ប្រជាពលរដ្ឋ ​ត្អូញត្អែរ​រឿង​ប្រេង​សាំ​ឡើងថ្លៃ, អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម ​ប្រាប់​ពី​មូលហេតុ

Spread the love

ភ្នំពេញ ​៖ ​​តាម​ការ​កត់សម្គាល់​ឃើញ​ថា ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ តម្លៃ​ប្រេងឥន្ធនៈ​នៅ​ប្រទេស​កម្ពុជា បាន​កើន​ឡើងជា​បន្តបន្ទាប់​ ខណៈ​សាំង​លក់រាយ​នៅ​តាម​ស្ថានីយ​នានា​(​សាំង​ធម្មតា​លក់​ក្នុង​តម្លៃ​៤,១០០​រៀល​ក្នុង​១​លីត្រ សាំង​ស៊ុប​ពែរ តម្លៃ​៤,៤០០​រៀល​ ឬ​៤,៤៥០​រៀល​ក្នុង​១​លីត្រ និង​ម៉ា​ស៊ូ​តថ្លៃ​៣,៩០០​រៀល​ក្នុង​១​លីត្រ។

ទាក់ទង​ករណី​នេះដែរ​ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ អាជីវករ សិស្ស​និស្សិត អ្នករត់​ម៉ូតូ និង​ម៉ូតូ​កង់​បី​កំពុងតែ​សម្តែង​ក្តី​ព្រួយបារម្ភ​និយាយ​ត្អូញត្អែរ​គ្រប់គ្នា​ចំពោះ​ករណី​នៃ​ការ​ដំឡើង​តម្លៃ​នៃ​ប្រេងឥន្ធនៈ​ខាងលើនេះ។ ក្នុងនោះ​ក៏មាន​ការស្នើ ​និង​អំពាវនាវ​ដល់​ក្រសួង​ពាក់ព័ន្ធ​ត្រូវតែ​មាន​វិធានការ​ពិនិត្យមើល​ចំពោះ​ករណីនេះ​ផងដែរ។

ជាមួយគ្នានេះ​ ក៏មាន​មតិ​ខ្លះ​បាន​លើកឡើងថា ​ឲ្យ​តែ​បែបនេះ​ច្បាស់​ជា​មិនយូរ​ទេ​ ពួកគាត់​ច្បាស់​ជា​ដាច់​បាយ​ជាមិនខាន​ ព្រោះ​ការ​​ដំឡើង​តម្លៃ​សាំង​ពេលនេះ​ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​នៃ​ចំណូល​ប្រចាំថ្ងៃ​របស់​ពួកគាត់​មានការ​ធ្លាក់ចុះ​ និង​ជួប​ផល​លំបាក​ជាច្រើន​។​ ជាក់ស្តែង​គឺ​អ្នករត់ម៉ូតូឌុប និង​រ៉ឺម៉ក​កង​បី​តែ​ម្តង។

ពាក់ព័ន្ធ​ការកើនឡើង​នៃ​តម្លៃ​សាំង​នេះ​ត្រូវ​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ឡុង កែម​វិចិត្រ​បញ្ជាក់ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ដ៏​ល្បី​មួយ​ថា ​ការកើនឡើង​នេះ​ក៏ដោយ​សារ​តម្លៃ​សាំង​នៅលើ​ទីផ្សារ​អន្តរជាតិ​ឡើងថ្លៃ​ទើបបានជា​មានការ​ប្រែប្រួល​ដូច្នេះ​។​

លោក​ឡុង កែម​វិចិត្រ លើកឡើងថា សាំង​ឡើងថ្លៃ គឺ​យើង​អនុវត្តន៍​គោលការណ៍​ទីផ្សារសេរី​។ សាំង​ឡើងថ្លៃ​តាម​តម្លៃ​ទីផ្សារ​អន្តរជាតិ ហើយ​កន្លងមក​យើង​អនុវត្តន៍​រូបមន្ត​កំណត់​តម្លៃ​ប្រេង មាន​ក្រសួង​៣ ជា​អ្នកចុះហត្ថលេខា​កំណត់​រូបមន្ត គឺមាន​ក្រសួងពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម និង​ក្រសួង​សេដ្ឋកិច្ច​។ រូបមន្ត​កំណត់​តម្លៃ​នេះ គឺ​យើង​យក​ប្រភព​រូបមន្ត​របស់​ប្រទេស​សិង្ហ​បុរី មក​គណនា​តម្លៃ​ប្រេង ដែល​ដាក់​លក់រាយ​។ ប្រសិនបើ​តម្លៃ​ប្រេង​នៅ​ទីផ្សារ​សិង្ហ​បុរី​ឡើង​នោះ តម្លៃ​យើង​ក៏​ឡើង​។​

សូមបញ្ជាក់ថា​កន្លងមក​ក្រសួងពាណិជ្ជកម្ម តែងតែ​កំណត់​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​រៀងរាល់​១០​ថ្ងៃ​ម្តង ឬ​៣​ដង​ក្នុង​១​ខែ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​តម្លៃ​ប្រេង​សាង​នៅ​ប្រទេស​កម្ពុជា​នៅតែ​បន្ត​កើន​ឡើង​ និង​មានតម្លៃ​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​។​ កត្តា​នេះ​បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួនធំ​កំពុង​តែមាន​ផល​លំបាក​និង​រអ៊ូរទាំ​ចំពោះ​បញ្ហា​នេះ៕

Facebook Comments

អត្ថបទទាក់ទង