ពលករ​ភូមា​២១​នាក់​ ​​ឆេះ​រួញ​ក្នុង​អណ្ដាត​ភ្លើង ​ដែល​ឆេះ​រថយន្ត

Spread the love

ថៃ ៖ ​​ពលករ​ភូមា​២១​នាក់​ ​បាន​ស្លាប់​យ៉ាង​វេទនា​ជាទីបំផុត នៅ​ក្នុង​អណ្ដាត​ភ្លើង​ដ៏​សន្ធោសន្ធៅ នៅ​ក្នុង​ចំណោម​ពលករ​ទាំងអស់​សរុប​៥០​នាក់ ខណៈ​ពួកគេ​កំពុង​ធ្វើដំណើរ​តាម​រថយន្តក្រុង ស្រាប់តែ​មានការ​ផ្ទុះ​រថ​យន្ត និង​មាន​អណ្តាតភ្លើង​ឆាបឆេះ​តែម្តង។

ហេតុការណ៍​ដ៏​រន្ធត់​នេះ ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវ​សាយ ត្រង់​បង្គោល​គីឡូម៉ែត្រ​លេខ ៦០ ក្នុង​ឃុំ​ម៉ែ​ឡៈ​ម៉ៅ ស្រុក​ម៉ែ​សត ខេត្ត​តាក ប្រទេស​ថៃ។

របាយការណ៍​បាន​ឲ្យ​ដឹងថា មាន​រថយន្តក្រុង​មួយគ្រឿង ( ពីរ​ជាន់ )​របស់​ក្រុមហ៊ុន​ឡា​ត​យ៉ាវ បរិ​កាន ចាំ​កាត់ ពាក់​ស្លាក លេខ នគរ​សុវណ្ណ ១០.៣៨២៤​បើកបរ​ដោយ​ឈ្មោះ បាន់​ធូ​ន វិ​ធូ​ន ដោយមាន​ដឹក​ពលករ​ជនជាតិ​ភូមា​សរុប​ចំនួន​៥០​នាក់​របស់​ក្រុមហ៊ុន ប៊ូ​ម ប៊ូ​ម គឺ​បានធ្វើ​ដំណើរ​ចេញពី​ស្រុក ម៉ែ​សត ខេត្ត​តាក ឆ្ពោះទៅកាន់​ខេត្ត​ប៉ា​ធុម​ថា​នី ។​

របាយការណ៍​បាន​បន្តថា លុះដល់​ត្រង់ចំណុច​ខាងលើ​ស្រាប់តែ​រថយន្ត​នេះ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​រហ័ស ដែល​ធ្វើអោយ​ក្រុម​ពលករ​ទាំងអស់​ភ័យ​ស្លន់ស្លោ​រត់រក​ច្រកចេញ​ ប៉ុន្តែ​ដោយសារតែ​ទ្វារ​មានតែ​១ ពួកគេ​មួយចំនួន​ត្រូវបាន​បាត់បង់​ជីវិត​នៅក្នុង​រថយន្ត​នោះ​យ៉ាង​វេទនា​បំផុត ដោយ​ជាក់ស្តែង​គឺ​អ្នក​ដែល​ចុះមក​បាន​មាន​ចំនួន​២៩​នាក់ ក្នុងនោះ​រួមទាំង​អ្នកបើកបរ​រថយន្ត ជាមួយនឹង​ភរិយា​របស់គេ​ផង ចំណែក​២១​នាក់​ទៀត ត្រូវបាន​ភ្លើង​ឆេះ​រួញ​ស្លាប់​នៅក្នុង​រថយន្ត​ទាំងអស់។

នា​ថ្ងៃទី​៣១ ខែមីនា នេះដែរ ក្រុមគ្រួសារ និង​សាច់ញាតិ​អ្នក​ដែល​ស្លាប់​នៅឯ ប្រទេស​ភូមា បានធ្វើ​ដំណើរ​ឡើងមក​កាន់​ខេត្ត មៀ​វ​ឌី ត្រង់​ព្រំប្រទល់​និង​ខេត្ត តាក​ដោយ​រាជរដ្ឋាភិបាល​ប្រទេស​ភូមា បាន​ចាត់ចែង​រក​កន្លែង​អោយ​ក្រុមគ្រួសារ​ទាំងនោះ​ស្នាក់នៅ​រង់ចាំ​ភាគី​ថៃ​បញ្ជូន​សព​ទៅដល់ ដើម្បី​ប្រគល់​ទៅអោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​វិញ៕


Facebook Comments

អត្ថបទទាក់ទង