យូ ឌី​ស្កូ ជិត​ដល់ពេល​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ហើយ​ ខណៈ​ជំងឺ​បាន​ធូរស្បើយ

ភ្នំពេញ ​៖ ​តារា​សម្តែង​ប្រុស​លោក​យូ ឌី​ស្កូ បន្ទាប់ពី​ចំណាយពេល​ចេញទៅ​ព្យាបាល ​និង​ធ្វើការ​វះកាត់​ប្តូរ​ក្រលៀន​នៅ​ប្រទេស​ឥណ្ឌា​មាន​រយៈពេល​ជាច្រើន​ខែ​មក​នោះ ​ពេលនេះ​អាការៈ​ជំងឺ​របស់​តារា​ប្រុស​រូប​នេះ ​បាន​វិលត្រឡប់​មក​រក​ស្ថានភាព​ដើម​វិញ​ហើយ​(​ធូរ​ស្រាល)។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ពី​អ្នក​សិល្បៈ​ស្និទ្ធស្នាល​រួម​អាជីព​ជាមួយ​គ្នា។

ប្រភព​បាន​និយាយ​ថា ​បច្ចុប្បន្ន​តារា​ប្រុស​លោក​យូ ឌី​ស្កូ​មាន​សភាព​ធូរ​ស្រាល​ច្រើនជាង​មុន​ក្រោយ​ពេលដែល​ជំងឺ​របស់​លោក​ត្រូវ​បាន​វះកាត់​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា។ ប្រភព​បាន​បន្ត​ថា ​បើ​តាម​គម្រោង​លោក យូ ឌី​ស្កូ នឹង​ត្រូវ​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ផង​ដែរ។

បើ​តាម​ប្រភព​ពី​អ្នក​សិល្បៈ​រួម​អាជីព​ដដែល​នេះ​បាន​បន្ថែម​ថា ​លោក យូ ឌី​ស្កូ ពេលនេះ​ទាំង​ទឹកមុខ​និង​សាច់ឈាម​ គឺ​មាន​ការ​ប្រែក្លាយ​ស្រស់ថ្លា​ប្រសើរ​ជាមុន​ច្រើន។ ខណៈ​លោក​ក៏បាន​បង្ហាញ​ការ​រីករាយ​ផង​ដែរ​ បន្ទាប់ពី​មានការ​ឧបត្ថម្ភ​ជួយសង្គ្រោះ​ពី​សំណាក់​សប្បុរសជន​ទាំង​ក្នុង​នៅ​ក្រៅ​ប្រទេស។

សូម​បញ្ជាក់​ថា​ ការ​ចាកចេញ​ពី​ប្រទេស​កំណើត​ដើម្បី​ស្វែងរក​សេវា​ព្យាបាល​វះកាត់​ផ្លាស់ប្តូរ​ក្រលៀន​នៅ​ប្រទេស​ឥណ្ឌា​ពី​សំណាក់​តារា​ប្រុស​លោក យូ ឌី​ស្កូ នេះ​គឺ​បន្ទាប់​លោក​ពី​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​មាន​រហូត​ខ្ទង់​ជាង​៥​ម៉ឺន​ដុល្លារ។ មិនតែប៉ុណ្ណោះ​ជីវិត​របស់​លោក យូ ឌី​ស្កូ ក៏ត្រូវ​មាន​សង្ឃឹម​ឡើងវិញ​ស្រប​ពេល​ដែល​មាន​ជំនួយ​សង្គ្រោះ​ពី​ទស្សនិកជន៕

អត្ថបទទាក់ទង