នាយ តាក់ស៊ី ខកបំណង​គ្រោង​ចូល​សាង​ផ្នួស​ថ្ងៃ​១៥ ឧសភា ​តែ​មិន​ត្រូវបាន​ក្រសួង​ធម្មការ​អនុញ្ញាត

​ភ្នំពេញ ​៖​ តារា​កំប្លែង​នាយ តាក់ស៊ី បើតាម​ការគ្រោងទុក​នា​យ​ត្រូវ​ចូល​សាង​ផ្នួស​នៅ​ថ្ងៃទី​១៥ ខែឧសភា​ឆ្នាំ​២០១៩​ម្សិលមិញ ​ប៉ុន្តែ​ដោយសារតែ​មានការ​អាក់ខាន​ព្រោះតែ​ក្រសួង​ធម្មការ​និង​សាសនា​មិន​អនុញ្ញាត​នោះ​ គម្រោង​នេះ​ត្រូវបាន​អាក់ខាន​និង​ពន្យារ​វិញ​។​

បើតាម​ការរៀបរាប់​របស់​អ្នកនាង ភី​ម ដែល​ត្រូវជា​ភរិយា​នាយ តាក់ស៊ី បាន​និយាយថា​ ថ្ងៃនេះ​អូន​បាន​ជូន​បង​ទៅ​កន្លែង​ដែល​បង​ចង់​ទៅ​ហើយ​ដូច​បំណង​បង​ប៉ងប្រាថ្នា​របស់​បងហើយ​។​ គាត់ (​នាយ​តាក់ស៊ី​)​គ្រោង​ទៅ​បួស​នៅ​ថ្ងៃទី​១៥ ខែឧសភា ហ្នឹង​មែន នៅ​វត្ត​គល់​ទទឹង ខេត្តកណ្តាល តែ​ឥឡូវ​បាន​អាក់ខាន​វិញ​ហើយ ព្រោះ​ការសុំច្បាប់​ទៅ​ក្រសួង​ធម្មការ និង​សាសនា គាត់​មិនទាន់​អនុញ្ញាតឱ្យ​បួស​ពេល​ហ្នឹង​ទេ ដោយ​គាត់​សំអាងថា ទាល់តែ​ចេះ​ច្រើន​ធម្មក្ខន្ធ​ដែល​គាត់​តម្រូវ​សិន ទើប​អាច​បួស​បាន។

អ្នកនាង ភី​ម បាន​បន្តថា​ សម្រាប់​ខ្ញុំ​ដូចជា​មិន​យល់​សោះ​ព្រោះ​កន្លងមក អ្នកបួស ក្រែង​បួស​ហើយ បាន​ទៅ​រៀន​ធម៌​ចុះ​ម៉េច​បាន​ពេលនេះ​ក្រសួង​តម្រូវ​ឲ្យ​រៀន​ធម៌​ឲ្យ​ចេះ​ច្រើន​ធម្មក្ខន្ធ​សិន​អញ្ចឹង?​ត្រង់​ហ្នឹង​ខ្ញុំ​មិន​យល់​ដែរ​។​ មិនអាច​កំណត់​ពេលវេលា​ដែល​ស្វាមី​នាង​ចូល​សាង​ផ្នួស​បានឡើយ​ពេលនេះ ព្រោះ​នៅលើ​ការកំណត់​របស់​ក្រសួង​ធម្មការ ដោយឡែក ស្វាមី​របស់​នាង​ដែល​អន្ទះសា​ចង់​សាង​ផ្នួស​នោះ ឥឡូវ​កំពុង​សម្ងំ​នៅផ្ទះ​ទាំង​ខកចិត្ត​។​

តាមរយៈ​នេះ ​បានធ្វើ​ឲ្យ​មហាជន​មួយចំនួន​បង្ហាញ​ការសោកស្តាយ​និង​មាន​ខ្លះទៀត​បានលើកឡើង​ថាបើ​អាច​នាយ តាក់ស៊ី កុំទៅ​បួស​អី​ព្រោះ​ចង់ឃើញ​នាយ​នៅ​លេង​កំប្លែង​បម្រើ​អារម្មណ៍​ទស្សនិកជន​ដូច​គ្រា​មុនៗ​។​ខណៈដែល​នាង ភី​ម ក៏​មិន​សប្បាយចិត្ត​ពេលដែល​ប្តី​សម្រេចចិត្ត​ចាក​ចេញពី​គ្រួសារ​ទៅ​សាង​ផ្នួស​ផង​នោះ​៕

អត្ថបទទាក់ទង