ពិតជា​អស្ចារ្យ​ណាស់! ពេជ្រ ថៃ សម្រេច​ក្តី​ស្រមៃ​ជូន​ឪពុក​-​ម្តាយ​ទាំង​ខ្លួន​នៅ​ក្មេង

Spread the love

ភ្នំពេញ​ ៖​ តារាចម្រៀង​វ័យក្មេង ​និង​ជា​ម្ចាស់​ពានរង្វាន់​លំដាប់ថ្នាក់​ពិភពលោក​The Voice Kid រដូវ​កាល​ទី​១​កុមារ ពេជ្រ ថៃ ទីបំផុត​ បានសម្រេច​ក្តី​ស្រ​មៃ​ជូន​អ្នកមានគុណ​ទាំងពីរ​គឺ​ឪពុក ម្តាយ​របស់គេ​ហើយ ​តាមរយៈ​ការ​សាង​ផ្ទះ​ដ៏​ធំ​សម្រាប់​ឲ្យ​ពួកគាត់​បានរស់នៅ​សុខ​ស្រួល​ដោយ​លាចាក​ពី​ភាព​ក្រ​ខ្សត់​ដូច​គ្រា​មុន​ទៀតហើយ។

បន្ទាប់ពី​ចំណាយពេល ​និង​ថវិកា​​ជាច្រើន​ដើម្បី​សាង​ផ្ទះ​ថ្មី​ជូន​អ្នកមានគុណ​ទាំង​ពីរបាន​រួចរាល់​សព្វគ្រប់​ហើយ​នោះ ​កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩​កន្លងមកនេះ​ តារាចម្រៀង​វ័យក្មេង ពេជ្រ ថៃ បានសម្រេច​ធ្វើ​ពិធី​សូត្រ​មន្ត​ និង​ជប់លៀង​ឡើង​គេហដ្ឋាន​ថ្មី​នៅ​ឯ​ស្រុកកំណើត​ខេត្តបាត់ដំបង​។​ខណៈ​ដែលមាន​សិល្បៈ​រៀមច្បង​មួយចំនួន​ បានបង្ហាញ​វត្តមាន​ចូលរួម​អបអរ​ពិធី​នេះ​ផង​នោះ។

តាម​ការកត់សម្គាល់​នៅក្នុង​ពិធី​ឡើងផ្ទះ​ថ្មី​របស់​តារាចម្រៀង​ពេជ្រ ថៃ កាលពី​យប់មិញ​គេ​សង្កេតឃើញ​មាន​ភ្ញៀវ​ជាច្រើន​បានបង្ហាញ​ការចូលរួម​អបអរ​រួមទាំង​អ្នកសិល្បៈ​ប្រុស​-​ស្រី​រៀមច្បង​មួយចំនួន​ផងដែរ​។​ អ្វី​កាន់តែ​ពិសេស​ក៏​សង្កេតឃើញ ពេជ្រ ថៃ បង្ហាញ​ស្នាមញញឹម​សប្បាយរីករាយ​ស្ទើរ​បិទមាត់​មិន​ជិត​នា​ពិធី​ជួបជុំ​ថ្ងៃ​ពិសេស​ផងដែរ។

គេ​ចាំបាន​ថា​ តារាចម្រៀង​វ័យក្មេង​របស់​ផលិតកម្ម​ហង្ស​មាស ពេជ្រ ថៃ មុនពេល​ក្លាយជា​តារា​សិល្បៈ​គឺ​ប្អូន​បានរស់នៅ​ក្រោម​ជីវិត​ឆ្លងកាត់​រឿងរ៉ាវ​កម្សត់​តាំងពី​តូចក្រូចឆ្មា​ជាមួយ​ដូនចាស់ ឬ​ហៅថា​ម៉ែ​ចាស់ ខណៈដែល​ឪពុកម្ដាយ​គេ​បានធ្វើ​សំណាក​ស្រុក​ចេញទៅ​រកស៊ី​នៅ​ប្រទេស​ថៃ​មាន​រយៈពេល​រាប់​ឆ្នាំ​ ព្រោះតែ​ជីវភាព​ខ្វះខាត​។​ ប៉ុន្តែ​ពេលនេះ​ជីវិត​គ្រួសារ​គេ​ក៏​សម្រេច​បំណង​ដោយបាន​សង់ផ្ទះ​ធំ​ជូន​ឪពុកម្ដាយ​ស្របពេល​អាជីព​សិល្បៈ​ក៏​កាន់តែ​កាក់កប​ខ្លាំង​ផង​នោះ​៕​

Facebook Comments

អត្ថបទទាក់ទង