ម្តាយ​ចិត្ត​តិរច្ឆាន​បង្កើត​ហើយ​យក​កូន​ទៅ​ប្លុង​ចោល​នៅ​ក្បែរ​របង​ពេទ្យ​កុមារ​ជាតិ​

Spread the love

ម្តាយ​ចិត្ត​តិរច្ឆាន​បង្កើត​ហើយ​យក​កូន​ទៅ​ប្លុង​ចោល​នៅ​ក្បែរ​របង​ពេទ្យ​កុមារ​ជាតិ​
ភ្នំពេញ ៖​ទារិកា​ដែល​ទើប​កើត​បាន​ប្រមាណ​៣​ម៉ោង​ត្រូវបាន​ម្តាយ​ចិត្ត​អប្រិយ​ដាច់​ធម៌​មេត្តា​យកទៅ​ប្លុង​ចោល​នៅជាប់​របង​ពេទ្យ​កុមារ​ជាតិ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​អ្នក​ដែល​ធ្វើដំណើរ​តាមផ្លូវ​នាំគ្នា​ចោមរោម​មើល​គ្រប់គ្នា​។​ ប៉ុន្តែ​ភ្លាមៗ​នោះដែរ​ ទារិកា​អភ័ព្វ​រូបនេះ​ ក៏​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​បញ្ជូន​ចូលមកក្នុង​មន្ទីរពេទ្យ​កុមារ​។​

​ហេតុការណ៍​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​១៥​នាទី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​ស្ថិតនៅ​លើផ្លូវ​លេខ​២៥៣ កែង​១២២ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក (​ជិត​របង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​) ។

បើ​ប្រភពពី​ប្រជាពលរដ្ឋ​នៅក្បែរ​នោះបាន​និយាយថា មុនពេល​កើតហេតុ​បុគ្គលិក​ភោជនីយដ្ឋាន វី​ហ្វ្រេ​ន ដែលមាន​ទីតាំង​ជាប់​របង​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ដើរ​ចេញពី​ហាង​មក​ក្បែរ​កន្លែងផ្ញើម៉ូតូ ក៏​ស្រាប់តែ​ឃើញ​ទារិកា​កម្សត់​ត្រូវ​ម្តាយ​យកមក​ប្លុង​ចោល​។​

​ដោយ​ឃើញ​ដូច្នេះ​ភ្លាមៗ​នោះ​ក្រុម​ប្រជាពលរដ្ឋ​បាន​នាំយក​ទារិកា​កម្សត់​នេះ ចូលទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​។​ក្រុមគ្រូពេទ្យ​បញ្ជាក់ថា ទារិកា​រូបនេះ​មាន​សុខភាព​ប្រក្រតី​ឡើងវិញ​ហើយ បើតាម​ការពិនិត្យ​ពី​ស្ថានភាព​គ្រូពេទ្យ​មួយរូប​បញ្ជាក់ថា ទារិកា​រូបនេះ អាច​ទើបតែ​ប្រសូត​បាន​ប្រមាណ​២​ឬ​៣​ម៉ោង​ប៉ុណ្ណោះ ហើយក៏​ត្រូវ​ម្ដាយ​យកមក​ប្លុង​ចោល​តែម្ដង​។

​ក្រុមគ្រូពេទ្យ​បាន​បន្ថែមថា ​ទារិកា​រូបនេះ​ អាច​ត្រូវ​បានប្រសូត​ឡើង​នៅក្នុង​មន្ទីរពេទ្យ ឬ គ្លីនិក ត្រឹមត្រូវ​ដោយហេតុថា ទង​ផ្សិត​ទារិកា​រូបនេះ​ត្រូវបាន​វេច​ខ្ចប់ និង​ចង​យ៉ាង​ត្រឹមត្រូវ​។
​បច្ចុប្បន្ន​ទារិកា​នេះ​កំពុង​ទទួលបាន​ការសង្គ្រោះ​នៅ​មន្ទី​រពេទ្យ​កុមារ​ជាតិ​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ដើ​ម្បី​សង្គ្រោះ​ជីវិត​ ខណៈដែល​ម្តាយ​សម្រេច​បោះបង់ចោល​ដោយ​មិន​ស្តាយស្រណោះ​បន្តិច​ឡើយ​៕​

Facebook Comments

អត្ថបទទាក់ទង