បញ្ជូន​​​​ជនសង្ស័យ ​ដែល​រៀប​គម្រោង​ប្លន់​បង​ខ្លួន​ឯង​មិន​បាន​សម្រេច​​ ​​​ ​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន

Spread the love

ត្បូងឃ្មុំ ៖ នគរបាល​ខេត្ត​ត្បូងឃ្មុំ ​នៅ​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០១៨​នេះ​ បាន​បញ្ជូន​ជន​សង្ស័យ​ម្នាក់ ដែល​រៀប​គម្រោង​ប្លន់​បង​ខ្លួន​ឯង​មិន​បាន​សម្រេច ​ ​រួច​លេប​ថ្នាំ​សម្លាប់​ខ្លួន ​ទៅ​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ​​រង់ចាំ​ការ​កាត់ទោស ​តាម​អំណាច​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ យោន កា​ពី​ន ហៅ​ពី​ន ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ឋាន​ភូមិ​ក្រែក​ត្បូង ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ត្បូងឃ្មុំ និង​នគរបាល​យុត្តិធម៌​ស្រុក​ពញាក្រែក បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ប្រ​ព្រឹ​ត្ដ​នៅ​ភូមិ​ពើក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ តាម​អំណាច​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ ១៦២/២០១៨ ចុះ​ថ្ងៃទី ០៨ ខែមីនា ឆ្នាំ​២០១៨ ដោយ​លោក ឈិ​ត វិ​នា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ដ​ត្បូងឃ្មុំ។

សមត្ថកិច្ច​បាន​បន្ត​ថា ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជន​នោះ គឺ​ត្រូវ​បានដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ភូមិ​ពើក ឃុំ​ក្រែក ស្រុក​ព​ញ​ក្រែក ខេត្ត​ត្បូងឃ្មុំ តាម​មាត្រា​៣៥៣ និង​មាត្រា​៣៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ។

មាត្រា ៣៥៣ នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែងថា​អំពើ​លួច គឺជា​អំពើ​ដកហូត​ដោយ​ទុច្ចរិត​និង​ទ្រព្យសម្បត្តិ ឬ​វត្ថុ​ផ្សេងទៀត​របស់​អ្នកដទៃ​តាម​គ្រប់​មធ្យោបាយ ក្នុង​គោលបំណង​យក​មក​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន ។ ចំពោះ​មាត្រា​៣៥៧​នៃ​ក្រមព្រហ្មទណ្ឌ អំពើ​លួច ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦​ខែ​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល ទៅ​៦​លាន​រៀល។

គួរ​រំលឹក​ថា កាលពី​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០១៨ ជនសង្ស័យ​ឈ្មោះ យោន កា​ពី​ន ហៅ​ពី​ន បានធ្វើ​សកម្មភាព​ចូល​ប្លន់​កន្លែង​វេរ​លុយ Wing មួយកន្លែង​មាន​យីហោ ស្រី​ពេជ្រ នៅ​ភូមិ​ពើក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ ​ដែល​ជា​របស់​បង​ខ្លួន​ ដោយ​ប្រើប្រាស់​អាវុធខ្លី ០១ ដើម គំរាមកំហែង​ជនរងគ្រោះ​ជា​ម្ចាស់​នៃ​ភ្នាក់ងារ​ Wing ដោយ​ដណ្តើម​យកបាន​នូវ​ម៉ាស៊ីន​ចុច​លេខ​សម្ងាត់​វិក្កយបត្រ​វេរ​លុយ ០១ គ្រឿង រួច​បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន​ចេញពី​កន្លែងកើតហេតុ។

សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់​ទោស​នោះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ​​​​​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​យ៉ាង​ច្បាស់ និង​​​ធ្វើការ​ឡោម​ព័ន្ធ​ផ្ទះ​ ដែល​ជនសង្ស័យ​លាក់​ខ្លួន ​ហើយ​ពេល​ចូល​ទៅ​ចាប់​ខ្លួន ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ដេក​ប្រកាច់​នៅ​លើ​កន្ទេល​ពណ៌​ក្រហម ក្រាល​លើ​រនាប​ក្នុង​ផ្ទះ ដោយ​ជនសង្ស័យ​បាន​លេប​ថ្នាំពុល​ដើម្បី​សម្លាប់​ខ្លួន ហើយ​លើ​ដៃ​មាន​ម៉ាស៊ីន​ចុច​លេខ​សម្ងាត់​វិក្កយបត្រ​វេរ​លុយ​វ៉ី​ង។

ចំពោះ​ករណី​នេះ ​រហូតដល់​មកដល់​បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ជំនាញ​​ ​​ បាន​កសាង​សំណុំរឿង និង​សាវតារ​ជាតិ​ជនសង្ស័យ​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ដ​ត្បូងឃ្មុំ ហើយ​នឹង​បានសម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ​បណ្ដោះអាសន្ន និង​រង់ចាំ​ការ​កាត់ទោស​តាម​នីតិវិធី​ច្បាប់៕

Facebook Comments

អត្ថបទទាក់ទង

Leave a Comment