រំជួលចិត្ត​ ក្រោយ​ស្ដាប់​នាយ សាន ម៉ៅ រៀបរាប់​ពី​សភាព​ជំងឺ

Spread the love

ភ្នំពេញ ​៖​ តារា​កំប្លែង​នាយ សាន ម៉ៅ ថ្មីៗ​នេះ​ បាន​ធ្លាក់ខ្លួន​ឈឺ​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ។ ខណៈ​គិត​មក​ទល់​ពេល​នេះ​ ស្ថានភាព​ជំងឺ​របស់​លោក​ នៅ​មិនទាន់​ធូរស្រាល​នៅឡើយ។ នេះ​បើ​តាម​ការ​ប្រាប់​ពី​ក្រុម​គ្រួសារ​នាយ សាន ម៉ៅ។

ទន្ទឹមគ្នានេះ​លោក អ៊ឹម ជីវ៉ា ដែល​តែង​លេច​មុខ​គ្រា​ដែល​សិល្បករ​ខ្មែរ​មាន​ជំងឺ​ឬ​មានទុក្ខ​នោះ​ បាន​បញ្ជាក់​ឲ្យ​ដឹងថា​ លោក​ពិត​ជាមាន​ក្តី​អាណិតអាសូរ​ដល់​នាយ សាន ម៉ៅ ណាស់​ក្រោយពី​បានឮ​សម្តី​រៀបរាប់​របស់គាត់​។​ ដោយ​នាយ សាន ម៉ៅ សុំ​លោក​កុំ​ឲ្យ​បង្ហើរ​ព័ត៌មាន​នេះ​ឲ្យ​មហាជន​បានដឹង​ព្រោះ​មិន​ចង់​ឲ្យ​ពួកគាត់​ដៀល​អ្នកសិល្បៈ។

តារា​សម្តែង​លោក អ៊ឹម ជីវ៉ា បាន​និយាយ​បន្តថា​ ស្តាប់​អារម្មណ៍​នាយ សាន ម៉ៅ មាន​អារម្មណ៍​ថា​ក្តុកក្តួល​ណាស់។ យប់មិញ​នាយ សាន ម៉ៅ បាន​ប្រាប់​ខ្ញុំ​ ដោ​យសំឡេង​ខ្សាវៗ​ថា ​នាយ​បានមក​សម្រាក​នៅ​មន្ទីរ​ពេទ្យ​មាន​រយៈពេល​២​ថ្ងៃ​ហើយ​ តែ​មិន​ហ៊ាន​ប្រាប់​ឲ្យ​គេ​ដឹង​ទេ​ ព្រោះ​កុំ​ឲ្យ​ខ្មាស​គេ​កុំ​ឲ្យ​គេ​ដៀល​ថា​សិល្បៈ​ពេល​ឈឺ​ប្រកាស​រក​ជំនួយ។

លោក អ៊ឹម ជីវ៉ា បាន​បន្តថា​ នាយ សាន ម៉ៅ បាន​ប្រាប់​ខ្លួន​ថា​អូន ជីវ៉ា គ្រាន់តែ​ប្រាប់​អ្នកសិល្បៈ​គ្នា​យើង​ឲ្យ​ដឹង​ទៅបាន​ហើយ​បើទោះបី​បង​អត់លុយ​បង​សុខចិត្ត​លក់​ឡាន​របស់​បង​ព្យាបាល​ជំងឺ​។ ​កុំ​ឲ្យ​អ្នក​សិល្បៈ​គេ​ដៀល​ដល់​អ្នក​សិល្បៈ​យើង បង​សុខចិត្ត​ធ្វើ​ទៅតាម​លទ្ធភាព​បាន​ប៉ុណ្ណា​ គឺ​យក​ប៉ុណ្ណឹង​ចុះ។ យើង​ជា​មនុស្ស​ធ្វើ​ឲ្យ​មហាជន​សប្បាយ​អញ្ចឹង​ហើយ​ពេល​យើង​ឈឺ​ក៏​កុំទៅ​ធ្វើ​ឲ្យ​គេ​ទើស​ចិត្ត​ដែរ។

សូម​បញ្ជាក់​ថា​ តារា​កំប្លែង​នាយ សាន ម៉ៅ បច្ចុប្បន្ន​កំពុង​សង្គ្រោះ​បន្ទាន់​ដំណាក់កាល​ធ្ងន់ធ្ងរ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ​ដោយសារ​ជំងឺ​ទឹក​ចូក​ក្នុង​សួត​និង​បេះដូង​រួម​ជាមួយ​ជំងឺ​ទឹកនោមផ្អែម​ផងដែរ៕

Facebook Comments

អត្ថបទទាក់ទង