ទិដ្ឋភាព​ដ៏​សង្វេគ​នៃ​ពិធី​បុណ្យ​សព​គម្រប់​ខួប​៧​ថ្ងៃ ខេមរៈ ស្រី​ពៅ ​ខណៈ​មាន​អ្នក​សិល្បៈ​ល្បីៗ​បង្ហាញ​វត្ត​យ៉ាង​ក្រៀមក្រំ​បំផុត!

ភ្នំពេញ ​៖​ នៅ​ថ្ងៃ​ទី​៣០ ​ខែ​មករា​ ឆ្នាំ​២០១៩​នេះ​ គឺជា​ពិធីបុណ្យ​គម្រប់​ខួប​៧​ថ្ងៃ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​តារា​ចម្រៀង​កញ្ញា ខេមរៈ ស្រី​ពៅ បន្ទាប់ពី​ទទួលមរណភាព​កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨​នៅ​ប្រទេស​ឥណ្ឌា ​ដោយសារ​ជំងឺ​ក្រលៀន​និង​សួត​ធ្ងន់ធ្ងរ​។​ ដំណឹង​នៃ​ការស្លាប់​របស់​កញ្ញា ខេមរៈ ស្រី​ពៅ​ បានធ្វើ​ឲ្យ​កក្រើក​អស់​មហាជន​និង​អ្នកសិល្បៈ​សម្តែង​ការ​សោកស្តាយ​នៃ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ។

តាម​ការ​កត់សម្គាល់​ទិដ្ឋភាព​រួម​របស់​ពិធីបុណ្យ​គម្រប់​ខួប​របស់​កញ្ញា ខេមរៈ ស្រី​ពៅ ចាប់តាំង​ពី​រសៀល​រហូត​មកទល់ពេលនេះ ​គឺមាន​អ្នកគាំទ្រ​និង​តារា​សិល្បៈៗ​ជាច្រើន​បង្ហាញ​វត្តមាន​ចូលរួម​ដោយ​ទឹកមុខ​ក្រៀមក្រំ​បំផុត​។​ ចំពោះ​តារា​សិល្បៈ​ល្បីៗ​ដែល​ចូលរួម​ពិធី​បុណ្យ​សព​កញ្ញា ខេមរៈ ស្រី​ពៅ រួមមាន​៖​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ​,​កញ្ញា ឱក សុគន្ធ​កញ្ញា ,​អ្នកនាង សុគន្ធ នីសា ,​កញ្ញា ទេព បូ​ព្រឹក្ស ,​លោក G-devith ,​លោក ខេ​ម រួមជាមួយ​តារា​ប្រុស​-​ស្រី​ល្បីៗ​ជាច្រើន​ទៀត​។​

ពិធីបុណ្យ​គម្រប់​ខួប​៧​ថ្ងៃ​របស់​កញ្ញា ខេមរៈ ស្រី​ពៅ បានរៀបចំ​ធ្វើឡើង​នៅ​គេហដ្ឋាន​របស់​លោក ខេមរៈ សិរីមន្ត ដែល​ត្រូវជា​បងប្រុស​បង្កើត​ដែល​មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​សួន​សុបិន​ចំការ​ព្រីង​ក្បែរ​វត្ត​សំរោង​អណ្តែត។ ខណៈ​ពិធី​នេះ​ បានរៀបចំ​ធ្វើឡើង​ដោយ​ទិដ្ឋភាព​ក្រៀមក្រំ​និង​សោកស្តាយ​បំផុត​នៃ​ការបាត់បង់​អ្នកសិល្បៈ​ដ៏​មាន​សមត្ថភាព​រូបនេះ​។​

សូម​ជម្រាប​ដែរ​ថា គិត​មកទល់​ថ្ងៃនេះ ​ដំណឹង​នៃ​ការស្លាប់​របស់​តារា​ចម្រៀង​កញ្ញា ខេមរៈ ស្រី​ពៅ នៅតែ​បន្ត​ស្ថិត​ក្នុង​ភាព​សោកសៅ ​និង​ក្រៀមក្រំ​បំផុត​ សម្រាប់​ក្រុមគ្រួសារ​និង​មហាជន​គ្រប់​ស្រទាប់​វ័យ​ ខណៈដែល​សព​របស់​នាង ក៏ត្រូវ​បាន​បូជា​រួចរាល់​មកហើយ​កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ​វត្ត​សំរោង​អណ្តែត​។​

មរណភាព​របស់​កញ្ញា ខេមរៈ ស្រី​ពៅ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​បង្ហាញ​អារម្មណ៍​រន្ធត់ចិត្ត​និង​ចូលរួម​សោកស្តាយ​ជាមួយ​ក្រុមគ្រួសារ​របស់​នាង​ទាំងមូល​។ ជាក់ស្តែង​បើ​ក្រឡេកមើល​ទិដ្ឋភាព​រួម​ចាប់​តាំង​ថ្ងៃ​នៃ​ទទួលបាន​ដំណឹង​ស្លាប់​របស់​កញ្ញា​ខេមរៈ ស្រី​ពៅ បានធ្វើ​ឲ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ មិនតែប៉ុណ្ណោះ​ចាប់​តាំង​ថ្ងៃ​ទទួល​សព​ពី​ព្រលាន​យន្ត​ភ្នំពេញ​និង​រហូតមកទល់​ថ្ងៃ​បូជាសព​គឺមាន​មហាជន​អ្នកគាំទ្រ​ជាច្រើន បាននាំគ្នា​បង្ហាញ​វត្តមាន​ទៅ​ចូលរួម​ដើម្បី​ជាការ​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​មួយ​នេះ​៕​

 

អត្ថបទទាក់ទង