នាយ ចឺម អំពាវនាវ​ឲ្យ​មហាជន​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​ករណី​ជន​អនាមិក ​កំពុង​ប្រើ​ឈ្មោះ ​និង​រូប​ថត​ខ្លួន​បោកប្រាស់

Spread the love

ភ្នំពេញ ​៖​ ដោយសារតែ​សង្កេតឃើញ​មួយ​រយៈ​នេះ​ កំពុង​មាន​ជន​អនាមិក​មួយ​ចំនួន ​ប្រើ​ល្បិច​យកឈ្មោះ​ និង​រូប​ភាព​របស់​ខ្លួន​ទៅ​បង្កើត​ហ្វេ​ស​ប៊ុ​ក​ ឬ​ផេ​ក​ ប្លែង​បន្លំ​នោះ​ តារា​ចម្រៀង​វ័យក្មេង​នាយ ចឺម បាន​ចេញមុខ​ប្រកាស​ឲ្យ​មហាជន​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ហើយ​មិន​ទទួល​ខុស​ត្រូវ​លើ​សកម្មភាព​ផ្សេងៗ​នោះ​ឡើយ។
ជា​ការ​កត់សម្គាល់​នេះ​ពុំ​មែន​ ទើប​ជា​លើក​ទី​១​ ដែល​បាន​កើតឡើង ឬ​រងគ្រោះ​លើ​តារា​វ័យក្មេង​នាយ ចឺម តែ​ម្នាក់​នោះ​ទេ​ទាក់ទង​នឹង​ករណី​នៃ​ការ​លួច​ឈ្មោះ ​ឬ​រូបថត​ទៅ​បង្កើត​ជា​Account Facebook និង​ផេ​ក​ក្លែងក្លាយ​នេះ​ ពោល​គឺ​កន្លង​មក​ មាន​តារា​សិល្បៈ​ប្រុស​-​ស្រី​របស់​ខ្មែរ​ជាច្រើន​នាក់​មក​ហើយ​ដែល​មាន​បញ្ហា​នេះ​ដូចៗ​គ្នា​ទៅ​នឹង​នាយ ចឺម ផង​ដែរ។

នាយ ចឺម​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​នៃ​ការ​ប្លែង​បន្លំ​នោះ​ថា ​ខ្លួន​មិន​ទទួល​ស្គាល់​ឬ​ខុសត្រូវ​លើ​ទង្វើ​​ដែល​កើតឡើង​មួយ​ចំនួន​ពី​សំណាក់​ផេ​ក​ឬ​ហ្វេ​ស​ប៊ុ​ក​ ដែល​ត្រូវ​បាន​ក្រុម​ជនខិលខូច​លួចឈ្មោះ និង រូបថត​ទៅ​បង្កើត​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ណាមួយ​ពី​មហាជន​និង​អ្នកគាំទ្រ​នោះ​ឡើយ។ នាយ ចឺម​បាន​បញ្ជាក់​ថា​ ផេក​ពិតប្រាកដ​របស់​ខ្លួន​គឺ​មាន​តែ​មួយ​ប៉ុណ្ណោះ​ ខណៈ​ចំនួន​នៃ​ការ​Like​គិត​មក​ទល់​ពេល​នេះ​មាន​49K។

តារា​ចម្រៀង​នាយ ចឺម បាន​បន្ថែម​ទៀត​ថា ​ផេ​ក​ពិត​របស់ខ្ញុំ​មាន​តែ​មួយ ក្រៅ​ពី​នេះ​គឺ​ពុំ​មែន​ជា​របស់ខ្ញុំ​ឡើយ។ ម្យ៉ាងទៀត​បើ​មាន​កើត​រឿងរ៉ាវ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការបោកប្រាស់​លុយ ជេរប្រមាថ​បុគ្គល​រូប​ណា​ម្នាក់​ជា​សាធារណៈ ខ្ញុំ​មិន​ទទួលខុសត្រូវ​រាល់​ទង្វើ​​នោះ​ទេ ហើយក៏​សុំ​សំណូមពរ​ដល់​អ្នកគាំទ្រ​និង​មហាជន​ជួយ​Report​លើ​ផេ​ក​ក្លែងក្លាយ​ទាំងនោះ​ឲ្យ​បាន​ដឹង​ដល់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ផង​។​

ការប្រកាស​របស់​អតីត​តារា​កំប្លែង​ស្ថិត​ក្នុង​ក្រុម​នាយ ពែ​កមី និង​បច្ចុប្បន្ន​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម​សាន់​ដេ​ ដែល​កន្លងមក​រង​នូវ​ព័ត៌មាន​រិះគន់​ស្ទើរ​ងើបមុខ​មិន​រួច​ជុំវិញ​ការ​ចម្លង​បទ​ចម្រៀង​មរតក​ដើម​នាយ ចឺម នាពេលនេះ ​គឺធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់​ព័ត៌មាន​ឲ្យ​មហាជន​បានដឹង​ជា​សាធារណៈ​ និង​ក្នុងន័យ​ការពារ​កិត្តិយស​របស់ខ្លួន​ ដោយហេតុថា​ការ​លួច​បង្កើត​ពី​សំណាក់​ជន​អនាមិក​នេះ ​អាចមាន​ចេតនា​មិនល្អ​ឬ​យក​ទៅ​ប្រព្រឹត្តិ​ទង្វើ​បោកប្រាស់​ផ្សេងៗ​ដែល​ផ្ទុយ​នឹង​ច្បាប់​ជាដើម៕

 

Facebook Comments

អត្ថបទទាក់ទង