ទីបំផុត ទេព បូ​ព្រឹក្ស ព្រម​បញ្ចប់រឿង​ត្រឹម​សំណង​ជំងឺ​ចិត្ត​១​ម៉ឺន​ដុល្លារ​ និង​ការ​សុំទោស​ជា​សាធារណៈ​

Spread the love

ភ្នំពេញ​៖​ទីបំផុត​តារា​ស្រី​កញ្ញា ទេព បូ​ព្រឹក្ស បានប្រកាស​យល់ព្រម​បញ្ចប់រឿង​រវាង​នាង​ និង​ភាគី​បង្ក​លោក ឆេង រស្មី និង​ម្ចាស់​ហាង សមុទ្រ នាឱកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៨​ ខណៈ​វត្តមាន​អ្នកចូលរួម​មានដូចជា ៖ កញ្ញា ទេព បូ​ព្រឹក្ស​(​ជនរងគ្រោះ​),​លោក ឆេង រស្មី​(​អ្នកបង្ក​),​លោក ជុំ ម៉ា​រី អ្នកគ្រប់គ្រង​ហាង សមុទ្រ​,​លោក ចាន់ ទ្រា ប្រធាន​គ្រប់គ្រង​ស្រា​បៀរ​ហៃ (Hite),​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​និង​កញ្ញា ធី​ម សុភាព មេធាវី​ការពារ​ក្តី​កញ្ញា ទេព បូ​ព្រឹក្ស។

យោងតាម​ការលើកឡើង​របស់​កញ្ញា ធី​ម សុភាព​ដែលជា​មេធាវី​ការពារ​ក្តី​ឲ្យ​កញ្ញា​ទេព បូ​ព្រឹក្ស បាន​រៀបរាប់ថា ករណី​បណ្តឹង​របស់​កញ្ញា ទេព បូ​ព្រឹក្ស ដែលជា​កូនក្តី និង ជនបង្ក​រួមទាំង​ម្ចាស់​ហាង សមុទ្រ ក្រោយពេល​មានការ​ចូលខ្លួន​ដោះស្រាយ​និង សម្របសម្រួល​គ្នា​ដោយ​ព្រម​ទទួលស្គាល់​ពី​កំហុសឆ្គង​និង ផ្តល់​សំណង​ជំងឺ​ចិត្ត​ចំនួន​១​ម៉ឺន​ដុល្លារ​ព្រមទាំង​ការចេញមុខ​សូមទោស​ជា​សាធារណៈហើយ​នោះ ​ពេលនេះ​បញ្ហា​ត្រូវបាន​យល់ព្រម​បញ្ចប់​។​

កញ្ញា ធី​ម សុភាព បន្តថា​ ដោយសារតែ​ភាគី​បង្ក​ទាំង​៣​រូប​គឺ​លោក ឆេង រស្មី ,​លោក ជុំ ម៉ា​រី អ្នកគ្រប់គ្រង​ហាង សមុទ្រ និង​អ្នកស្រី សៀក ឡេង បាន​យល់​ព្រមធ្វើ​កិច្ចសន្យា​តាម​ការ​ចង់បាន​ពី​សំណាក់​ជនរងគ្រោះ​កញ្ញា ទេព បូ​ព្រឹក្ស ចំនួន​៣​ចំណុច​តាមរយៈ ៖ ១,​ការផ្តល់​សំណង​ជំងឺ​ចិត្ត​១​ម៉ឺន​ដុល្លារ ។ ២,​ការ​សូមទោស​ជា​សាធារណៈ​និង​៣,​មិនមាន​ការ​គុំកួន ​ឬ​សងសឹក​គ្រប់​រូបភាព​ដែល​ប៉ះពាល់​ដល់​សុវត្ថិភាព​និង​កិត្តិយស​ផ្ទាល់ខ្លួន​។ ​ដូច្នេះ​ទើប​ជង​រងគ្រោះ​(​ទេព បូ​ព្រឹ​)​យល់ព្រម​ក្នុង​ការ​ដក​ពាក្យបណ្តឹង​និង​លុបចោល​នូវ​បណ្តឹងអាជ្ញា​​ផងដែរ​។​

កញ្ញា ទេព បូ​ព្រឹក្ស បាន​បន្តថា ​ដោយសារ​តែមាន​ការចេញ​មុខ​ទទួលស្គាល់​លើ​ទង្វើ​​និង​កំហុស​របស់ខ្លួន​ពី​សំណាក់​ភាគី​ជនបង្ក​និង​ម្ចាស់​ហាង​ហើយ​នោះ ​ក្នុងនាម​ខ្មែរ​រស់នៅ​ក្រោម​ដំបូល​តែមួយ​នោះ ​ទើប​នាង​សម្រេច​ជាមួយ​មេធាវី​និង​ប្រធាន​សមាគម​សិល្បករ​ខ្មែ​រ​ក្នុងការ​ទទួលយក​ការ​ចរចា​​និង​សម្រុះសម្រួល​គ្នា​តាមរយៈ​ផ្លូវច្បាប់​។​

កញ្ញា ទេព បូ​ព្រឹក្ស បាន​បញ្ជាក់ថា ខ្ញុំ​យប់​ព្រម​បញ្ចប់រឿង​ដោយ​ទទួលបាន​លក្ខណៈ​ចំនួន​៣​ចំណុច​ខាងលើ​ដែល​ភាគី​បង្ក​យល់​ព្រមព្រៀង​ទទួល​ធ្វើតាម​ការចង់បាន​ដូច​អ្វីដែល​មេធាវី​បានបញ្ជាក់​រួចមកហើយ​នោះ​។ ​ចំណែកឯ​ថវិការ​ចំនួន​១​ម៉ឺន​ដុល្លារ​លើ​សំណង​ជំងឺ​ចិត្ត​គឺ​ដក​ចំណែក​៣​ពាន់​ដុល្លារ​ឧបត្ថម្ភ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​និង​នៅសល់​ប៉ុន្មាន​ទៀត​ត្រូវ​បរិច្ចាគ​ជួយ កុមារកំព្រា ចាស់ជរា​និង​សិល្បករ​-​សិល្បការិនី​ចាស់ជរា​មាន​ជំងឺ​និង​ជួប​ការខ្វះខាត​ជាដើម​។​



កញ្ញា​ទេព បូ​ព្រឹក្ស បន្ថែមទៀតថា​ខ្ញុំ​អរគុណ​ខ្លាំងណាស់​នូវ​រាល់​ការគាំទ្រ​ភ្លូកទឹកភ្លូកដី​ពី​សំណាក់​មហាជន​ខ្មែរ​គ្រប់​ស្រទាប់​និង​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​ព្រមទាំង​សិល្បករ​-​សិល្បការិនី​រួម​អាជីព​រហូតដល់​សមាគម​សិល្បករ​ខ្មែរ​ដែល​បាន​ជួយ​ខ្នះខ្នែង​រក​យុត្តិធម៌​ផ្តល់​ជួន​ខ្លួន​ដោយ​មិនបាន​បិទ​ភ្នែក​មើល​។​

ដោយឡែក​ជនបង្ក​លោ ឆេង រស្មី​បាន​និយាយថា​នៅ​ថ្ងៃកើតហេតុ​ខ្លួន​បាន​ផឹកស្រា​ស្រវឹង​ខ្លាំង​ទើបបានជា​ធ្វើ​រឿងនេះ​ឡើង​ដោយ​មិនដឹង​ខ្លួន​ហើយក៏​ពុំ​ធ្លាប់​ស្អប់ ឬ ខឹង​គំ​ក្នុង​ចិត្ត​លើក​ញ្ញា ទេព​បូ​ព្រឹក្ស​ពី​ពេលណា​មួយ​មក​នោះដែរ ​ដូច្នេះ​លោក​ពិតជា​សោកស្តាយ​នឹង​កំហុស​របស់ខ្លួន​ហើយ​ព្រម​ទទួលស្គាល់​លើ​ទង្វើ​​គ្មាន​ការពិចារណា ហើយក៏​សូមទោស​ដល់​ជនរងគ្រោះ​ព្រមទាំង​មហាជន​ផងដែរ​។​

សូម​រម្លឹកថា ​តារាចម្រៀង​ស្រី​ពូកែ​ខាង​ក្បាច់​រាំ​កញ្ញា ទេព បូ​ព្រឹក្ស កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៨​កន្លងមកនេះ​បាន​រង​នូវ​អំពើ​អយុត្តិធម៌​មួយ​បន្ទាប់​នាង​ត្រូវបាន​ការប្រមាថ​មើលងាយ​កិត្តិយស​លើ​ខ្លួន​ជា​ស្ត្រី​ខ្មែរ​ពី​សំណាក់​បុគ្គល​ខាងលើ​តាមរយៈ​ការ​គប់​កំប៉ុង​និង​ជះ​ស្រា​បៀ​អំឡុងពេល​ឡើង​ច្រៀង​លើ​ឆាក​តន្ត្រី​នៃ​កម្មវិធី Hite X’mas Edition Party ដែល​ប្រព្រឹត្តទៅ​នៅ​ភោជនីយដ្ឋាន សមុទ្រ នឹង​រៀបចំឡើង​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ហៃ (Hite) របស់​ប្រទេស​កូរ៉េ​នៅ​ជិត​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ៕  

Facebook Comments

អត្ថបទទាក់ទង