រយៈពេល​១​សប្ដាហ៍​​ ខេមរៈ សិរីមន្ត ត្រូវ​សង​សំណង​ម្ចាស់​កម្មវិធី​ប្រគំ​តន្ត្រី​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ​ដោយសារ​រវល់​បុណ្យ​សព​ប្អូនស្រី ខេមរៈ ស្រី​ពៅ

ភ្នំពេញ ​៖ ​បើ​តាមរយៈ​ការ​បង្ហើប​ព័ត៌មាន​ជំហាន​ដំបូង​ពី​ក្រុម​គ្រួសារ​តារា​ចម្រៀង​លោក​ ខេមរៈ សិរីមន្ត គឺ​គិត​ត្រឹម​រយៈពេល​១​សប្ដាហ៍​នៃ​ពិធី​បុណ្យ​សព​របស់​កញ្ញា​ខេមរៈ ស្រី​ពៅ ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​នោះ ​តារា​ប្រុស​រូប​នេះ​ អាច​នឹង​ត្រូវ​ចេញ​ប្រាក់​លើក​ថ្លៃ​សំណង​លើ​បណ្ដា​ម្ចាស់​កម្មវិធី​ប្រគំ​តន្ត្រី​នានា​មាន​រហូតដល់​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ។

ចំពោះ​ការ​ខាតបង់​ទឹកប្រាក់​ផ្ទាល់ខ្លួន​លើ​ថ្លៃ​សំណង​ដល់​ម្ចាស់​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​ចំនួន​នោះ ​ក៏​ព្រោះតែ​តារា​ចម្រៀង​លោក ខេមរៈ សិរីមន្ត និង​ក្រុម​គ្រួសារ​ចាប់តាំង​ពី​ថ្ងៃ​ទី​២៥​ ខែ​មករា ឆ្នាំ​២០១៩​រហូត​មក​ទល់​ថ្ងៃ​ទី​៣១​ ខែ​មករា​នេះ ​កំពុង​មាន​ទុក្ខ​ដ៏​ក្រៀមក្រំ​ បន្ទាប់ពី​ត្រូវ​បាន​បាត់បង់​ប្អូនស្រី កូនស្រី​ ជាទី​ស្រលាញ់​ចេញពី​ក្រុម​គ្រួសារ។

ដំណឹង​នៃ​ការបាត់បង់​(​ស្លាប់​)​តារា​ចម្រៀង​កញ្ញា​ខេមរៈ ស្រី​ពៅ​ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​បង្ហាញ​អារម្មណ៍​រន្ធត់ចិត្ត​ និង​ចូលរួម​សោកស្ដាយ​ជាមួយ​ក្រុម​គ្រួសារ​របស់​នាង​ទាំងមូល។ ជាក់ស្ដែង​បើ​ក្រឡេកមើល​ទិដ្ឋភាព​រួម​ចាប់​តាំង​ថ្ងៃ​នៃ​ទទួល​បាន​ដំណឹង​ស្លាប់​របស់​កញ្ញា​ខេមរៈ ស្រី​ពៅ បាន​ធ្វើ​ឲ្យ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែម្តង។

ដោយឡែក​បើ​ងាក​មក​ចាប់អារម្មណ៍​លើ​តារា​ចម្រៀង​លោក​ខេមរៈ សិរីមន្ត ដែល​ជា​បងប្រុស​បង្កើត​កញ្ញា ខេមរៈ ស្រី​ពៅ ឯ​ណោះ​វិញ​លោក​មិន​ត្រឹមតែ​បង្ហាញ​អារម្មណ៍​ស្រណោះ​ស្តាយ​និង​ភាព​ក្រៀមក្រំ​យំសោក​សង្រេង​ក្រោយពេល​ត្រូវ​បាត់បង់​ប្អូនស្រី​ប៉ុណ្ណោះ​ទេ​ ពោល​គឺ​ចាប់តាំង​ពី​ថ្ងៃ​ដែល ខេមរៈ ស្រី​ពៅ ទទួលមរណភាព​គឺ​តារា​រូប​នេះ​បានសម្រេច​លុបចោល​នូវ​កម្មវិធី​មួយ​ចំនួន​ដែល​ត្រូវ​ចេញ​ច្រៀង​នៅ​តាម​ឆាក​តន្ត្រី​ព្រោះ​ពេលវេលា​នេះ​គឺ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​និង​ធំធេង​បំផុត​សម្រាប់​ក្រុម​គ្រួសារ​ទាំងមូល។

ជាមួយ​គ្នា​នេះ ​បើ​តាម​ការ​បង្ហើប​របស់​សាច់ញាតិ​លោក ខេមរៈ សិរីមន្ត​បាន​និយាយ​ថា​ ចំពោះ​ចំនួន​ទឹកប្រាក់​ដែល​លោក ខេមរៈ សិរីមន្ត ត្រូវ​សង​ទៅកាន់​បណ្ដាល​ក្រុមហ៊ុន​ ដែល​បាន​អាក់ខាន​ក្នុង​ការ​ឡើង​ច្រៀង​នោះ​ គឺ​អាច​ចន្លោះ​ជាង​១​ម៉ឺន​ដុល្លារ​ រហូតដល់​២​ម៉ឺន​ដុល្លារ។ ប៉ុន្តែ​ចំនួន​ជាក់លាក់​មិនទាន់​ត្រូវ​បាន​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ៕

 

អត្ថបទទាក់ទង