម្ការមន នារី​រូប​នេះ​ ធ្លាប់​ជាប់ពន្ធនាគារ​រយៈ​ពេល​១៨​ខែម្តង​រួចមកហើយ​ពីបទ​សមគំនិត​ក្នុង​អំពើ​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​។​

ប្រភព​បាន​បន្តថា មូល មន្និ​និ​ច ហៅ​ចែ gleamy​ត្រូវបាន​សមត្ថកិច្ច​ផ្នែក​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ចាប់ខ្លួន​ជា​លើក​ទី​២​កាលពី​ថ្ងៃទី​៣០ ​ខែមករា ​ឆ្នាំ​២០១៩ ​ហើយ​ត្រូវ​បញ្ជូនមក​តុលាការ​ភ្លាមៗ ។ ខណៈដែល​ជន​រូបនេះ​គឺ​ស្ថិត​នៅក្រោមការសាកសួរ​របស់ ម៉ៅ ស៊ីណា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

ប្រភព​លើកឡើងថា​ជននេះ ​ត្រូវបាន​សម្រេច​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ពីបទ​រំលោភ​លើ​សេចក្ដីទុកចិត្ត​ប្រព្រឹត្ត​នៅផ្ទះ​លេខ ៥០៤ ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ ជា​បទល្មើស​ដែលមាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា​៣៩១ មាត្រា​៣៩២ នៃ​ក្រមព្រហ្មទណ្ឌ​។ ​ករណីនេះ​ត្រូវបាន​បង្គាប់​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច នៃ​កងកម្លាំង​សាធារណៈ​ឲ្យ​នាំ ឈ្មោះ មូល មន្និ​និ​ច ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ម​២ ព្រៃ​ស រហូតដល់​មានការ​សម្រេច​ជាថ្មី​ពី​តុលាការ​។​

សូម​ជម្រាបជូន​ថា ផលិតផល​គ្លី​មមី​បានចាប់ផ្តើម​ចេញលក់​លើ​ទីផ្សារ​អំឡុង​ឆ្នាំ ២០១៤​ ហើយ​ផលិតផល​នេះ​ត្រូវបាន​កញ្ញា មូល មន្និ​និ​ច ហៅ​ចែ gleamy ជា​អ្នក​រកឃើញ​រូបមន្ត​ថ្នាំ​ព្យាបាល​សម្រស់​បែប​ធម្មជាតិ​។​ សូមបញ្ជាក់ថា​នេះ​ជា​លើក​ទី​២​ហើយ​ដែល​កញ្ញា មូល មន្និ​និ​ច ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​ដាក់ពន្ធនាគារ​ព្រៃ​ស​៕

 

Facebook Comments

អត្ថបទទាក់ទង