មិន​នឹក​ស្មាន​ដល់! ស្ដាប់​លោក​តា​ លោក​យាយ​រៀបរាប់​ពី​ដើមចម​ឈាន​ដល់​ការ​រៀបអាពាហ៍ពិពាហ៍

Spread the love

ភ្នំពេញ ​៖ ​មហា​ជន​បាន​ដឹង​ ​និង​ភ្ញាក់ផ្អើល​ស្ទើរ​គ្រប់​គ្នា​រួច​មក​ហើយ​ចំពោះ​ករណី​គូស្នេហ៍​វ័យ​ចំណាស់​នៅ​ខេត្ត​សៀមរាប​ រៀបអាពាហ៍ពិពាហ៍​ជាមួយ​គ្នា​កាលពី​ពេល​ថ្មីៗ​កន្លង​មក​នេះ។ ប៉ុន្តែ​មហាជន​ប្រហែល​ជា​ចង់​ដឹង​ហើយ​ថា​មូលហេតុ​អ្វី បាន​ជា​លោក​តា​លោក​យាយ​វ័យ​ចំណាស់​ទៅ​ហើយ​នោះ​ ​សម្រេច​ចិត្ត​រៀបអាពាហ៍ពិពាហ៍​ជាមួយគ្នា។

លោកតា​ជា​កូនកំលោះ​មាន ឈ្មោះ ប៉ែន យី មាន​អាយុ​៨៦​ឆ្នាំ រស់នៅ​ភូមិ​កំបោរ ឃុំ​ស្វាយស ស្រុក​វ៉ារិន បាន​រៀបរាប់​ថា លោកតា​ត្រូវបាន​ប្រពន្ធ​ស្លាប់ចោល​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ហើយ​បច្ចុប្បន្ន​មាន​កូន​៦ (​ប្រុស​១ ស្រី​៥​នាក់​)។ ប៉ុន្តែ​ពួកគេ​បាន​ចាក​ចេញពី​លោកតា​អស់ហើយ ដើម្បី​ទៅ​កសាង​ក្រុម​គ្រួសារ​រៀងៗ​ខ្លួន។ ការ​រស់នៅ​ក្នុង​ភាព​ជា​ពោះម៉ាយ​ ធ្វើឲ្យ​លោក​តា​មាន​ភាព​ឯកោ ចង់​បាន​យាយ​ម្នាក់​ដើម្បី​មើលថែ​គ្នា​ពេល​ចាស់​ទៅ ហើយ​ក្រោយ​មក​ក៏​បាន​សម្លឹង​ឃើញ​លោកយាយ​ជា​ស្ត្រី​មេម៉ាយ​ប្តី​ស្លាប់​ចោល អាយុ​ប្រហែល​ជាង​៧០​ឆ្នាំ ដែល​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា ក៏​មាន​ចិត្ត​លួច​ស្រឡាញ់​លាក់​ទុកក្នុងចិត្ត​ជា​យូរ​ឆ្នាំ ដោយ​​​លោកយាយ​ពុំបាន​ដឹង​នោះ​ទេ។

ការ​លាក់ទុកក្នុងចិត្តយូរៗ​ទៅ​ទ្រាំលែង​បាន ទីបំផុត​លោក​តា​ក៏​ដាច់​ចិត្ត​​​និយាយ​ប្រាប់​កូនៗ​ឲ្យ​ចូល​ដណ្តឹង​យក​លោកយាយ​ ហើយ​កូនៗ​បាន​ឲ្យ​អ្នកជិតខាង​ជួយ​ធ្វើជា​មេអណ្តើក​សួរនាំ​ខាង​ស្រី ក្នុង​រយៈពេល​៣​ថ្ងៃ​ ក៏​សម្រេច​រៀបការ​តែម្តង។

ចំណែក​លោក​យាយ​ជា​កូន​ក្រមុំ​ឈ្មោះ ស៊ង អាយុ​៧១​ឆ្នាំ ជា​ស្ត្រីមេម៉ាយ​ បាន​រៀបរាប់​ថា លោក​យាយ​មាន​កូន​ប្រុស ស្រី ​​៧​នាក់ (​ប្រុស​៤ ស្រី​៣​នាក់​)​ ពួកគេ​បាន​រៀបការ​អស់ហើយ សព្វថ្ងៃ​លោក​យាយ​រស់នៅ​ជាមួយ​កូនច្បង​ទី​៤។

លោកយាយ បាន​រៀបរាប់​ពី​គម្រោង​ក្រោយ​រៀបអាពាហ៍ពិពាហ៍​ថា ក្រោយ​ការ​រួច​​ លោកយាយ​ក៏​ដេក​នៅ​ជាមួយ​កូនៗ​ធម្មតា ហើយ​លោកតា​ក៏​ទៅ​ដេក​នៅ​ជាមួយ​ខាង​កូនប្រុស​គាត់​ដែរ ប៉ុន្តែ​រូបលោក​យាយ​បាន​គិត​ថា បើ​កូនៗ​ឲ្យ​ការ​ហើយ​មានតែ​សម្រេចចិត្ត​សុំ​កូន​ធ្វើ​ផ្ទះ​តូច​មួយ ដើម្បី​រស់នៅ​ជាមួយគ្នា​ជា​ប្រពន្ធ​-​ប្តី គ្រាន់​បាន​មើលថែ​គ្នា​ទៅ​វិញ​ទៅ​មក​កំដរ​ជីវិត​ចុងក្រោយ។

ងាយ​មក​ដល់​ការ​ចែចូវ​​ចូល​ស្ដីដណ្ដឹង​ពី​លោកតា​វិញ ​លោកយាយ​បាន​រៀបរាប់​ថា មុន​ពេល​រូប​លោកយាយ​សម្រេចចិត្ត​រៀបការ​ជាមួយ​លោកតា គឺ​ដោយសារ​កូនៗ​ជា​អ្នក​ឲ្យ​លោកយាយ​យក គ្រាន់​បាន​មើលថែ​គ្នា​ក្នុង​វ័យ​ចំណាស់​នេះ ប៉ុន្តែ​ការ​រៀប​ចំ​នេះ​លោកយាយ​បាន​ប្រាប់​កូនៗ​ថា ពួក​យើង​អត់​មាន​លុយកាក់​ទេ​ឲ្យ​ត្រឹម​សែន​បាន​ហើយ តែ​កូនៗ​បាន​ប្រាប់​លោកយាយ​វិញ​ថា ខាង​កូនប្រុស​ជា​អ្នក​ចេញមុខ​ចាត់ចែង​មង្គលការ​ទាំងអស់ ទើប​រូប​គាត់​សម្រេចចិត្ត​តាម​កូនៗ​ទៅ។

សូម​បញ្ជាក់​ថា ​ពិធីមង្គលការ រវាង​មនុស្ស​ចាស់ និង​មនុស្ស​ចាស់ វា​កម្រ​នឹង​កើត​មាននៅ​សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ​ណាស់​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ករណីនេះ វា​បាន​កើតមាន​រួចទៅហើយ ក្រោយ​ពេលដែល​តា​ចាស់​អាយុ​៨៦​ឆ្នាំ និង​យាយ​អាយុ​៧១​ឆ្នាំ បានសម្រេច​ចិត្ត​ផ្សំផ្គុំ​គ្នា​រហូត​ឈានដល់​អាពាហ៍ពិពាហ៍​ស្របច្បាប់​ដូច​មង្គលការ​កំលោះ​ក្រ​-​ក្រមុំ​ផង​នោះ។

ទិដ្ឋភាព​និង​រូបភាព​នៃ​ពិធីមង្គលការ​ដោយមាន​ការចូលរួម​អបអរ​ពី​សំណាក់​ភ្ញៀវ​យ៉ាង​អធិកអធម​រវាង​គូស្នេហ៍​វ័យ​ចំណាស់​ខាងលើនេះ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន សម្តែង​ការភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ខ្លាំង​អំឡុងពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។ មិនតែប៉ុណ្ណោះ​ក៏មាន​ការ​បង្ហោះ និង​ស៊ែរ​ចែករំលែក​ជា​បន្តបន្ទាប់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៀតផង។

ប្រភព​ខ្លះ​ក៏បាន​ចែករំលែក​រូបភាព​រប​ស់​ពិធីមង្គលការ​កូនកំលោះ​ក្រមុំ​វ័យ​ចំណាស់​នោះ ភ្ជាប់​ជាមួយ​ការ​សរសេរថា មួយគូ​ទៀតហើយ​! មាន​អ្វី​ជូនពរ​គាត់​ទេ​?​។ ឆ្លាត​ណាស់​តា​បាន​រៀបការ​ម្ដងទៀត​ដូច​កើតជា​ថ្មី​ចឹ​ង​យាយ​ក៏​ដូច​តែ​គ្នា​សូម​ជូនពរ​អោយ​លោកតា និង​លោកយាយ​ឆាប់​មានកូន​ម្ដងទៀត​ណា​តា និង​យាយ។

បើតាម​ការបញ្ជាក់​ឲ្យ​ដឹងថា ចំពោះ​មង្គលការ​តា​អាយុ​៨៨​ឆ្នាំ​និង​យាយ​អាយុ​៧១​ឆ្នាំនេះ កើតឡើង​នៅ​ភូមិ​កំបោរ ឃុំ​ស្វាយស ស្រុក​វ៉ារិន ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨​។ មង្គលការ​នេះ​ក៏​ទទួលបាន​ការលើកទឹកចិត្ត​និង​ជូនពរ​ជាច្រើន​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​ខ្មែរ​ទូទៅ​ផងដែរ​។​

ជាការ​កត់សម្គាល់​កន្លង​មក​ត្រូវ​បាន​មហាជន​ជាច្រើន​ធ្លាប់តែ​ដឹង​និង​ឃើញ​ពី​មង្គលការ​រវាង​កូនក្រមុំ កំលោះ​ខុស​វ័យ​ដូចជា ៖ មង្គល​ការដែល​កូនកំលោះ​មាន​វ័យ​ចំណាស់​ជាង​កូនក្រមុំ​ឬ​កូនក្រមុំ​មាន​វ័យ​ចំណាស់​ជាង​កូនកំលោះ​។ ប៉ុន្តែ​មិន​ដល់​ថ្នាក់​ចាស់​មាន​វ័យ​រហូត​ខ្ទង់​៨០​ប្លាយ​និង​៧១​ឆ្នាំ​ដូច​មង្គលការ​របស់​តា​យាយ​ខាងលើ​នេះ​ឡើយ​។ តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាងណា​ចំពោះ​មង្គលការ​មួយ​នេះ​,​សូម​បញ្ចេញមតិ​ដោយ​ការពិចារណា?៕

    

Facebook Comments

អត្ថបទទាក់ទង