ភ្នំពេញ ៖ គិតមកទល់ពេលនេះមានរយៈពេលទើបតែ១សប្តាហ៍ប៉ុណ្ណោះ ដែលចម្រៀងបទ «វីរៈបុរសកម្ពុជា» ពីសំណាក់តារាវ័យក្មេងលោក សាល ចាន់ស៊ី ច្រៀងរលឹកពីការចងចាំគុណបំណាច់ដ៏ធំធេងរបស់លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់បានកើនចំនួនទស្សនារហូតជិត ១ លានដង។
ជាការពិតមិនត្រឹមតែមានអត្ថន័យកំសត់និងពីរោះលន្លង់លន្លោចនោះទេ បទចម្រៀងថ្មីដែលនិពន្ធឡើងជាការរៀបរាប់អំពីកុមារកម្ពុជា និងគុណបំណាច់ដ៏ធំធេង របស់លោកវេជ្ជបណ្ឌិត Beat Richner បច្ចុប្បន្នកំពុងបង្កការចាប់អារម្មណ៍និងគាំទ្រច្រើនពីសំណាក់មហាជនគ្រប់ស្រទាប់វ័យ។ បទ «វិរៈបុរសកុមារកម្ពុជា» គឺជាសំនៀងរបស់តារាប្រុសវ័យក្មេង លោក សាល ចាន់ស៊ី និងនិពន្ធដោយលោក សយ សិរីវុឌ្ឍ ហើយសម្រួលបទភ្លេងដោយលោក ផល វឌ្ឍនៈ។
បទ «វិរៈបុរសកុមារកម្ពុជា» ដែលជាសំនៀងដ៏កំសត់ ពីសំណាក់តារាចម្រៀងវ័យក្មេង លោក សាល ចាន់ស៊ី នាពេលនេះបានធ្វើឡើងស្របពេលដែល ប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងតែកាន់ទុក្ខ និងមានការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ធនធានមនុស្ស ដែលមានមនសិការ ស្រឡាញ់ និង បានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា មានចំនួនរាប់លាននាក់ គឺលោកវេជ្ជបណ្ឌិត Beat Richner ៕