ព្រលឹង ខេមរៈ ស្រី​ពៅ ត្រូវ​ព្រះសង្ឃ​ធ្វើ​ពិធី​សូត្រមន្ត​អន្ទង​ឲ្យ​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ខណៈ​ស្លាប់​នៅ​ឥណ្ឌា

ភ្នំពេញ ​៖​ ដំណឹង​នៃ​ការ​ទទួល​មរណភាព​របស់​តារា​ចម្រៀង​ស្រី​វ័យ​២៦​ឆ្នាំ ​ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​លោក​ខេមរៈ សិរីមន្ត និង​លោក ខេមរៈ ភា​រុណ​ គឺ​កញ្ញា ខេមរៈ ស្រី​ពៅ បង្ក​ការ​សោកស្តាយ ស្រណោះ​អាឡោះអាល័យ​សម្រាប់​ក្រុម​គ្រួសារ និង មហាជន​រួម​ទាំង​អ្នក​សិល្បៈ​រួម​អាជីព​ជាច្រើន​។​

បន្ទាប់ពី​ការស្លាប់​របស់​កញ្ញា ខេមរៈ ស្រី​ពៅ ស្ថិតនៅ​ប្រទេស​ឥណ្ឌា​នេះដែរ ​ត្រូវបាន​ក្រុមគ្រួសារ​រៀបចំ​ចាត់ចែង​ដើម្បី​ដឹក​យក​សព​របស់ ស្រី​ពៅ ពី​ប្រទេស​ឥណ្ឌា​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ប្រទេស​កំណើត​ស្រុក​ខ្មែរ។ ខណៈដែល​លោក ខេមរៈ សិរីមន្ត ត្រូវជា​បងប្រុស​បង្កើត​កញ្ញា ខេមរៈ ស្រី​ពៅ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ស​ព​រ​បស់ ស្រី​ពៅ ​ត្រូវបាន​សម្តេច​ព្រះសង្ឃ វង់ សា​ម៉ូ​រ៉ា​ធ្វើ​ពិធី​​បង្សុកូល​ដើម្បី ឧទ្ទិស​បួងសួង​ឲ្យ​ព្រលឹង​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។

លោក ខេមរៈ សិរីមន្ត បាន​រៀបរាប់​ភ្ជាប់​ជាមួយ​វីដេអូ​ថា​ ដំណើរ​ចាក​ចេញពី​ប្រទេស​ឥណ្ឌា​របស់​ប្អូនស្រី ខេមរៈ ស្រី​ពៅ សូម​ថ្លែងអំណរគុណ​ដល់​លោក ឯកឧត្តម នាយ​ឧ​ត្ត​សេនីយ៍​ក​ត្តិ​បណ្ឌិត​ប៉ា ហ៊ី ប៊ុន​ហៀ​ង និង​លោកជំទាវ​ម៉ាក់ ប៉ែន ចន្ទី ,​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ណុប រ័ត្ន​និ មល និង​លោកជំទាវ ហ៊ីង សុខលាភ ដែល​បាន​និមន្ត​អញ្ជើញសម្តេច​ព្រះសង្ឃ វង់ សា​ម៉ូ​រ៉ា បង្សុកូល ដើម្បី​ឧទ្ទិស​បួងសួង ដួង​វិញ្ញាណក្ខន្ធ ប្អូនស្រី ខេមរៈ ស្រី​ពៅ អោយបាន​ត្រឡប់មក មាតុប្រទេស​យើង​វិញ។

លោក ខេមរៈ សិរីមន្ត បាន​បន្តថា ​ខ្ញុំបាទ​សូម​អរគុណ​ដល់​បងប្អូន​ទាំងអស់គ្នា​…​នៅ​ថ្ងៃស្អែក​(២៧ ខែមករា​)​នេះ​ បើ​បងប្អូន​ណា​មានបំណង​ចង​ចូលរួម​ផ្តល់​ជា​កិត្តិយស គោរព​វិញ្ញាណក្ខន្ធ​របស់​ប្អូនស្រី​ខ្ញុំបាទ ខេមរៈ ស្រី​ពៅ បងប្អូន​អាច​អញ្ជើញ​មក​គេហដ្ឋាន ខ្ញុំបាទ​ផ្ទាល់​បាន​ដែល​នៅ​ជិត​វត្ត​សំរោង​អណ្តែត​សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន សុខ ។ សូម​អរគុណ​។​

តារាចម្រៀង​ស្រី​កញ្ញា ខេមរៈ ស្រី​ពៅ បានទទួល​មរណភាព​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩​ស្ថិតនៅ​មន្ទីរពេទ្យ​ប្រទេស​ឥណ្ឌា​ដោយសារ​ជំងឺ​សួត​និង​ក្រលៀន​ធ្ងន់ធ្ងរ​។​ដំណឹង​នៃ​ការស្លាប់​របស់​កញ្ញា ខេមរៈ ស្រី​ពៅ ភា្ល​មៗ​នោះ​ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​បានបង្ហាញ​ក្តី​រន្ធត់ចិត្ត​និង​បង្ហាញ​ការ​សោកសៅ​ស្រណោះ​ស្តាយ​នូវ​ការបាត់បង់​អ្នកសិល្បៈ​ស្រី​មាន​សមត្ថភាព​រូបនេះ៕


អត្ថបទទាក់ទង