ទទួល​បាន​ចំណងដៃ​កន្លះ​ម៉ឺន​ដុល្លារ​ពី​សម្តេច​តេ​ជោ​ មុន​ថ្ងៃ​រៀបការ​ធ្វើ​ឲ្យ កុល ដាវី​និង​សុខ រក្សា ញញឹម​បិទមាត់​មិន​ជិត

Spread the love

ភ្នំពេញ ​៖​ មុនពេល​ចូល​រោងការ​មួយថ្ងៃ​តារា​សម្តែង​ស្រី​កញ្ញា កុល ដាវី និង​លោក សុខ រក្សា បាន​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត ​និង​រំភើប​ខ្លាំង​ដោយ​ធ្វើការ​រម្លឹក​ដល់​ចំណងដៃ​នៃ​អាពាហ៍ពិពាហ៍​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិ​ក្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នូវ​ទឹកប្រាក់​ចំនួន​កន្លះ​ម៉ឺន​ដុល្លារ​(៥​ពាន់​ដុល្លារ)។

ពិធីមង្គលការ​រវាង​តារា​ស្រី​កញ្ញា កុល ដាវី និង​លោក សុខ រក្សា ត្រៀម​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៩​ពោលគឺ​ធ្វើឡើង​ចំ​ថ្ងៃ​ឈប់សម្រាក​នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ខណៈដែល​ភ្ញៀវ​ដែល​ត្រូវបាន​អញ្ជើញ​មាន​ចំនួន​ជាង​៥០​តុ​ ដោយ​ក្នុងនោះ​មាន​អ្នកសិល្បៈ​មាន​ចំនួន​២៥​តុ​។​ ចំណែក​ទីកន្លែង​ទទួលភ្ញៀវ​គឺធ្វើឡើង​នៅ​អគារ​C កោះ​ពេជ្រ។

ស្របពេល​ដែល​កៀក​ចូលដល់​ថ្ងៃ​ពិសេស​របស់​គូស្នេហ៍​តារា​ប្រុស​-​ស្រី​ទាំងពីរ​នេះដែរ ​កញ្ញា​កុល ដាវី បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​ថា​ យើងខ្ញុំ​ទាំងពីរ​នាក់​ពិតជា​រំភើបចិត្ត​ខ្លាំងណាស់ រក​អ្វី​និយាយ​ប្រៀប​ពុំបាន​ឡើយ​លើក​ទី​២​ហើយ​ដែល​សម្តេច​មីង​លោក​បាន​សួរនាំ​ពីថ្ងៃ​រៀប​មង្គលការ​របស់​ពួក​ខ្ញុំ។ ពិតជា​មហា​កិត្តិយស​ដ៏​ធំធេង​ណាស់​ដែល​សម្តេច​មីង​និង​សម្តេច​ពូ​លោក​ទាំង​ពីរបាន​ចងដៃ​យើងខ្ញុំ​ទាំងពីរ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​ចំនួន​៥000​ដុល្លារ​នៅ​ថ្ងៃ​១៤​កុម្ភៈ​ចំ​ថ្ងៃបុណ្យ​ទិវា​នៃ​ក្តី​ស្រលាញ់​….។

កញ្ញា កុល ដាវី និយាយ​បន្តទៀតថា យើងខ្ញុំ​ទាំងពីរ​នាក់ សូម​ថ្លែង​អំណរ អរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត និង សូម​គោរព​ជូនពរ​សម្តេច​ទាំងពីរ​មាន​សុខភាព​ល្អ មាំមួន និង មាន​សុភមង្គល​ក្នុង​ក្រុមគ្រួសារ ជា​ម្លប់​ដល់ កូន កូនចៅ ជាពិសេស​ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​ឈានទៅរក​ភាព​រីកចម្រើន និង សុខសន្តិភាព ដោយ​ក្តី​គោរព​ដ៏​ខ្ពង់ខ្ពស់​ពី​យើងខ្ញុំ​ទាំងពីរ។

បើ​គិត​រហូត​មកទល់ពេលនេះ​ តារា​សម្តែង​សិច​ស៊ី​កញ្ញា កុល ដាវី និង​លោក សុខ រក្សា បាន​ភ្ជាប់​ចំណងស្នេហា​ជាមួយគ្នា​មាន​រយៈពេល​ប្រមាណ​ជិត​៥​ឆ្នាំ​មកហើយ។ ស្នេហា​របស់​អ្នកនាង​ទាំងពីរ​គឺ​មិនបាន​បិទបាំង​ភ្នែក​មហាជន​អ្នកគាំទ្រ​នោះឡើយ​ ខណៈដែល​ពួកគេ​ក៏បាន​ភ្ជាប់​ផ្លូវការ​អំឡុង​ពេល​១​ឆ្នាំ​មុននេះ​ផង​នោះ៕

 

Facebook Comments

អត្ថបទទាក់ទង