ផ្ទុះ​ការរិះគន់​ជាថ្មី ​ខណៈ​មាន​ការ​កាឡៃ​បទ ស្ពាន​អូរតាគី ​ច្រៀង​ទំនុក ​ស្ទឹងសែន​ប៉ារីស

Spread the love

ភ្នំពេញ​ ៖​ ជាថ្មី​ម្តង​ទៀត ​មាន​ការ​រិះគន់​មិន​សំចៃមាត់​លើ​តារាចម្រៀង​ប្រុស​ម្នាក់ ​ដែល​ក្រឡៃ​បទ​ ស្ពាន​អូរតាគី ទៅជា​លំនាំ​បទ ​ស្ទឹងសែន​ប៉ារីស និង​បាន​ឡើង​បង្ហើរ​សំនៀង​នៅ​លើ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​CTN​កាលពី​ថ្មីៗ​កន្លងមក។

នេះ​ជា​ករណី​រិះគន់​ថ្មី​ម្តង​ទៀត​ បន្ទាប់​ការ​ពី​មានការ​រិះគន់​បាញ់​ចាក់​ស្រោច​យ៉ាង​គំហុក​កាលពី​កន្លងមក ​ខណៈ​ដែល​តារា​ប្រុស​រូបនេះ​បាន​ឡើង​ច្រៀង​នៅ​លើ​ឆាក​ទូរទស្សន៍​ខាង​លើ​នេះ។

ជាក់ស្តែង​ម្ចាស់​Account Facebook​ឈ្មោះ ផាត់ជាយ បណ្តូលចិត្ត បាន​សរសេរ​ភ្ជាប់​ជា​វីដេអូ​រិះគន់​ថា​ស្ដាប់​ហើយ ពិចារណា​ឡើងវិញ​ផង នាំ​គ្នា​បង្កើត​ចង្វាក់​បែក​ស្លុយ​មិន​អស់ចិត្ត​បែរជា​មក​បំផ្លាញ​ចម្រៀង​មរតក​ដើម​ទៀត គិតថា​ធ្វើអោយ​ចម្លែក​ជាងគេ​មែន​ទេ​? នេះ​មិនមែន​ហៅថា​ចម្លែក​ទេ។

ប្រភព​បាន​បន្តថា ​ខ្ញុំ​ដូចជា​ឆ្ងល់​ណាស់ ហេតុអ្វី​​​បានជា​អ្នកគ្រប់គ្រង​កម្មវិធី​អត់​ដឹង​ថា ​បទ​ចម្រៀង​ដែល​គេ​ឡើង​ច្រៀង​នោះ​ជា​បទ​អ្វី ? ​ទើប​បណ្តោយ​ឲ្យ​ចេញ​របៀបនេះ​ច្រៀង​ត្រឡប់ត្រឡិន​ច្របូកច្របល់​គ្មាន​ទិស​តំបន់​សោះ​ចឹ​ង។ ខ្ញុំ​អត់​យល់ ​ឬ​សង្គម​ខ្មែរ​យើង​ចង់​នរណា​ធ្វើ​អី​ស្រេច​តែ​អំពើ​​ចិត្ត ?។ បើ​ថា​អា​អ្នក​ច្រៀង​នោះ​វា​ឆ្កូត​ទៅ​ហើយ ហេតុអ្វី​អ្នក​គ្រប់​កម្មវិធី​ហ្នឹង​ឆ្កួត​ដែរ នេះ​កំពុងតែ​នាំគ្នា​បំផ្លាញ​……។

សូម​បញ្ជាក់​ថា​ កន្លងមក​ក៏​មាន​ការ​ចែករំលែក និង​រិះគន់​យ៉ាង​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយ​តារាចម្រៀង​ប្រុស​ថ្មី​ម្នាក់​ឈ្មោះ ឈី រដ្ឋា បាន​កាឡៃ​បទ ស្ពាន​អូរ​តា​គី ទៅជា​លំនាំ​បទ ស្ទឹងសែន​ប៉ារីស និង​បាន​ឡើង​បង្ហើរ​សំនៀង​នៅលើ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​CTN​កាលពី​ថ្មីៗ​នេះ។

តាមរយៈ​នេះដែរ​មាន​មហាជន​ជាច្រើន​បាន​សម្តែង​ការហួសចិត្ត​ខ្លាំង​ព្រមជាមួយ​ការរិះគន់​យ៉ាង​ចាស់ដៃ​មកលើ​តារា​ប្រុស​រូបនេះ​ថា កំពុងតែ​ធ្វើ​ឲ្យ​ខូច​តម្លៃ​ចម្រៀង​មរតក​ដើម​។ ជាក់ស្តែង​មានការ​រិះគន់ថា​យ៉ាងម៉េច​ហើយ​ឥឡូវ​ហ្នឹង​បែកៗ​ចឹ​ង ហើយ​ចង់​បំផ្លាញ​ឲ្យ​ខ្ទេច​មែន ?​បាន​អ្នក​ខំ​យ៉ាងហ្នឹង​លែង​ដឹង​បែបបទ​អស់ហើយ​។ អូ​ក្រឡក​គួរ​ខ្មាស​គេ​ណាស់​ទាំង​ពិភពលោក​ដាក់​ចំណងជើង​ថា​ម៉េច​បងៗ។

ឯ​ខ្លះទៀត​បាន​រិះគន់ថា អា​ឆ្កួត​អើយ​ចេះតែមាន​ហ្មង​គិតថា ច្រៀង​ហើយ​ល្បី​មែន​។ ចុះបើ​យក​ភ្លេង​ដើម​មក​ច្រៀង​វា​ម៉េច យក​ប៉ា​រ៉ូ​គេ​ហើយ​មក​កែ​ភ្លេង​កាន់តែ​យ៉ាប់​ទៅៗ​ហើយ​។ នេះ​ជាការ​បំផ្លាញ​ស្នាដៃ​ដើម​របស់​គេ​ដើម្បី​ចង់​អួត​គេ​ថា​ខ្លួនឯង​ចេញ​ច្នៃប្រឌិត​ថ្មី​។​ហួសចិត្ត។

ដោយឡែក​តារាចម្រៀង​ប្រុស​លោក ម៉ៃ សុគន្ធ ក៏បាន​រិះគន់ថា នេះ​កំពុង​ធ្វើ​ឲ្យ​ខួច​បទ​ដើម​និង​នាំ​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​យល់ច្រឡំ​បើ​ចង់​ច្រៀង​បទ​ដើម​ត្រូវ​រក្សា​ប៉ា​រ៉ូ​ល​ដើម មិន​គួរ​យក​បទ​២​មក​កាឡៃ​ចូលគ្នា​ទេ​។ ប្រហែល​គាត់​គិតថា អត្ថន័យ​ដើម​មិនល្អ​គ្រប់គ្រាន់​មែនហើយ​ពេល​គាត់​ធ្វើ​ចឹង​ទៅ​មិន​ស៊ី​ជាមួយ​ភ្លេង​សោះ​ស្តាប់​ទៅ​ទិស​ត្រចៀក​ណាស់។

លោក ម៉ៃ សុគន្ធ បាន​បន្ថែមទៀតថា ចំណែកឯ​អ្នកគ្រប់គ្រង​កម្មវិធី​គួរ​ណាស់​ពិនិត្យ​បទ​ចម្រៀង​សិន​មុន​ពេល​ឲ្យ​ឡើង​ច្រៀង។ ជាមួយ​គ្នា​នេះ ​អ្នកចម្រៀង​ជើងចាស់​និង​ជា​គ្រូភ្លេង​លោកគ្រូ បា ក៏បាន​ចេញមុខ​រិះគន់​ចំពោះ​ការ​កាឡៃ​បទ​ចម្រៀង​ និង​អ្នក​រៀបចំ​កម្មវិធី​ផង​ដែរ៕



Facebook Comments

អត្ថបទទាក់ទង