ទីបំផុត ដួង វីរៈ​សិទ្ធ សម្រេច​គោលបំណង​និង​ពោល​ពាក្យ​ទាំង​ក្តុកក្តួល!

Spread the love

​ភ្នំពេញ​ ៖ ​ទីបំផុត​តារាចម្រៀង​ប្រុស​លោក ដួង វីរៈ​សិទ្ធ ​បានសម្រេច​ដូច​បំណង​របស់ខ្លួន​ហើយ​បន្ទាប់ពី​តារា​រូបនេះ ​បាន​ព្យាយាម​អស់​រយៈពេល​ជា​យូរ​ណាស់​មកហើយ​ដើម្បី​ប្រកាស​ស្វែងរក​ពី​ទីកន្លែង​ស្នាក់នៅ​របស់​ភរិយា​អធិរាជ​សំឡេង​មាស​លោកតា ស៊ីន ស៊ី​សាមុត ជាការ​តបស្នង​សងគុណ​។

បង្ហោះ​ជាមួយ​រូបភាព​ជាច្រើន​សន្លឹក​តារា​ចម្រៀង​លោក ដួង វីរៈ​សិទ្ធ​បាន​រៀបរាប់ថា ​ខ្ញុំ​ពិតជា​មាន​ក្តីរំភើប​រីករាយ​ខ្លាំងណាស់​ដែល​បាន​ជួប​លោកយាយ​ដែលជា​ឧត្ដម​ភរិយា​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត ដូច​ក្តី​បំណង ទោះ​ភ្នំពេញ​ដី​ឆ្ងាយ​ពី​ខេត្តស្ទឹងត្រែង ​តែ​ទឹកចិត្ត​ និង​ការដឹងគុណ​របស់​ចៅ​គឺ​នៅ​ជិតបង្កើយ​។

លោក ដួង វីរៈ​សិទ្ធ បញ្ជាក់​បន្តថា ​ខ្ញុំ​បាន​ពាំ​នាំ​យក​កាដូ​បន្តិចបន្តួច​ទៅតាម​លទ្ធភាព​ចំនួន​ទឹកប្រាក់​២,០០០,០០០​រៀល​ដែលជា​សណ្ដាន​ចិត្ត​របស់​ចៅ ដោយ​ក្ដី​ស្រលាញ់​និង គោរព​ចំពោះ​លោកយាយ​និង​ក្រុមគ្រួសារ​និង​ជាការ​ដឹងគុណ​សម្រាប់​រា​ល់​បទ​ចម្រៀង​ដែល​ចៅ​បាន​ច្រៀង​ហើយ​ចៅ​នឹង​ព្យាយាម​ជួយ​លោកយាយ​បន្ថែមទៀត​ទៅ​ថ្ងៃមុខ​ទៅតាម​លទ្ធភាព​ដែល​ចៅ​មាន​… ។​

តារាចម្រៀង​ប្រុស​លោក ដួង វីរៈ​សិទ្ធ រៀបរាប់​បន្ថែមថា ​ហើយ​ចៅ​នឹង​ប្រឹងប្រែង​និពន្ធ​ និង​ថែ​​រក្សា​​ចម្រៀង​បែប​ខ្មែរ​យើង​អោយបាន​ល្អ​ និង​ដើម្បី​បន្សល់ទុក​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​ទៀត​សូម​អរគុណ​….​។

សូមបញ្ជាក់ថា​ ជុំនួប​របស់លោក ដួង វីរៈ​សិទ្ធ ជាមួយ​ភរិយា​របស់​អធិរាជ​សំឡេង​មាស​លោកតា ស៊ីន ស៊ី​សាមុត គឺ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៦ ​ខែមករា​ ឆ្នាំ​២០១៩ កន្លងមក​។ ​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ដួង វីរៈ​សិទ្ធ​។​

ជាមួយគ្នានេះ​លោក ដួង វីរៈ​សិទ្ធ ក៏បាន​បញ្ជាក់​ឆ្លើយតប​នឹង​សំណូមពរ​ឬ​មតិ​របស់​អ្នកគាំទ្រ​មួយចំនួន​ដែល​តែង​ស្នើ​ឲ្យ​លោក​បន្ត​ការ​Cover​បទ​ចម្រៀង​លោកតា ស៊ីន ស៊ី​សាមុត បែបនេះ​ថា​មួយរយៈ​ពេល​យូ​រ​កន្លងមកនេះ​មាន​បងប្អូន​អ៊ំ​ពូ​មីង​លោកតា​លោកយាយ​បាន​សំណូមពរ​ឲ្យ​ខ្ញុំ​បកស្រាយ​បទ​របស់​អធិរាជ​សំឡេង​មាស​លោកតា​ស៊ីន​ស៊ី​សាមុត ​តែ​ខ្ញុំ​មិនបាន​ច្រៀង​នោះ​ដោយហេតុថា​ខ្ញុំ​មិនទាន់បាន​សងគុណ​លោក​ ទើប​ខ្ញុំ​ចាក​ឆ្ងាយ​ពី​បទ​របស់​លោក ​តែ​ពេលនេះ​ខ្ញុំ​បាន​ធូរ​ក្នុង​អារម្មណ៍​ហើយ ​ព្រោះ​បាន​ជួប​និង​ជួយ​លោកយាយ​ដូច​ក្តី​បំណង​….៕​

Facebook Comments

អត្ថបទទាក់ទង