នាយ ពែ​កមី​ ៖ ​ឪពុក​ខ្ញុំ​ សាក់​កាប់​មិន​មុត​ដុត​មិន​ឆេះ សាក់​ស្បែក​គង់ គង់​តែ​ស្បែក​តែ​អត់​គង់​ពោះវៀន

​ភ្នំពេញ ​៖ ​តារា​កំប្លែង​នាយ ពែ​កមី មុន​នេះ​ បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ និង​ព្រួយបារម្ភ​ខ្លាំង​ក្រោយ​ពេល​ដែល​ឪពុក​ជាទី​ស្រលាញ់ ​បាន​ធ្លាក់ខ្លួន​ឈឺ​រហូត​ចូល​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់។ ខណៈ​​​លោក​ពោល​ពាក្យ​ថា​ សូម​ឲ្យ​ទេវតា​ជួយ​ថែរក្សា​និង​ឃុំគ្រង​ឪពុក​រួច​ផុត​ពី​ជំងឺ។

ថ្វីត្បិតតែ​យ៉ាង​ណាក្តី​ ​បន្ទាប់ពី​ទទួល​បាន​ការព្យាបាល​និង​វះកាត់​ភ្លាមៗ​នោះ​ តារា​កំប្លែង​នាយ ពែ​កមី បាន​បង្ហាញ​អារម្មណ៍​រំភើប​វិញ​ថា​ នាយ​ពិត​ជា​មាន​អារម្មណ៍​រំភើប​និង​អរគុណ​ខ្លាំង​ដល់​អ្នកគាំទ្រ ពិសេស​ក្រុម​គ្រូពេទ្យ ​ដែល​បាន​ជួយសង្គ្រោះ​ជីវិត​ឪពុក​របស់​ខ្លួន​ ខណៈ​មាន​មហាជន​មួយ​ចំនួន​ទៀត​ក៏​រំភើប​ផង​ដែរ។

នាយ ពែ​កមី បាន​សរសេរ​រៀបរាប់​ថា សូម​អរគុណ ដល់​ក្រុមគ្រូពេទ្យ​នៅ​មន្ទី​រពេទ្យ​ព្រះ​កេតុមាលា ដែល​បាន​សង្គ្រោះ​អាយុ​ជី​វីត​ឪ​ពុក​ខ្ញុំ។ សាក់​កាប់​មិន​មុត​ដុត​មិន​ឆេះ សាក់​ស្បែក​គង់ គង់​តែ​ស្បែក តែ​អត់​គង់​ពោះវៀន រលាក​ពោះវៀន​មក​រក​ពេទ្យ​ដដែល។ ម្ដាយ​ខ្ញុំ​សើច​សប្បាយ​វិញ​ ហើយ​បងប្អូន ឪពុក​ខ្ញុំ​វះកាត់​បាន​ដោយ​ជោគជ័យ អរគុណ​លោកគ្រូ​ពេទ្យ អរគុណ​ពាក្យ​ជូនពរ​របស់​បងប្អូន។

ប៉ុន្តែ​បើ​ចាប់អារម្មណ៍​នៅពេល​មុន​ឪពុក​របស់លោក ចូល​វះកាត់​នាយ ពែ​កមី បាន​ពោល​ពាក្យ​ទាំង​បារម្ភ​ថា​ជីវិត​ឪពុក​បង្កើត​របស់ខ្ញុំ​ផ្ញើ​លើ​លោកគ្រូ​ពេទ្យ​ហើយ សូម​ជូនពរ​លោកគ្រូ​ពេទ្យ​អោយ វះកាត់​ឪពុក​ខ្ញុំ​បាន​ជោគជ័យ​១០០​ភាគរយ​។

​សូមបញ្ជាក់ថា​ជំងឺ​ឪពុក​នាយ ពែ​កមី ត្រូវ​បាន​នាយ បញ្ជាក់​ថា ​ឪពុក​ខ្ញុំ​គាត់​រលាក​ខ្នែងពោះវៀន​ធ្ងន់ធ្ងរ​ត្រូវ​វះកាត់​បន្ទាន់​តែ​បញ្ហា​ក្នុង​ការ​វះកាត់​នោះ​គី​គាត់​មាន​ជំងឺ​បេះដូង​ទៀត វះកាត់​ទៅ​ប៉ះពាល់​ដល់​បេះដូង ខ្ញុំ​សង្ឃឹមលើ​លោកគ្រូ​ពេទ្យ និង​ការ​ជូនពរ​របស់​បង​ប្អូន​ហើយ៕

អត្ថបទទាក់ទង