បែក​ធ្លាយ ​ខេមរៈ សិរីមន្ត​ពាក់​ស័ក្ដិ​៥​ក្នុង​ជួរ​មន្ត្រី​យោធា

ភ្នំពេញ​ ៖ ថ្មីៗ​នេះ​មានការ​ភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​មហាជន​ពិសេស​អ្នក​និយម​តាមដាន​វិស័យ​សិល្បៈ​តារា​ស្រុក​ខ្មែរ​ ក្រោយពេល​បែកធ្លាយ​ដំណឹង​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត មាន​តួនាទី​ជា​មន្ត្រី​យោធា​ពាក់​ស័ក្ដិ​៥​មិន​ចាញ់​តារា​រៀមច្បង​លោក ព្រាប សុវត្ថិ នោះ​ឡើយ។

បើ​តាម​ប្រភព​ពី​ចង្កោម​អ្នកសិល្បៈ​បាន​បង្ហើប​ថា ​ម្ចាស់​បទ​ស្ទឹងត្រែង​បង​អើយ ​លោក​ខេមរៈ សិរីមន្ត ក្រៅតែពី​អាជីព​ជា​អ្នកចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស ​លោក​ក៏​ជា​ម​ន្ត្រី​យោធា​ម្នាក់​ដែល​មាន​ស័ក្ដិ​មិន​ចាញ់​តារា​ប្រុស​រៀមច្បង​លោក ព្រាប សុវត្ថិ នោះឡើយ​ ពោលគឺ​តារា​ប្រុស​រូបនេះ​មាន​ឋានៈ​ជា​មន្ត្រី​ពាក់​ស័ក្ដិ​៥​ផងដែរ។

ប្រភព​បាន​បន្តថា ​ថ្វីត្បិតតែ​ពេលនេះ​លោក ខេមរៈ សិរីមន្ត នៅ​មិនទាន់​បង្ហាញ​ឬ​បញ្ចេញ​តួនាទី​របស់ខ្លួន​ក្នុងនាម​ជាម​ន្ត្រី​យោធា​ពាក់​ស័ក្ដិ​៥​ឲ្យ​មហាជន​បានឃើញក៏​ពិតមែន។ ប៉ុន្តែ​តារា​ប្រុស​រូបនេះ​ក៏ត្រូវ​បាន​ប្រភព​មួយចំនួន​បាន​បង្ហើប​ស្រដៀង​គ្នា​ថា​ លោក​ពិត​ជាមាន​តួនាទី​នៅក្នុង​ជួរ​មន្ត្រី​ដូច​តារា​ឯទៀត​ពិតមែន។

សូមបញ្ជាក់ថា​ ការ​ធ្លាយ​ករណី​របស់លោក ខេមរៈ សិរីមន្ត ដែលមាន​តួនាទី​ជា​មន្ត្រី​យោធា​ខាងលើនេះ​ គឺ​បាន​កើតឡើង​អំឡុង​ពេលដែល​លោក ខេមរៈ សិរីមន្ត រៀបចំ​ពិធី​បុណ្យ​សព​ប្អូនស្រី ខេមរៈ ស្រី​ពៅ ខណៈ​គេ​កត់សម្គាល់ឃើញ​មាន​អង្គរក្ស​ជាច្រើន​ត្រូវ​បានដាក់​ការពារ​នៅ​ជុំវិញ​វីឡា​របស់លោក​នៅ​ទល់មុខ​សួន​កម្សាន្ត​សុ​បិនចំការ​ព្រីង​។​មិនតែប៉ុណ្ណោះ​នៅ​ថ្ងៃ​ដែល​ចេញទៅ​ទទួល​សព​កញ្ញា ខេមរៈ ស្រី​ពៅ នា​ប្រទេស​ឥណ្ឌា​នោះ​លោក ខេមរៈ សិរីមន្ត ក៏បាន​បញ្ចេញ​សារ​អរគុណ​ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ដោយ​ប្រើពាក្យ​ថា​ជា ប៉ា ផងដែរ។

ដូច្នេះ​ករណី​នៃ​ការ​បែកធ្លាយ​ខាងលើនេះ​គេ​នៅ​មិនទាន់មាន​ការបញ្ជាក់​ពី​សាមីខ្លួន​លោក​ខេមរៈ សិរីមន្ត នៅឡើយ​ទេ ​ខណៈ​មាន​ទស្សនិកជន​ជាច្រើន​ក៏​កំពុង​រង់ចាំ​មើល​ថា​លោក​នឹង​បញ្ចេញ​តួនាទី​ជា​មន្ត្រី​យោធា​បង្ហាញ​ភ្នែក​មហាជន​នៅពេលណា​ផង​នោះ៕

អត្ថបទទាក់ទង