មាន​រឿង​អ្វី​ទៀតហើយ ​បានជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ពោល​ពាក្យ​បែបនេះ?

ភ្នំពេញ ​៖​ ប្រយោគ​មួយ​ឃ្លា​ចុងក្រោយ​នៃ​សំណេរ​លើកឡើង​រៀបរាប់​ពី​ជីវិត​សព្វថ្ងៃ​របស់​តារា​សម្តែង​និង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​កំពុង​ធ្វើ​ឲ្យ​មហាជន ​និង​អ្នកគាំទ្រ​ជាច្រើន​នាំគ្នា​ចាប់អារម្មណ៍​ខ្លាំង​។​ ខណៈ​មាន​ខ្លះ​ទៀត​ បាន​បញ្ចេញ​ទស្សនៈ​លើកទឹកចិត្ត​តារា​ស្រី​រូប​នេះ​ផង​ន។
តាមរយៈ​រូបភាព​និង​សំណេរ​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ពេលនេះ​ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​បង្ហាញ​ការសង្ស័យថា​តារា​ស្រី​រូបនេះ​ទំនង​អាច​និង​កំពុងតែ​កើតមាន​បញ្ហា​អន់ចិត្ត​ឬ​មាន​ជម្លោះ​ផ្លូវចិត្ត​ជាមួយ​បុគ្គល​ណា​ទៀតហើយ ​ទើប​បាន​ជា​នៅ​សុខ​ៗ​ស្រាប់តែ​បញ្ចេញ​អារម្មណ៍​ពិត​ហាក់​មាន​ចេតនា​ផ្លែផ្កា​ឌឺដង​បង្ហាញ​ពី​ចរិត​ពិត​របស់​ខ្លួន​ឲ្យ​មហាជន​ដឹង​ជា​សាធារណៈ។
តារា​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា រៀបរាប់​ថា បើ​កុំ​តែ​កើតមក​ល្ងង់ មិន​សំណាង​រស់នៅ​លើ​ទ្រព្យ​ដូច​ស្រី​ដទៃ​ជិត​២០​ឆ្នាំ ដែល​រស់​ជាមួយ​មនុស្ស​កេងប្រវ័ញ្ច​កម្លាំង​ញើស​ឈាម ហើយ​កើតជា​មនុស្ស​មាន​បេះដូង​ចិត្តថ្លើម​យកអាសា​ញាតិមិត្ត​បងប្អូន កុំ​អី​ខ្ញុំ​មិន​ត្រូវ​រស់​ទាំង​ហត់​ចិត្ត​ហត់​កាយ និង​ហត់​ប្រាជ្ញា​ដូច្នេះ​ទេ​……។

អ្នកនាង ​បាន​បន្ថែម​ទៀត​ថា ​ការ​ខំប្រឹង​តែ​ម្នាក់​ឯង​គឺ​ពិតជា​លំបាក​ណាស់​ទាល់​ដៃជើង តែ​ប្រឹង​ត្រដរ​ដើម្បី​អនាគត​ទាំង​ដៃ​ខ្លី ជើង​ទាល់ ថៅកែ​ក៏​ខ្លួនឯង គូលី​(​កម្មករ​) ក៏​ខ្លួនឯង អ្វីៗ​គឺ​ប្រឹង​តែ​ម្នាក់​ឯង​សំបូរ​អ្នក​មក​សុំ ឯ​អ្នក​ជួយ​គឺ​មិន​សំបូរ​ឡើយ​ប្រើ​គេ​ម្តងៗ​ត្រូវ​មើល​ទឹកមុខ​គេ នេះ​ជា​ផលកម្ម​របស់ខ្ញុំ​តាំងពី​តូច។ ដូច្នេះ​សូម​ប្រាថ្នា​ជាតិ​ក្រោយ​ សូម​អោយ​ខ្ញុំ​កើតជា​មនុស្ស​មាន​ល្បិច​ច្រើន​ប្រកបដោយ​ភាព​ឆ្លាត និង មានចំណេះ​បោក​ពេញ​ខ្លួន។
គិត​មក​ទល់​ពេល​នេះ ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា ការ​បញ្ចេញ​ទស្សនៈ​ពី​សំណាក់​តារា​ស្រី​ចាស់​វស្សា​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ធ្វើឡើង​ក្នុង​ចេតនា​អ្វី​នោះ​ឡើយ​។​ ខណៈ​ដែល​មាន​អ្នកគាំទ្រ​នាង​ជាច្រើន​បង្ហាញ​ការ​លើកទឹកចិត្ត​ និង​គាំទ្រ​ឲ្យ​តារា​ស្រី​រូប​នេះ​ កុំ​ឲ្យ​មាន​ការ​បាក់​ទឹកចិត្ត​រាល់​អំពើ​​ល្អ​ និង​សកម្មភាព​របស់​ខ្លួន​ដែល​កំពុងតែ​លេចឡើង​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ៕

អត្ថបទទាក់ទង