លោក​អេង ឆៃអ៊ាង​ ថា​ ​លោក ហង្ស ជួនណា​រុន ​មាន​ចរិត​សាហាវ​ព្រៃផ្សៃ​ដូច​ខ្មែរក្រហម

Spread the love

ភ្នំពេញ​ ៖​ លោក​អេង ឆៃអ៊ាង​ ​អនុប្រធាន​អតីត​ គណបក្ស​សង្គ្រោះ​ជាតិ ​បាន​លើក​ឡើង​ថា ​​​​​​រដ្ឋមន្ត្រី​ទាំងអស់​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន មានតែ​លោក ហង្ស ជួនណា​រុន ម្នាក់​គត់ មាន​ចរិត​សាហាវ​ព្រៃផ្សៃ​ដូច​ខ្មែរក្រហម គឺ​ឲ្យ​តែ​ដឹង​ថា បុគ្គលិក ឬ គ្រូបង្រៀន​រូប​ណា ដែល​បាន​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​លុបឈ្មោះ​ចេញពី​ក្រប​ខណ្ឌ​រដ្ឋ។

មន្ត្រី​ជាន់​ខ្ពស់​ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​អេង ឆៃអ៊ាង ​បាន​លើក​ឡើង​​បែប​នេះ ​តាមរយៈ​ផេក​របស់​លោក ​ដែល​មាន​ឈ្មោះ​ថា «Eng Chhai Eang» ​កាល​​ពី​វេលា​ម៉ោង​១១​និង​០៦​នាទី​ព្រឹក ​ថ្ងៃ​ទី២០ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៨ ​ក្រោយ​ពី​ទទួល​ដំណឹង​ថា ​​មាន​​​លុប​ឈ្មោះ​​មន្ត្រី​បក្ស​ប្រឆាំង​​ ​ចេញ​ពី​គ្រូ​បង្រៀន។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ ​កាល​ពី​ថ្ងៃ​ទី១៤ ​ខែ​កុម្ភៈ​បាន​ឲ្យ​ដឹង​ថា ​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប​ ដែល​ជា​គ្រូបង្រៀន​ចំនួន​៤​រូប​​​ ​​​រួមមាន ឈ្មោះ ពៀត ម៉ាប់ ច័ន្ទ សុភា ហុង សុខជា និង​ឈ្មោះ មុត មល្លា ជា​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ ដែល​ទើប​បញ្ចប់​តំណែង​ដោយសារ​ការ​រំលាយ​គណបក្ស ក្នុង​នោះ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ចំនួន២​រូប ក្រុមប្រឹក្សា​ស្រុក ១​រូប និង​សមាជិក​ក្រុម​ប្រឹក្សាឃុំ​មួយ​រូប ​បាន​ទទួល​ដំណឹង​ថា ពួកគេ​ត្រូវ​បាន​ក្រសួង​អប់រំ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​គ្រូបង្រៀន​រួចហើយ ប៉ុន្តែ​មិនទាន់​ប្រកាស​ជា​ផ្លូវការ។

ឆ្លើយតប​នឹង​បញ្ហា​នេះ​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​សៀមរាប លោក សយ ទិត្យាវង្ស មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ខាង​លោក​មិនទាន់​ទទួល​ឯកសារ​ពី​ការ​លុប​ឈ្មោះ​របស់​គ្រូបង្រៀន​ទាំង​នៅឡើយ​ទេ។ ទោះជា​យ៉ាងណា លោក​ក៏​មិន​ចាប់អារម្មណ៍​ចំពោះ​ការ​លុបឈ្មោះ​គ្រូបង្រៀន​ទាំង ៤​រូប​ចេញពី​ក្របខ័ណ្ឌ​នោះ​ដែរ៖ «​ទេ! ទៅ​ភ័យ​អី​បើ​លុប​ក៏​លុប​ទៅ បើ​ធ្វើការ​ក៏​ធ្វើ​ទៅ​មិនបាច់​ភ័យ​អី​! ហើយ​បើ​ខ្ញុំ​ឃើញ​សេចក្ដី​ប្រកាស​របស់​ក្រសួង​ខ្ញុំ​ថា​ឃើញ តែ​អត់​ទាន់​ឃើញ»៕

Facebook Comments

អត្ថបទទាក់ទង

Leave a Comment