មនុស្ស​ជាច្រើន​ ​ឈរ​ចាំ​តម្រង់​ជួយ​នៅមុខ​ពេទ្យ​ប៉ាស្ទ័រ ​ក្រោយ​ផ្ទុះ​ករណី​ជំងឺ​ឆ្កែឆ្កួត​ខាំ​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់

Spread the love

ភ្នំពេញ ៖ ជាការ​កត់សម្គាល់​អំឡុងពេល​ប្រមាណ​១​សប្ដាហ៍​នេះ​ គេ​សង្កេតឃើញ​មាន បងប្អូន​ប្រជាពលរដ្ឋ​មកពី​បណ្តា​ខេត្ត​មួយចំនួន​ បាន​សម្រុក​នាំគ្នា​មកកាន់​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ ដើម្បី​នាំ​កូនចៅ មក​ទទួល​ចាក់​ថ្នាំ​បង្ការ ជំងឺ​ឆ្កែឆ្កួត​ខ្វាច​ ខាំ​ ក្រញៅ​ជាដើម។

ជាក់ស្តែង​​​ កាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ​កន្លង​ទៅ​នេះ​ នៅ​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ នៅ​ជិត​មន្ទីរពេទ្យ​កាល់ម៉ែត គឺមាន​ប្រជាពលរដ្ឋ​ក្មេង ចាស់ ជាច្រើន​ បាននាំគ្នា​មក​តម្រង់​ជួរ​ចាប់លេខ​រៀង ដើម្បី​នាំ​កូនចៅ ទទួលបាន​ការចាក់​ថ្នាំ ឬ​ថ្នាំ​បង្ការ នៃ​ការព្យាបាល​ជំងឺ​ឆ្កែឆ្កួត ដែល​ពួកគាត់​ទាំងនោះ​សុទ្ធតែ​ត្រូវបាន​សត្វ​ឆ្កែ​របស់គាត់​ចិញ្ចឹម ឬ​សត្វ​ឆ្កែ​អ្នកជិតខាង​ខាំ ឬ​ក្រញៅ ឬ​លិឍ​ចំ​កន្លែង​ដែលមាន​ដំបៅ ឬ​ខាំ បណ្តាល​ឲ្យ​របួស​នោះ។

ករណីនេះ​ត្រូវបាន​ប្រភព​ជាច្រើន​បញ្ជាក់ថា​ថ្មីៗ​នេះ​ពួកគាត់​បាន​មើល​នូវ​បណ្តាញ​សង្គម​Facebook ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ត្រូវបាន​គេ​បង្ហោះ និង​ស៊ែ​រតៗ​គ្នា​ពី​ក្មេងស្រី​ម្នាក់ និង​ស្ត្រី​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់ទៀត ត្រូវបាន​ស្លាប់​ដោយសារតែ​ត្រូវ​សត្វ​ឆ្កែ​ខាំ និង​ឆ្មា​ខ្វាច បណ្តាល​ឲ្យ​ពួកគាត់​បាន​ស្លាប់​ក្នុងករណី​ផ្សេង​ពីរ​គ្នា​នោះ​ដូច្នេះ​ទើប​ពួកគាត់​ក៏បាន​កូនចៅ មកកាន់​វិទ្យាស្ថាន​ប៉ាស្ទ័រ នៅ​រាជធានី​ភ្នំពេញ​នេះ ដើម្បី​ទទួលបាន​ការចាក់​ថ្នាំ​បង្ការ ក៏ដូចជា​ថ្នាំ​ព្យាបាល​ឲ្យ​ទាន់ពេលវេលា ដើម្បី​បញ្ចៀស​ពី​ជំងឺ​ដ៏​កាច​នេះ​ផងដែរ។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ថ្លែងប្រាប់​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកុម្ភៈ​ឲ្យ​ដឹងថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​ជាមុន​នេះ​គឺជា​ការល្អប្រសើរ​ណាស់​ព្រោះថា​អាច​កាត់បន្ថយ​ហានិភ័យ​ធ្ងន់ធ្ងរ​ពេល​ឆ្កែ​ខាំ ប៉ុន្តែ​ប្រជាពលរដ្ឋ​ត្រូវ​ចាក់​វ៉ាក់សាំង​ឲ្យ​គ្រប់​ចំនួន​ដែល​គ្រូពេទ្យ​បានកំណត់​ទើប​ការការពារ​មាន​ប្រសិទ្ធភាព។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​បាន​បន្តថា «​ការ​ប្រៀបដូចជា​ការចាក់​ថ្នាំ​បង្ការ​ទៅលើ​កុមារ​ជំងឺ​១១​មុខ​អីចឹង​ដែរ​កាលណា​ចាក់​គ្រប់​ចំនួន​ទៅ កុមារ​អាច​ការពារ​ជំងឺ​ទាំង​នោះបាន ជៀស​ផុតពី​ការឆ្លង​ជំងឺ​ផ្សេងៗ​ដែល​អាច​ការពារ​បាន​ដោយ​វ៉ាក់សាំង​»​។​

លោក​វេជ្ជបណ្ឌិត លី សុវត្ថិ អនុប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ធ្លាប់ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ទាំងអស់​នៅពេល​មាន​សត្វ​ឆ្កែ​និង​ឆ្មា​ខាំ ត្រូវតែ​ប្រញាប់ប្រញាល់​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ចំណែក​អ្នករស់នៅ​ខេត្ត​មួយចំនួន ដូចជា​ខេត្ត​ប៉ៃលិន​,​បន្ទាយមានជ័យ​,​សៀមរាប​និង​ពោធិ៍សាត់​ពេល​មាន​សត្វ​ខាំ​ត្រូវ​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ដោយ​មិនចាំបាច់​ចំណាយពេល​វេលា​និង​ថវិកា​ធ្វើដំណើរ​មកចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នេះ​នៅ​ប៉ាស្ទ័រ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​ដូច​កាល​មុន​ទៀត​ទេ​។​

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ទៀតថា ការចាក់​ថ្នាំ​ការពារ​ជំងឺ​ឆ្កែឆ្កួត​បាន​ទាន់ពេលវេលា​គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ព្រោះ​យើង​មិនអាច​ដឹង​មុន​ថា សត្វ​ដែល​ខាំ​មាន​ផ្ទុកមេរោគ​ជំងឺ​ឆ្កែឆ្កួត​ឬ​យ៉ាងណា​នោះឡើយ​។​មេរោគ​ជំងឺ​ឆ្កែឆ្កួត ចម្លង​ទៅ​មនុស្ស​តាមរយៈ​ទឹកមាត់​ពេល​សត្វ​ទាំងនោះ​ខាំ​លើ​មនុស្ស​។ ជំងឺ​នេះ​មិនទាន់មាន​ថ្នាំ​ព្យាបាល​ទេ មនុស្ស​អាច​ស្លាប់​មួយរយ​ភាគរយ​ពេល​មេរោគ​ឆ្លង​ចូល​ទៅដល់​ខួរក្បាល​។ ប៉ុន្តែ​មាន​ថ្នាំ​ចាក់​បង្ការ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​នៅពេល​យើង​ចាក់​ក្រោយពី​សត្វ​ខាំ​ភ្លាមៗ។

សូមបញ្ជាក់ថា​ ជំងឺ​ឆ្កែឆ្កួត គឺជា​ជំងឺ​បណ្តាលមកពី​វីរុស​ដែល​អាច​បង្ការ​បាន ប៉ុន្តែ​កាច​សាហាវ​ដែល​បាន និង​កំពុង​សម្លាប់​មនុស្ស​ពី ៣៥០០០ ទៅ ៥០០០០ នាក់​ទូទាំង​ពិភពលោក​ជា​រៀងរាល់ឆ្នាំ​។​រយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​បង្ហាញថា ៤០% នៃ​ជនរងគ្រោះ​ពី​ជំងឺ​នេះ គឺ​ក្មេង​ដែលមាន​អាយុ​ក្រោម​១៥​ឆ្នាំ ហើយ​ជា​រៀងរាល់​ឆ្នាំមាន​មនុស្ស​ច្រើនជាង​១៥​លាន​នាក់​ទូទាំង​ពិភពលោក​ដែល​បាន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​នេះ​ក្រោយពេល​សត្វ​ខាំ។

តាម​ការបញ្ជាក់​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​ឲ្យ​ដឹងថា ឆ្នាំ​២០១៨​មាន​ជនរងគ្រោះ​ដោយ​សត្វ​ខាំ​ដែល​ភាគច្រើន​សត្វ​ឆ្កែ​និង​ឆ្មា​ចំនួន​២៦០៦៦​នាក់​ដែល​ចំនួន​នេះ​មានការ​កើនឡើង​លើសពី​ឆ្នាំ​២០១៧​ដែលមាន​ត្រឹមតែ​២២៤២១​នាក់​ប៉ុណ្ណោះ​។​តាម​ការ​គណនា​ប៉ាន់ស្មាន​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ឆ្នាំ​២០០៧​បាន​បង្ហាញថា​កម្ពុ​ជាមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​ប្រមាណ​៨០០​នាក់​ក្នុង​មួយឆ្នាំៗ៕

Facebook Comments

អត្ថបទទាក់ទង