ថៅកែ​ហាង​ឌែ​ម៉ូ​គ្លីនិក​ និង​គ្រូពេទ្យ​វះកាត់​កែ​សម្ផស្ស​ពាក់ព័ន្ធ​ជំរិត​ទារ​ប្រាក់​ពី​អតិថិជន ​ត្រូវ​បាន​ដោះលែង​វិញ

ភ្នំពេញ ​៖ ​ទីបំផុត​ថៅកែ​ហាង​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក​ និង​គ្រូពេទ្យ​វះកាត់​ម្នាក់ទៀត ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​ចេញពី​ពន្ធនាគារ (PJ) វិញ​ហើយ​កាលពី​ព្រលប់​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩​កន្លង​មក​នេះ។

បើ​យោង​តាម​មន្ត្រី​តុលាការ​ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា​ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ម៉ុង មុន្នី​សោភា បានសម្រេច​ដោះលែង​ថៅកែ​ហាង​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក​និង​គ្រូពេទ្យ​វះកាត់​ម្នាក់ទៀត ឲ្យ​មាន​សេរីភាព​វិញ​ហើយ​កាលពី​ព្រលប់​ថ្ងៃទី​២៤ ខែមករា ក្រោយ​អ្នក​ទាំងពីរ​ត្រូវបាន​បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់ពន្ធនាគារ PJ​បណ្តោះអាសន្ន​។​

សូមបញ្ជាក់ថា​ កម្លាំង​ក​ង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កាលពី​រសៀល​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៩​កន្លងមកនេះ​ បាន​ចុះ​ឃាត់ខ្លួន​ម្ចាស់​ហាង​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក​ក្រោយ​មាន​បណ្ដឹង​រឿង​ជំរិត​ទារ​ប្រាក់ ពី​អតិថិជន​ដែល​ចូលទៅ​ទទួល​សេវា​កែ​សម្ផស្ស​។​ ករណី​នេះ​ ក៏បាន​ធ្វើ​ឲ្យ​មាន​កក្រើក​ពេញ បណ្តាញ​សង្គម Facebook ផងដែរ។

ជន​ត្រូវ​ចោទ​ទាំង​២​នាក់​នេះ​ទី​១,​មានឈ្មោះ ហូ​វ ដា​ណេ ជា​ថៅកែ​ហាង​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក​និង​ទី​២,​ឈ្មោះ ពៅ ស៊ី​ណាត ជា​គ្រូ​ពេទ្យវះកាត់​ផ្នែក​កែ​សម្ផស្ស​។​ បន្ទាប់ពី​មានការ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​៤ ​ខែមករា​ ឆ្នាំ​២០១៩​ កន្លង​មក​នេះ ​អ្នក​ទាំងពីរ​ត្រូវ​បាន​លោក​សឿន​មុនី​រ័ត្ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រា​ធានី​ភ្នំពេញ​ចោទប្រកាន់​ពីបទ ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​»​តាម​មាត្រា​៣០២​នៃ​ក្រមព្រហ្មទណ្ឌ​,«​បទ​កំហែង​យក​» តាម​មាត្រ​៣៦៣ និង​មាត្រា​៣៦៤​នៃ​ក្រមព្រហ្មទណ្ឌ និង «​បទ​ការគំរាមកំហែង​ហែកកេរ្តិ៍​» តាម​មាត្រា​២៧២ និង​មាត្រា​២៧៣​នៃ​ក្រម​ព្រហ្មទណ្ឌ៕​

  

អត្ថបទទាក់ទង