រឿងធំ​ហើយ!​ លោក​ស្រេង សុខា​ ​ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រកាស​ចាត់វិធានការ​ស៊ើប​អង្កេត

Spread the love

ភ្នំពេញ​ ៖​ ទីបំផុត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) បាន​ប្រកាសថា ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ និង បំណុល​របស់លោក ស្រេង សុខា ដែលជា​ស្នងការរង​ខេត្តកណ្តាល។ ខណៈដែល​ករណី​នៃ​ការស៊ើបអង្កេត​ទ្រព្យសម្បត្តិ និង​បំណុល​របស់លោក គឹម រស្មី អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ជិត​ចប់​ហើយ​នោះ។

បើ​យោងតាម​សេចក្តីជូនដំណឹង​របស់ ACU​បាន​ឲ្យ​ដឹងថា ​ចំពោះ​ការស៊ើបអង្កេត ACU​បាន​ពិនិត្យ​ទ្រព្យសម្បត្តិ និង​បំណុល​របស់លោក គឹម រស្មី ពេលនេះ​គឺ​ជិត​ចប់​ហើយ​និង​ក៏បាន​ពិនិត្យ​ទ្រព្យសម្បត្តិ បំណុល​ភរិយា​របស់លោក គឹម រស្មី និង​កូន​៣​រូប​របស់លោក គឹម រស្មី រួចរាល់​ហើយ។

នៅក្នុង​សេចក្តីជូនដំណឹង​ដដែល​ក៏បាន​បញ្ជាក់​បន្ថែមថា ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ចាប់ផ្តើម​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ និង បំណុល​របស់លោក​ស្នងការ​រង ស្រេង សុខា​ដូចគ្នា​នឹង​លោក គឹម រស្មី ផងដែរ។ ការប្រកាស​វិធានការ​ក្តៅ​របស់​ACU​នា​ពេលនេះ​ គឺធ្វើឡើង​ ខណៈដែល​ថ្មីៗ​នេះ មានការ​ផ្សព្វផ្សាយ​នៅលើ​បណ្ដាញ​សារព័ត៌មាន​ពាក់ព័ន្ធ​ទៅនឹង ពិធី​ភ្ជាប់​ពាក្យ​របស់លោក​ឧត្ដមសេនីយ៍ត្រី ស្រេង សុខា ជា​មួយគូ​ដណ្ដឹង​វ័យក្មេង​ម្នាក់​ស្ថិតនៅ​តំបន់​អ្នក​លឿង ត្រើយ​ខាងកើត​ដោយ​ប្រភព​បាន​បញ្ជាក់ថា ​លោក​ជូន​ថ្លៃ​ជំនូន​ឪពុកម្ដាយ​ខាង​ស្រី​ចំនួន​១០​ម៉ឺន​ដុល្លារ រួមទាំង​មាន​គ្រឿងអលង្ការ​សុទ្ធតែ មាស ពេជ្រ និង​រថយន្ត លុច​ស៊ី​ស​៥៧០ ដ៏​ថ្មី​សន្លាង​មួយគ្រឿង ដែលមាន​តម្លៃ​២២​ម៉ឺន​ដុល្លារ ទៀតផង។

ចំពោះ​ព័ត៌មាន​ខាងលើ ត្រូវបាន​បង្ហោះ រួច​ស៊ែរ​ពេញ​សង្គម​ព័ត៌មាន Facebook ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​មួយចំនួន រហូត​មានការ​រិះគន់ ហើយ​មាន​បងប្អូន មិត្ត​ភ័ក្ដិ​ខ្លះទៀត​បាន​ផ្ញើ​សារ​ជូនពរ​ដល់​ក្រុមគ្រួសារ​របស់លោក​ទាំង​ពីរ​ទៀតផង។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក​ឧត្ដមសេនីយ៍ត្រី ស្រេង សុខា បាន​បំភ្លឺ​រឿងរ៉ាវ​ខាងលើ​ថា លោក​ជាមួយនឹង​គូ​ដណ្តឹង មានការ​ហួសចិត្ត​ជាខ្លាំង ដោយ​ការចុះ​ព័ត៌មាន មិន​ដឹងបាន​ប្រភព​មកពីណា​ខ្លះ​ទេ ព្រោះ​លោក​មិនបាន​ផ្តល់​ទៅ​ឲ្យ​អ្នកសារព័ត៌មាន​ឲ្យ​ដឹងផង ហើយក៏​មិនបាន​បង្ហោះ​ចូលទៅក្នុង​គណនេយ្យ​Facebook របស់លោក​ដែរ​។ រីឯ​នៅក្នុង​ពិធី​ភ្ជាប់ពាក្យ កាលពី​ព្រឹក​ថ្ងៃទី​២៤​កុម្ភៈ លោក​អត់​មាន​ប្រកាស​ជា​សាធារណៈ​រឿង​ថ្លៃ​ជំនូន​ជូន​ខាង​ស្រី​ចំនួន​ប៉ុន្មាន​ដែរ គឺ​យើង​ធ្វើ​ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ មាន​មេបា​ទទួល​ដឹងឮ ហើយក៏​មិនបាន​ហៅភ្ញៀវ​គគ្រឹកគគ្រេង​នោះដែរ ដោយ​ធ្វើ​ពិធី​ជាធម្មតា សាមញ្ញ នៅផ្ទះ​ខាង​ស្រី។

ចំណែក​រឿង​ឲ្យ​ថ្លៃ​ជំនូន​វិញ ដែល​ចុះផ្សាយ​ថា​លោក​ជូន​ខាង​ស្រី មាន​ប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ គ្រឿងអលង្ការ មាស ពេជ្រ និង​រថយន្ត​លុច​ស៊ី​សត​ម្លៃ​ជាង​២០​ម៉ឺន និង​បាន​ចោទ​លោក​ថា​មិន​ដឹងបាន​ប្រាក់​មកពីណា​នោះ លើសពីនេះ​សុទ្ធតែ​ឲ្យ អង្គភាព​ប្រឆាំង​អំពើពុករលួយ​តាមដាន​ស្រាវជ្រាវ​ការងារ​របស់លោក​ថា រកស៊ី​អី​ខ្លះ​បានជា​មាន​ម្ល៉េះ នៅពេល​ដឹង​ដំណឹង​នេះ លោក​សម្តែង​ការហួសចិត្ត​តែម្ដង បាន​អ្វី មុននឹង​ធ្វើការ​ផ្សព្វផ្សាយ​អាច​សួរ​លោក​មួយ​ម៉ាត់ ស្រាប់តែ​ចេញ​ជា​ព័ត៌មាន​ព្រោងព្រាត ដោយ​សាមីខ្លួន​ទាំងពីរ​អត់​បានដឹង សូម្បីតែ​បន្តិច។

លោក​បាន​បញ្ជាក់ថា ក្រៅពី​មុខងារ​តួនាទី​លោក​ជា​ស្នងការរង​ខេត្តកណ្តាល ទទួល​ផែន​អប់រំ​ផ្សព្វផ្សាយ​ទាក់ទង​ជាមួយ​ការងារ​សុខាភិបាល​, បច្ចុប្បន្ន លោក​បាន​បើក​មុខរបរ​រកស៊ី​តាំងពី​ឆ្នាំ​២០០០ មកម្ល៉េះ មាន​បើក​ផ្ទះសំណាក់ ទិញ​លក់​រថយន្ត និង​មុខរបរ​ទិញ​លក់​អចលនទ្រព្យ​មួយចំនួន​ផងដែរ ដោយមាន​ជួល​មេការ បុគ្គលិក ត្រឹមត្រូវ មិន​ពាក់ព័ន្ធ​ជាមួយ​ការងារ​រដ្ឋ​នោះទេ​។​

លោក​បន្តថា ពីមុន លោក​ធ្លាប់មាន​គ្រួសារ​ដែរ តែ​រួមរស់​មិន​ចុះសម្រុង​នឹង​គ្នា ក៏បាន​ចែកផ្លូវ​គ្នា ទៅ បន្ទាប់មក ខ្ញុំ ក៏បាន​មាន​និស្ស័យ​ជាមួយ​កញ្ញា​ម្នាក់ ជា​កូនចៅ​អ្នក​ខេត្តព្រៃវែង ដោយ​ឪពុកម្ដាយ​នាង​មានមុខ​របរ​លក់​គ្រឿងអគ្គិសនី​ធំ​មួយ​ដែរ នៅ​ផ្សារ​អ្នក​លឿង ហើយ​គាត់​ក៏​ចូល​ស្ដីដណ្ដឹង​នាង ដោយ​ជូន​ថ្លៃ​បណ្ដា​ការ​ចំនួន​៥​ម៉ឺន​ដុល្លារ​ទេ ហើយ​ខាង​ស្រី ក៏​ព្រម​ទទួលយក​ដោយ​ពេញចិត្ត និង​បាន​បន្ថែម​ប្រាក់​ទៅ​ជំនូន​៥​ម៉ឺន​ដុល្លារ​ពីលើ សរុប​១០​ម៉ឺន និង​គ្រឿងអលង្ការ​មួយឈុត​ជា​របស់​ខាង​ស្រី​ទេ រីឯ​រឿង​ឲ្យ​រថយន្ត​លុច​ស៊ី​ស​ថ្មី​មួយគ្រឿង​នោះ គាត់​អត់​ដឹង​នោះទេ ដូចនេះ​សូម​បងប្អូន​កុំ​យល់ច្រឡំ៕

Facebook Comments

អត្ថបទទាក់ទង