ធ្ងន់ធ្ងរ​ហើយ! ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​កំពុង​តាមដាន​ករណី​ខ្មែរ​១​មួយ​ជីវិត​និង​លោក G-devith រ៉េ​ប​ជេរ​គ្នា​កក្រើក​បណ្តាញ​សង្គម​

​ភ្នំពេញ​ ៖ ស្រប​ពេលដែល​កំពុងតែ​ផ្ទុះ​នូវ​ការរិះគន់​និង​បង្ហាញ​ការ​មិន​ពេញចិត្ត​ពី​សំណាក់​ទស្សនិកជន​ជាច្រើន​លើ​ទង្វើ​​របស់​តារា​ខ្មែរ​ពីរ​រូប​ ដែល​បាន​យក​សិល្បៈ​ធ្វើជា​ទីលាន​វាយ​ប្រហារ​គ្នា​តាមរយៈ​រ៉េ​ប​ចម្រៀង​ជេរប្រមាថ​គ្នា​កប់​មាត់ៗ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ​ពេលនេះ​ស្រាប់តែ​មាន​ប្រតិកម្ម​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ហើយ ​ចំពោះ​សកម្មភាព​ដ៏​គឃ្លើន​បែបនេះ​។​

ឆ្លើយតប​ការស្នើរ​សុំ​នឹង​សំនួរ​របស់​មហាជន​ជាច្រើនលើករ​ណី​តារាចម្រៀង​រ៉េ​ប​២​រូប​គឺ ខ្មែរ​មួយជីវិត​និង​លោក G-Devith កំពុងតែ​ផ្ទុះ​ការ​រ៉េ​ប​ជេរ​បញ្ចោរ​គ្នា​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះដែរ​ លោក​ថៃ នរៈ​សត្យា​រដ្ឋលេខាធិការ ​និង ជា​អ្នកនាំពាក្យ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានបញ្ជាក់​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃនេះ​ថា​ សម្រាប់​ទស្សនៈ​ខ្ញុំ​ផ្ទាល់​ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួង​ទាំងមូល​គឺ​លោក​មិន​ចង់ឃើញ​តារា​សិល្បៈ​របស់​ខ្មែរ​ម្នា​ក់​ណា​ប្រើ​សិទ្ធិ​ហួសហេតុ​ពេក​ដែរ​ពោលគឺ​មិន​ស្គាល់​សិទ្ធិ​ខ្លួនឯង ជា​មនុស្ស​មហាជន។ ការធ្វើ​ដូច្នេះ​ដូចជា​ការប្រមាថ​និង​សម្លាប់​ប្រជាប្រិយភាព​ឬ​ការគាំទ្រ​ពី​អាជីព​ខ្លួនឯង​អញ្ចឹង​ដែរ​។​

លើសពីនេះ​លោក​ថៃ នរៈ​សត្យា បាន​បន្តថា​ ករណីនេះ​គឺ​មិន​ត្រឹមតែ​មើលងាយ​លើ​អាជីព​ខ្លួនឯង​ប៉ុណ្ណោះ​ទេ​គឺ​ថែមទាំង​មាន​ចេតនា​ប្រមាថ​ដល់​តម្លៃ​សិល្បៈ វប្បធម៌ អរិយធម៌​របស់​ប្រទេសជាតិ​ខ្លួនឯង​ទៀតផង​។ លោក​ថា ក្រសួង​នឹង​បន្តធ្វើ​ការពិនិត្យ​ជុំវិញ​រឿងរ៉ាវ​ដ៏​រសើប​មួយ​នេះ ម្យ៉ាងទៀត​លោក​ក៏​អំពាវនាវ​ដល់​អ្នកសិល្បៈ​ដែល​កំពុងតែ​រួមចំណែក​ក្នុងការ​ច្រៀង​បន្ទរ​ក្នុងន័យ​គាំទ្រ​ភាគី​នីមួយៗ​មេត្តា​ កុំ​ចូលរួមចំណែក​ខុស​ដោយហេតុថា​តារា​ពីរ​រូបនេះ​កំពុងតែ​ដើរ​លើ​ផ្លូវខុស​ហើយ​ទុក​ឲ្យ​ពួកគេ​ខុស​តែ​២​នាក់​នោះ​ទៅ​។​

លោក​ថៃ នរៈ​សត្យា បានលើកឡើង​ថា ​រឿង​និពន្ធ​ចម្រៀង​ច្រៀង​ជេរ​បញ្ចោរ​គ្នា​វា​មិន​ពិបាក​ទេ​ត្រឹម​៣​ឬ​៤​បទ​នោះ​។ ​ប៉ុន្តែ​សម្រាប់​បទ​ច្រៀង អប់រំ ណែនាំ​បង្កប់​ខ្លឹមសារ​ល្អៗ​ដូចជា​៖​ដាស់តឿន​យុ​វជន​ឲ្យ​ស្អប់​ឬ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ឲ្យ​ចូលរួម​ស្រលាញ់​វប្បធម៌ អរិយធម៌ ឲ្យ​មានការ​ចូលរួម​សប្បុរសធម៌​សាមគ្គីភាព​គ្នា ទើប​ជា​រឿង​ដែល​ពិបាក​បន្តិច​។ ​ចំណែកឯ​ការ​រ៉េ​ប​ជេរ​បញ្ចោរ​គ្នា​នោះ​គ្មានអ្វី​ពិបាក​ទេ​ប៉ុន្តែ​យើង​មិនត្រូវ​គាំទ្រ​ទង្វើ​​​បែបនេះ​ទេ​។​

បន្ថែម​ពីលើ​នេះ​លោក​ថៃ នរៈ​សត្យា បាន​បញ្ជាក់ដែរថា​ ចំពោះ​បញ្ហា​ខាងលើនេះ​ពេលខ្លះ​យើង​អាច​ប្រតិកម្ម​យឺត​ជាង​លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ផង ​ព្រោះ​រឿង​កើតមាន​កន្លង​លោក​បានដឹង​និង​ធ្វើការ​ណែនាំ​មកដល់​យើងខ្ញុំ​មុន​ទៀត​ផង ​ដូច្នេះ​ខ្ញុំ​គិតថា​ទោះបី​គាត់​មិនទាន់​បានដឹង​ឬ​ដឹង​ហើយ​ក្តី​គឺ​យើង​នឹងធ្វើ​ការរាយការណ៍​ជូន​ពី​ករណី​សូម​សំណូម​ពរ​របស់​មហាជន​ដើម្បី​បម្រើ​តាម​ការមើលឃើញ​ជាក់ស្តែង​។​ម្យ៉ាងទៀត​ក្រសួង​នឹងធ្វើ​ការពិនិត្យ​លើ​ករណីនេះ​ក្នុងការ​ស្នើ​​សុំ​យោបល់​ពី​លោកជំទាវ​រដ្ឋមន្ត្រី​។​

សូមបញ្ជាក់ថា ទំនាស់​ពាក្យសម្តី​រហូត​ច្រៀង​ឌឺដង​គ្នា​រវាង​តារា​ពី​រូបនេះ​គឺ ធ្វើឡើង​តាមរយៈ​ចម្រៀង​រ៉េ​ប​របស់​ខ្មែរ​១​មួយជីវិត​មាន​ចំណងជើង​ថា ប៉ា​រូ​ពិឃាដ​។​ចំណែក​លោក​G-devith ក៏​រ៉េ​ប បក​ទៅវិញ​មាន​ចំណងជើង​ថា អា​ភេ​។​ ទង្វើ​នេះ​ត្រូវបាន​ទស្សនិកជន​ភាគច្រើន បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត និង​ហួសចិត្ត​យ៉ាងខ្លាំង​លើ​តារា​ទាំងពីរ​រូបនេះ ដែល​និពន្ធ​ចម្រៀង​រ៉េ​ប​ជេរ​បញ្ជោរ​គ្នា​កប់ៗ​បែបនេះ​។​

មានការ​លើកឡើងថា ទង្វើ​របស់​តារា​ពីររូប​នេះ ហាក់​កំពុងមាន​ចេតនា​បន្ថោក បន្ទាប​តម្លៃ​វប្បធម៌​ខ្មែរ​យ៉ាង​ជាក់ស្តែង​។ ករណីនេះ​ប្រៀបបាន​នឹង​ការ​ជាន់ឈ្លី​ឬ​ប្រមាថ​វិស័យ​សិល្បៈ​ខ្មែរ​ដែល​កំពុងតែ​មានកា​រ​គាំទ្រ​ព្រោះ​គេ​យល់ថា​តារា​ទាំងពីរ​រូបនេះ​កំពុង​យក​សិល្បៈ​ជា​ឈ្នាន់ ដើម្បី​បំពេញ​នូវ​បំណង​របស់គេ​រៀងៗ​តែប៉ុណ្ណោះ​។​តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាងណាដែរ​?៕​







អត្ថបទទាក់ទង