ជនរងគ្រោះ​​ស្លុត​ពេក​រលូត​កូន​ ​ក្នុង​ផ្ទៃ ​ខណៈ​អគ្គស្នងការ​នគរបាល​ជាតិ​បញ្ជា​ឲ្យ​ចាប់ បញ្ជូន​ជនដៃដល់ ឌួង ណាគ្រី ទៅកាន់​តុលាការ

ភ្នំពេញ ​៖​ ទីបំផុត​មិនអាច​រួចផុត​ពី​សំណាញ់​ផ្លូវច្បាប់​នោះទេ​ ខណៈដែល​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជា​ឲ្យ​ចាប់បញ្ជូន​ជនដៃដល់​ឈ្មោះ​ឌួង ណាគ្រី អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​លើ​ករណី​ដែល​ប្រើ​កាំភ្លើង​បាញ់​ប៉ង​សម្លាប់​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​កក្រើក​មេឃ​។​

បើ​យោងតាម​ការចុះផ្សាយ​សារព័ត៌មាន​ល្បីឈ្មោះ​ក្នុងស្រុក​មួយ​បាន​ដកស្រង់​សម្តី​ផ្ទាល់​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន តាមរយៈ​បទសម្ភាសន៍​បែបនេះ​ថា ​នៅ​រសៀល​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៩​នេះ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន​បាន​បញ្ជា​ឲ្យ​ចាប់បញ្ជូន​ជនដៃដល់​ឈ្មោះ​ឌួង ណាគ្រី ទៅ​តុលាការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ហើយ​។​

ប្រភព​ដដែល​បាន​បន្តថា​ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន បាន​ថ្លែង​ឡើង​ថា​នៅពេលនេះ​ខ្ញុំ​បាន​បញ្ជា​ឲ្យ​នាំខ្លួន ឌួង ណាគ្រី ទៅកាន់​ព្រះរាជអាជ្ញា ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ហើយ​នៅ​បន្ដិចទៀតនេះ​។​ តាមរយៈ​នេះ​បានធ្វើ​ឲ្យ​មហាជន​សារ​ទរ​លើ​ការផ្ដល់​យុត្តិធម៌ ជូន​ជនរងគ្រោះ​ដែល​រង​ការបាញ់​ប៉ង​សម្លាប់​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​។​

ដោយឡែក​បើ​ចាប់អារម្មណ៍​មក​មើល​ពី​ស្ថានភាព​របស់​ជនរងគ្រោះ​ជា​ប្រពន្ធ​ឯ​ណោះ​វិញ​ត្រូវបាន​បុរស​ជា​ប្តី​លោក ភូ​រិ​ស្ស ស្តូ​រ៉ា​ន់ បាន​បញ្ជាក់ថា ​ភរិយា​លោក​គឺ​បាន​រលូត​កូន​នៅក្នុង​ផ្ទៃ​ទើប​មាន​អាយុ​៣​ខែ​ហើយ ​ព្រោះតែ​គាត់​មាន​អារម្មណ៍​តក់ស្លុត​និង​ភិតភ័យ​ជាខ្លាំង​ពេល​ជាមួយនឹង​ស្នូរ​គ្រាប់កាំភ្លើង​ផ្ទួនៗ​គ្នា​ចំនួន​៥​គ្រាប់​ដែល​ត្រូវបាន​ជនបង្ករ ឌួង ណាគ្រី បាញ់​ទម្លុះ​កញ្ចក់​រថយន្ដ​ពីក្រោយ​ប៉ុង​ប៉ង​ផ្តាច់ជីវិត​លោក​និង​ភរិយា​។​

ចំពោះ​ករណី​នេះដែរ​នៅ​ថ្ងៃទី​០៣ ខែឧសភា​នេ អគ្គព្រះរាជអាជ្ញា នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ លោក អ៊ុក សាវុធ បាន​បញ្ជា​ឲ្យ​ព្រះរាជអាជ្ញា នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវតែ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ លោក ឌួង ណាគ្រី ដែល​ប៉ង​បាញ់សម្លាប់​ជនរងគ្រោះ​២​នាក់​ប្ដី​ប្រពន្ធ​នៅក្បែរ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ច្បារអំពៅ​។​

សូមបញ្ជាក់ថា​ករណី​ដ៏​រសើប​នៃ​ការប្រើ​កាំភ្លើង​បាញ់​ប៉ង​សំដៅ​សម្លាប់​ជនរងគ្រោះ​២​នាក់​ប្ដី​ប្រពន្ធ​ពី​សំណាក់​លោក ឌួង ណាគ្រី នេះ​បាន​កើតឡើង​ក្បែរ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ច្បារអំពៅ​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩​កន្លងមកនេះ​៕​

អត្ថបទទាក់ទង