ទីបំផុត G-Devith ប្រកាស​មិន​តបត​​ជាមួយ​អ្នក​មក​ថ្មី​ ហើយ​ផ្តល់​ពិន្ទុ​ឲ្យ​ជាប់​លេខ​១

Spread the love

ភ្នំពេញ​ ៖​ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​និង​សារព័ត៌មាន​មួយចំនួន​ថ្មីៗ​នេះ ​បាន​សរសេរ​ចុះផ្សាយ ​និង​ចែករំលែក​យ៉ាង​ព្រោងព្រាត ​ក្រោយ​ពេលដែល​សង្គ្រោះ​រ៉េ​ប​បាន​ផ្ទុះឡើង​ជេរ​ដៀល​គ្នា​ផ្អើល​ពេញ​បណ្តាញ​សង្គម​រវាង​តារា​ប្រុស​G-Devith និង​ខ្មែរ​មួយជីវិត​រហូត​មានការ​រាលដាល​ដល់​តារា​ផ្សេងៗ​ទៀត​ដែល​មាន​ឆន្ទៈ​គាំទ្រ​G-Devith និង​ខ្មែរ​មួយជីវិត។

សង្គ្រាម​រ៉េ​ប​ជេរប្រមាថ​គ្នា​រវាង​តារា​ប្រុស​G-Devith និង​ខ្មែរ​មួយជីវិត បានចាប់ផ្តើម​ឡើង ខណៈ​ដែល​ខ្មែរ​មួយជីវិត​ បានចេញ​បទ​រ៉េប​មាន​ចំណងជើង​ថា ប៉ា​រូ​ពិឃាដ។ រីឯ​តារា​ប្រុស G-Devith​ភ្លាមៗ​នោះ​ក៏បាន​ចេញ​បទ អា​ភេ រហូត​ធ្វើ​ឲ្យ​សង្គ្រាម​រ៉េ​ប​មួយ​នេះ​បន្ត​អូសបន្លាយ​ច្រើនឡើងៗ​ និង​មាន​តារា​ខ្មែរ​មួយចំនួន ​ក៏​ផ្តើម​រ៉េ​ប​គាំទ្រ​ភាគី ​ដែល​ពួកគេ​គិតថា​ត្រឹមត្រូវ​ផងដែរ​។​

យ៉ាងណាមិញ​ទន្ទឹមគ្នា​ដែល​រឿងរ៉ាវ​នេះ​នៅ​មិនទាន់មាន​ដំណោះស្រាយ​ឬ​សម្រុះសម្រួល​គ្នា​រវាង​G-Devith និង​ខ្មែរ​មួយជីវិត ផង​នោះ​ ក៏​ស្រាប់​តែមាន​ក្រុម​រ៉េ​ប​ផ្សេងៗ​ទៀត​ចាប់ផ្តើម​បន្ត​សង្គ្រាម​នេះ​ដោយមាន​ខ្លះ​រ៉េ​ប​គាំទ្រ G-Devith និង​ខ្លះ​ទៀត​រ៉េ​ប​គាំទ្រ​ខ្មែរ​មួយជីវិត​។​ ប៉ុន្តែ​សម្រាប់ G-Devith បានប្រកាសថា ​ខ្លួន​នឹងមិន​តបត ​ឬ​ប្រតិកម្ម​ជាមួយ​អ្នក​មក​ថ្មី​នោះទេ​។​

តារា​រ៉េ​ប G-Devith បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​ថា ​ដំណឹង​ចែក​ជូន​បងប្អូន​អ្នកគាំទ្រ ខ្ញុំ​មិនបាន​តប​តទៅ​អ្នក​មក​ថ្មី​ទេ​បងប្អូន ហេតុផល​ព្រោះ​ខ្ញុំ​ខ្លាច​ហើយ​ខ្ញុំ​បាន​ឲ្យ​គាត់​ទាំងពីរ​លេខ​១ អរគុណ​។​ ភ្លាមៗ​នេះដែរ​ក៏មាន​អ្នកគាំទ្រ​តារា​រ៉េ​ប G-Devith​លើកឡើងថា​ មិនមែន​ចុះចាញ់​ទេ តែ​មិន​ចង់​លេង​ជាមួយ​អ្នកថ្មី​គឺ អា​ក្មេង​ពីរ​នាក់ អាន​អោយ​ជាក់ ចាំ​ញាក់ចិញ្ចើម​។​ ក្រឡេក​មក​មើល​ខ្មែរ​មួយ​ជីវិត​​​វិញ ​ខណៈ​នេះ​ដែរ​ កំពុង​ត្រៀប​ចេញ​បទ​រ៉េ​ប​ ថ្មី​១​ទៀត ​ដើម្បី​វាយប្រហារ​G-Devith។

​សូមបញ្ជាក់ថា​ ជុំវិញ​ករណី​ទំនាស់​ពាក្យសម្តី​រហូត​ច្រៀង​ឌឺដង​គ្នា​រវាង​តារា​ពី​រូបនេះ​គឺ ធ្វើឡើង​តាមរយៈ​ចម្រៀង​រ៉េ​ប​របស់​ខ្មែរ​១​មួយជីវិត​មាន​ចំណងជើង​ថា ប៉ា​រូ​ពិឃាដ​។​ចំណែក​លោក​G-devith ក៏​រ៉េ​ប បក​ទៅវិញ​មាន​ចំណងជើង​ថា អា​ភេ ទង្វើ​នេះ​ត្រូវបាន​ទស្សនិកជន​ភាគច្រើន បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត និង​ហួសចិត្ត​យ៉ាងខ្លាំង​លើ​តារា​ទាំងពីរ​រូបនេះ ដែល​និពន្ធ​ចម្រៀង​រ៉េ​ប​ជេរ​បញ្ជោរ​គ្នា​កប់ៗ​បែបនេះ​។​ខណៈដែល ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កាលពី​ថ្មីៗ​នេះ​ក៏​ប្រតិកម្ម​ចំពោះ​សកម្មភាព​ដ៏​គឃ្លើន​នេះ​ផងដែរ​។​

សូម​រម្លឹកថា​លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ចាត់ទុកថា​ករណីនេះ​គឺ​មិន​ត្រឹមតែ​មើលងាយ​លើ​អាជីព​ខ្លួនឯង​ប៉ុណ្ណោះ​ទេ​គឺ​ថែមទាំង​មាន​ចេតនា​ប្រមាថ​ដល់​តម្លៃ​សិល្បៈ វប្បធម៌ អរិយធម៌​របស់​ប្រទេសជាតិ​ខ្លួនឯង​ទៀតផង​។​

លោក​ថា ក្រសួង​នឹង​បន្តធ្វើ​ការពិនិត្យ​ជុំវិញ​រឿងរ៉ាវ​ដ៏​រសើប​មួយ​នេះ ម្យ៉ាងទៀត​លោក​ក៏​អំពាវនាវ​ដល់​អ្នកសិល្បៈ​ដែល​កំពុងតែ​រួមចំណែក​ក្នុងការ​ច្រៀង​បន្ទរ​ក្នុងន័យ​គាំទ្រ​ភាគី​នីមួយៗ​មេត្តា កុំ​ចូលរួមចំណែក​ខុស​ដោយហេតុថា​តារា​ពីរ​រូបនេះ​កំពុងតែ​ដើរ​លើផ្លូវ​ខុស​ហើយ​ទុក​ឲ្យ​ពួកគេ​ខុស​តែ​២​នាក់​នោះ​ទៅ៕











Facebook Comments

អត្ថបទទាក់ទង