ពន្លឺ​យុត្តិធម៌​១៥​ឆ្នាំ​ នៅតែ​កប់​ជ្រៅ​ក្នុង​រណ្ដៅ ​ខណៈ​ទូច ស្រី​និ​ច អះអាង​ថា​ អំពើ​ឃាតកម្ម​ប៉ង​ផ្តាច់​ជីវិត​ពុំមែន​ករណី​ស្នេហា​ត្រីកោណ

Spread the love

ភ្នំពេញ ​៖ ​មហាជន​ពិត​បាន​ចាំ​ច្បាស់​ហើយ​ជុំវិញ​អំពើ​ឃាតកម្ម​ប៉ង​ស​ផ្តាច់​ជីវិត​អតីត​តារាចម្រៀង​កញ្ញា ទូច ស្រី​និ​ច កាលពី​ជាង​១៥​ឆ្នាំ​មុននេះ ​នៅ​ជិត​ផ្សា​ដើម​គរ​បណ្តាល​ឲ្យ​តារា​ស្រី​រូបនេះ​ធ្លាក់ខ្លួន​ពិការ​ដល់​សព្វថ្ងៃ។ ប៉ុន្តែ​ក្រោយ​រង​អំពើ​​បាញ់​សម្លាប់​នេះ​កញ្ញា ទូច ស្រី​និ​ច នៅ​ពុំទាន់​រកឃើញ​ពន្លឺយុត្តិធម៌​នៅឡើយ ​ខណៈ​ជនល្មើស​មិនទាន់​ត្រូវបាន​ចាប់ខ្លួន​នោះទេ។

ការរង​នូវ​អំពើ​បាញ់ប្រហារ​បណ្តាល​ឲ្យ​ពិការ​មកលើ​តារាចម្រៀង​ល្បីឈ្មោះ​កញ្ញា ទូច ស្រី​និ​ច កាលនោះ​មាន​ប្រភព​ជាច្រើន​បានដាក់​ការសង្ស័យថា​ អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ស្នេហា​​ត្រីកោណ។ មិន​​​តែប៉ុណ្ណោះ​ក៏មាន​ការអំពាវនាវ​ឲ្យ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ផងដែរ​។​

យ៉ាងណាមិញ​ក្រោយពេល​រឿងរ៉ាវ​នេះ​បាន​ស្ងប់ស្ងាត់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ ​ក៏​ស្រាប់តែ​កាលពី​ថ្មីៗ​នេះ​ អតីត​តារា​ចម្រៀង​រូប​ស្រស់​កញ្ញា ទូច ស្រី​និ​ច បាន​ចេញមុខ​បកស្រាយ​និង​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ថា​ ករណី​នៃ​ការប៉ង​បាញ់សម្លាប់​ខ្លួន​ពុំមែន​កើតឡើង​ដោយសារ​រឿង​ស្នេហា​ត្រីកោណ​ដូច​មតិ​យល់ឃើញ​មួយ​ចំនួន​នោះទេ​។​ ម្យ៉ាងទៀត​នាង​ក៏​គ្មាន​ថ្ងៃ​លក់​ឧ​ត្ត​ម​គតិ​របស់ខ្លួន​ដែរ។

ទោះបីជា​យ៉ាងណាក្តី​អតីត​តារាចម្រៀង​ស្រី​រូបនេះ​ពុំបាន​បញ្ជាក់​អ្វី​ក្រៅពីនេះទៀត​ទេ ​ស្រប​ពេលដែល​បច្ចុប្បន្ន​នាង​កំពុងតែ​រស់នៅ​ក្រៅប្រទេស​ជាមួយ​ស្ថានភាព​ពិបាក។

សូម​រម្លឹកថា​ តារាចម្រៀង​គ្រង​តំណែង​កំពូល​ក្នុងអំឡុង​ឆ្នាំ​២០០០​នាង ទូច ស្រី​និ​ច បាន​ទទួលរង​ការវាយប្រហារ​យ៉ាង​សាហាវ​ពី​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ថ្ងៃទី​២១ ​ខែតុលា ឆ្នាំ​២០០៣​​​ ខណៈពេលដែល​នាង និង​ម្តាយ​ដើរ​ចេញពី​ហាង​លក់ទំនិញ​មួយកន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​។​

នៅពេលនោះ​ម្តាយ​របស់​តារាចម្រៀង​រូបនេះ​បាន​ទទួលរង​ការ​បាញ់ប្រហារ​រហូត​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ​រីឯ​ទូច ស្រី​និ​ច បានទទួល​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ និង​បានទទួល​ការជួយ​សង្គ្រោះ​ភ្លាមៗ​ផងដែរ។

គិត​រហូតមក​ទល់នឹង​ពេលនេះ​ ការបាញ់សម្លាប់​លើ​ទូច ស្រី​និ​ច មាន​រយៈពេល​១៥​ឆ្នាំ​ហើយ​តែ​ការស្វែងរក​មុខ​ឧក្រិដ្ឋជន​និង​អ្នក​បង្គាប់បញ្ជា​ពីក្រោយ​ខ្នង​នៅ​មិនទាន់​រកឃើញ និង​នាំយកទៅ​កាត់ទោស​ទៅតាម​មាត្រា​នៃ​ច្បាប់​នៅឡើយ​ទេ៕

 

 

Facebook Comments

អត្ថបទទាក់ទង