នេះ​ហើយ​ទឹកចិត្ត​បងប្រុស! ខេមរៈ សិរីមន្ត ប្រកាស​កាន់ទុក្ខ​ប្អូនស្រី​រហូត​គម្រប់​១០០​ថ្ងៃ​មិន​ទទួល​ការ​ច្រៀង​ឬ​សម្ដែង

ភ្នំពេញ​ ៖​ កំពូល​តារា​ចម្រៀង​ប្រុស​របស់​ផលិតកម្ម​ហង្ស​មាស​លោក ខេមរៈ សិរីមន្ត ស្រប​ពេល​ ដែល​បច្ចុប្បន្ន​លោក​ និង​ក្រុម​គ្រួសារ​កំពុងតែ​មានទុក្ខ​ដ៏​ក្រៀមក្រំ​ ក្រោយពេល​ប្អូនស្រី​កញ្ញា ខេមរៈ ស្រី​ពៅ ទទួលមរណភាព​ទាំង​វ័យក្មេង​និង​សោកស្តាយ​បំផុត​នោះ ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា នា​ឱកាស​ថ្ងៃបុណ្យ​គម្រប់​៧​ថ្ងៃ ស្រី​ពៅ លោក​បាន​ប្រកាស​ថា​ខ្លួន​រួម​នឹង​គ្រួសារ ​នឹង​បន្ត​ការ​កាន់ទុក្ខ​រហូតដល់​គម្រប់​១០០​ថ្ងៃ។

​ស្របពេល​ជាមួយគ្នា​នៃ​ការប្រកាស​របស់លោក ខេមរៈ សិរីមន្ត​បង្ហាញ​ពី​ការ​កាន់ទុក្ខ​ប្អូនស្រី​ជាទី​ស្រលាញ់​គឺ​កញ្ញា ខេមរៈ ស្រី​ពៅ នេះដែរ​ តារា​ប្រុស​រូបនេះ​ក៏បាន​ប្រកាស​ច្រានចោល​រាល់​ការទំនាក់ទំនង​ដើម្បី​បង្ហាញ​វត្តមាន​ច្រៀង​និង​សម្តែង​នៅ​តាម​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​ចំនួន​នា​អំឡុង​ពេល​កំពុង​កាន់​ទុក្ខ​នេះ​ផងដែរ។

លោក ខេមរៈ សិរីមន្ត បាន​បញ្ជាក់​ថា​ ខ្ញុំបាទ ខេមរៈ សិរីមន្ត សូម​ប្រកាស​ធ្វើការ​កាន់ទុក្ខ​ប្អូនស្រី​ចំនួន​១០០​ថ្ងៃ ​និងមិន​ទទួល​ការ​ច្រៀង​ ឬ សម្តែង​ឡើយ​ ហើយ​សូម​អគុណ​ដល់​ក្រុមហ៊ុន​ទាំងអស់​ដែល​បាន​យោគយល់​ដល់​រូបខ្ញុំ​បាទ​ដែល​កំពុងតែ​មានទុក្ខ​ក្រៀមក្រំ​ជា​ទម្ងន់​ដោយ​លុបចោល​ខន​សឺត​ហើយ​មិនមាន​ការសង​ការខូចខាត​ឡើយ​សូម​អរគុណ​….​។​

សូមបញ្ជាក់ថា​ មុននេះ​មាន​ព័ត៌មាន​បង្ហើប​ថា​ តារាចម្រៀង​លោក ខេមរៈ សិរីមន្ត គឺ​គិត​ត្រឹម​រយៈពេល​១​សប្តាហ៍​នៃ​ពិធី​បុណ្យសព​របស់​កញ្ញា ខេមរៈ ស្រី​ពៅ ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​នោះ​តារា​ប្រុស​រូបនេះ​អាច​នឹងត្រូវ​ចេញ​ប្រាក់​លើក​ថ្លៃ​សំណង​លើ​បណ្តា​ម្ចាស់​កម្មវិធី​ប្រគំ​តន្ត្រី​នានា​មាន​រហូតដល់​ខ្ទង់​រាប់ម៉ឺន​ដុល្លារ​ឯ​ណោះ​។​

ប្រភព​បាន​លើកឡើងថា ​ចំពោះ​ចំនួន​ទឹកប្រាក់​ដែល​លោក ខេមរៈ សិរីមន្ត ត្រូវ​សង​ទៅកាន់​បណ្ដាល​ក្រុមហ៊ុន​ដែល​បាន​អាកខាន​ក្នុង​ការឡើង​ច្រៀង​នោះ​ គឺអាច​ចន្លោះ​ជាង​១​ម៉ឺន​ដុល្លារ រហូតដល់​២​ម៉ឺន​ដុល្លារ​។ ​ប៉ុន្តែ​បន្ទាប់ពី​មាន​ព័ត៌មាន​បែបនេះ​ ត្រូវបាន​សាមីខ្លួន​លោក ខេមរៈ សិរីមន្ត បញ្ជាក់​យ៉ាងច្បាស់​ថា ​លោក​មិន​ត្រូវ​អស់​ប្រាក់​ថ្លៃ​សំណង​លើ​កម្មវិធី​តន្ត្រី​មួយ​ចំនួន​ឡើយ៕

 

អត្ថបទទាក់ទង