ម៉ៃ សុគន្ធ គាំទ្រ​គ្រួសារ​តារា​កម្ពុជា ​បំផុស​ពី​ឈុត​បុរាណ​គ្រប់​ទម្រង់ ​និង​សម័យកាល​នៅ​ថ្ងៃ​អបអរ​ប្រាសាទ​សំបូរព្រៃគុក

Spread the love

ភ្នំពេញ ​៖​ តារាចម្រៀង​កំពូល​ទើស​ម្ចាស់​បទ គូទ​ឆ្កែ លោក ម៉ៃ សុគន្ធ បន្ទាប់ពី​បានបង្ហាញ​ខ្លួន​ក្នុង​ឈុត​សម្លៀកបំពាក់​ជា​មេទ័ព​ក្នុង​ព្រឹត្តិការណ៍​ដង្ហែ​​ក្បួន​ឈុត​បុរាណ​យ៉ាង​អស្ចារ្យ​ពី​ទី​រួម​ខេត្តកំពង់ធំ​ឆ្ពោះទៅ​ប្រាសាទសំបូរព្រៃគុក​ ក្រោម​ការសហការ​ចូលរួម​ពី​គ្រួសារ​តារា​កម្ពុជា​និង​ហុងដា​ជួប​កៅ​ភ្លាមៗ​នេះ​ លោក​បាន​បង្ហាញ​អារម្មណ៍​គាំទ្រ​ និង​សប្បាយ​ចិត្តខ្លាំង​ចំពោះ​ភាពជោគជ័យ។

តារាចម្រៀង​លោក ម៉ៃ សុគន្ធ ក្រៅតែពី​ការ​លេច​វត្តមាន​ចូលរួម ​និង​បង្ហាញ​ការ​គាំទ្រ​អបអរ​ព្រឹត្តិការណ៍​នេះ​ គឺ​តារា​ប្រុស​រូប​នេះ​ ក៏បាន​ទទួល​ផង​ដែរ​ នូវ​ប័ណ្ណសរសើរ​មួយ​សន្លឹក​ពី​គ្រួសារ​តារា​កម្ពុជា​ និង​ហុងដា​ជួប​កៅ។ ខណៈដែល​ប័ណ្ណសរសើរ​នេះ​ បានធ្វើ​ឲ្យ​សាមីខ្លួន​លោក ម៉ៃ សុគន្ធ កាន់​តែមាន​អារម្មណ៍​រំភើប​និង​សប្បាយចិត្ត​ខ្លាំង​ ដែល​បាន​ចូលរួម​លើកស្ទួយ​តម្លៃ​វប្បធម៌​ខ្មែរ​តាមរយៈ​ការ​គ្រង​ឈុត​បុរាណ។

លោក ម៉ៃ សុគន្ធ បាន​បង្ហោះ​ភ្ជាប់​នឹង​រូបភាព​ប័ណ្ណសរសើរ​រួមទាំង​ក្នុង​ឈុត​បុរាណ​គ្រង​ជា​មេទ័ព​ដូច្នេះ​ថា​ ស្រឡាញ់​ណាស់​សម្រាប់​កម្មវិធី​គ្រួសារ​តារា​កម្ពុជា​ ដែល​បាន​បំផុស​ពី​ឈុត​បុរាណ​គ្រប់​ទម្រង់ ​និង​សម័យកាល​របស់​ខ្មែរ​គាំទ្រ​ពេញ​បេះដូង​។ ​ជាពិសេស​ប័ណ្ណសរសើរ​មួយ​សន្លឹក​ទោះ​គ្មាន​តម្លៃ​សម្រាប់​បុគ្គល​អវិជ្ជមាន​មួយ​ចំនួន​ តែ​វា​មានតម្លៃ​សម្រាប់​បេះដូង​របស់ខ្ញុំ​ដែលជា​ខ្មែរ។

គួរ​រម្លឹក​ថា ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ​ខែ​កក្កដា ​ឆ្នាំ​២០១៩​ កន្លង​មក​នេះ ​លោក ផាត់ តារា​រដ្ឋ​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ បាន​ដឹកនាំ​តារា​សិល្បៈ​ប្រុស​-​ស្រី​ខ្មែរ​ប្រមាណ​ជិត​១០០​នាក់​ចូលរួម​ព្រឹត្តិការណ៍​ដង្ហែ​ក្បួន​ឈុត​បុរាណ​យ៉ាង​អស្ចារ្យ​ពី​ទី​រួម​ខេត្ត​កំពង់ធំ ឆ្ពោះ​ទៅ​ប្រាសាទ​សំបូរព្រៃគុក។ ក្បួន​ដង្ហែ​​ឈុត​បុរាណ​ទ្រង់ទ្រាយ​ធំ​ ហើយ​ជា​ប្រវត្តិសាស្ត្រ​នៅ​ប្រាសាទ​សំបូរព្រៃគុក​នេះ ​គឺធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​អបអរ​ខួប​២​ឆ្នាំ​របស់​ប្រាសាទ​សំបូរព្រៃគុក​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក៕

Facebook Comments

អត្ថបទទាក់ទង